ជាតិ
អ្នកជំនាញ​ស្នើឱ្យម្ចាស់ភោជនីយដ្ឋាន កែច្នៃម្ហូបខ្មែរ និងម្ហូបតាមតំបន់ ទទួលទេសចរបរទេ​ស
26, Sep 2021 , 11:59 am        
រូបភាព
ដោយ:
ភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួន​ កំពុងពង្រឹងសេវាកម្ម និងផលិតផល ដើម្បីស្របតាមគម្រោងទទួលទេសចរណ៍វ៉ាក់សាំង។ អ្នកជំនាញ លើកទឹកចិត្តឱ្យអ្នកបម្រើសេវាកម្មម្ហូបអាហារ គិតគូរកែច្នៃម្ហូបខ្មែរ ទទួលទេសចរអន្តរជាតិ ដើម្បីផ្សព្វផ្សាយ និងលើកតម្កើងម្ហូប​ខ្មែរ។


 
ម្ហូបខ្មែរ មានច្រើនប្រភេទខុសៗគ្នា។ ម្ហូបខ្មែរមួយចំនួនធំ មានលក់នៅតាមផ្សារ និងភោជ​នីយ​ដ្ឋាន ដែលទទួលភ្ញៀវជាតិ។ ភោជនីយដ្ឋាន ដែលទទួលភ្ញៀវអន្តរជាតិ ក៏មានលក់ម្ហូបខ្មែរតិចតួចដែរ​។  ផ្ទុយទៅវិញទេសចរបរទេស មួយចំនួនចូលមកកម្ពុជា គឺចង់ស្គាល់ពីម្ហូប និងរបៀបរស់នៅរបស់ប្រជាជនខ្មែរ។


លោកស្រី ខៃ​ ចិន្តា អនុប្រធានសមាគមសណ្ឋាគារកម្ពុជា
 
លោកស្រី ខៃ ចិន្តា អនុប្រធានសមាគមសណ្ឋាគារ លើកឡើងថាអំឡុងពេលកម្ពុជាត្រៀមបើកទេសចរណ៍វ៉ាក់សាំង អាជីវករគួរយកផលិតផលខ្លួនមកបង្ហាញឱ្យអស់លទ្ធភាព ដើម្បីជំរុញទេសចរបរទេស។ ជាមួយគ្នានេះ លោកស្រីបន្តថាម្ហូបខ្មែរ និងម្ហូបតាមតំបន់ ក៏គួរយកមកបង្ហាញទេសចរបរទេសដែរ។
 
«កាលណាយើងបានផ្សព្វផ្សាយដល់ទេសចរ គាត់ចង់ទៅកម្សាន្តនៅតំបន់នោះ។ ការរៀបចំ ជាមួយនឹងការច្នៃ គឺល្អមែនទែន ព្រោះក្នុងជីវិតរបស់យើងការដើរលេងជាចំណីចក្ខុ។ ចំ​ណែកម្ហូបចំណីអាហារល្អ វាក៏ជារឿងសំខាន់មួយទៀតដែលមិនអាចខ្វះបាន។ អ៊ីចឹងការយកម្ហូបខ្មែរមកបង្ហាញទេសចរអន្តរជាតិ នឹងចូលរួមទាក់ទាញទេសចរ ទៅតាមតំបន់នីមួយ ដែលមានម្ហូបខុសៗគ្នា»។ នេះជាការបញ្ជាក់របស់ លោកស្រី ខៃ ចិន្តា។
 
លោកស្រីបន្ថែមថា ការលក់ម្ហូបខ្មែរតាមរមណីយដ្ឋាននីមួយៗ សម្រាប់ទេសចរបរទេស អា​ច​ទាក់ទាញទេសចរជាតិ និងអន្តរជាតិ។  ជាពិសេសការបង្ហាញម្ហូបខ្មែរក៏បានចូលរួមផ្សព្វផ្សាយ ម្ហូបតាមតំបន់ និងលើកតម្កើងអត្តសញ្ញាណជាតិ។ 
 
ជាមួយគ្នានេះ លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា​ និងជាកំពូលចុងភៅមួយរូបនៅកម្ពុជា ក៏បានលើកឡើងថាភោជនីយដ្ឋានមួយចំនួន មានបម្រើសេវាកម្មម្ហូបខ្មែរ សម្រាប់ទទួលភ្ញៀវជាតិ​ និងអន្តរជាតិ តែក៏មានភោជនីយដ្ឋានខ្លះ មិនសូវយកចិត្តទុកដាក់លើម្ហូបខ្មែរដែរ។ ផ្ទុយទៅវិញ លោកយល់ថាការដាក់ម្ហូបខ្មែរ​ ទទួលទេសចរបរទេស អាចទាក់ទាញភ្ញៀវបាន ព្រមទាំងចូលរួមលើកតម្កើងម្ហូបខ្មែរ។ 
 
អ្នកជំនាញម្ហូបអាហាររូបនេះ បញ្ជាក់ដូច្នេះ៖«ចុងភៅខ្លះ បានចូលរៀនជំនាញចុងភៅ។ អ៊ី​ចឹងគាត់ធ្វើទៅបានល្អ។ ប៉ុន្តែអ្នកខ្លះ ចេះតែយកម្ហូបផ្សេងមកកុហកគេថាម្ហូបខ្មែរ នោះវាមិនត្រឹមត្រូវទេ។ ចំណែកភោជនីយដ្ឋានខ្លះ គាត់ពូកែធ្វើម្ហូបអី គាត់យកម្ហូបនោះមកច្នៃឱ្យមានភាពទាក់ទាញ នោះភ្ញៀវបរទេស គាត់មានឱកាសភ្លក់ម្ហូបទាំងអស់នោះ»។


លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា
 
ជាមួយគ្នានេះ លោក លូ ម៉េង បានមើលឃើញថា ភោជនីយដ្ឋាន និងសណ្ឋាគារ ប្រមាណ ៥០-៦០ភាគរយ បានត្រៀមខ្លួន និងពង្រឹងសេវាកម្មរបស់ខ្លួនឡើងវិញ ដើម្បីត្រៀមទទួលទេសចរបរទេស តាមរយៈគម្រោង បើកទេសចរណ៍វ៉ាក់សាំង ចុងឆ្នាំនេះ។
 
សូមរម្លឹកថា សម្ដេច ហ៊ុន សែន បានថ្លែងកាលពីព្រឹកថ្ងៃទី១៧ កញ្ញា ថា ភ្ញៀវទេសចបរទេស ដែលបានចាក់វ៉ាក់សាំងហើយ ត្រូវធ្វើចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះ ពោលគឺមិនឱ្យនៅដោយឡែក១៤ ឬ២១ថ្ងៃ ដូចមុនឡើយ។
 
ការបន្ថយថ្ងៃចត្តាឡីស័កនេះ អាចសម្រួលឱ្យភ្ញៀវទេសចរមកកម្ពុជា មិនចាំបាច់ចត្តាឡីស័ក នៅតែក្នុងសណ្ឋាគារដូចមុនដែរ។ ទេសចរទាំងនោះ អាចធ្វើដំណើរទស្សនានៅក្នុងតំបន់ទេសចរណ៍នៅកម្ពុជា តាមរយៈការរៀបចំរបស់អាជ្ញាធរ។
 
ជាមួយគ្នានេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ភ្ញៀវទេសចរក្នុងស្រុក ក៏កំពុងដើរលេងកម្សាន្តច្រើននៅក្នុងបរិបទកូវីដ-១៩នេះ ដែលជាផ្នែកមួយបង្ហាញថា ទេសចរណ៍ផ្ទៃក្នុងកំពុងរីកចម្រើនផងដែរ៕


រូបភាពពី៖ ក្រសួងទេសចរណ៍


Tag:
 ម្ហូបខ្មែរ
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com