COVID-19
ជាតិ
ពលរដ្ឋនៅកម្ពុជាជាង១៣លាននាក់ហើយ បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
26, Sep 2021 , 3:10 pm        
រូបភាព
កុមារីកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ នៅមណ្ឌលសុខភាពទឹកថ្លា។ រូបភាពដោយ៖ ឈន សុផាត
កុមារីកំពុងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​ នៅមណ្ឌលសុខភាពទឹកថ្លា។ រូបភាពដោយ៖ ឈន សុផាត
ភ្នំពេញ៖ កម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋជាង ១៣លាននាក់ ស្មើនឹង៨១,៥៧ភាគរយ នៃចំនួនពលរដ្ឋសរុប១៦លាននាក់។ ក្នុងចំណោមពលរដ្ឋដែលបានចាក់វ៉ាក់សាំងនេះ  មានជាង ៩,៨លាននាក់ ជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង, ជាង១,៧លាននាក់ ជាពលរដ្ឋដែលមានអាយុពី១២-១៨ឆ្នាំ និងជាង ១,៤លាននាក់ ជាកុមារអាយុពី៦-១២ឆ្នាំ។


 
គិតត្រឹមថ្ងៃទី២៥ កញ្ញា កម្ពុជា សម្រេចផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋ ដែលមានពី១៨ឆ្នាំឡើង បាន ៩៨.៧៦ភាគរយ និងផែនការចាក់វ៉ាក់សាំងដល់យុវជនដែលមានអាយុពី១២-១៨ឆ្នាំ បាន ៨៨.៩៨ភាគរយ។ ដោយឡែក ផែនការចាក់វ៉ាក់សាំងសម្រាប់កុមារអាយុពី៦-១២ឆ្នាំ កម្ពុជា សម្រេចបាន ៧៥.១២ភាគរយ។  
 
របាយការណ៍របស់អនុគណៈកម្មការតាមដាន និងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បង្ហាញថា កម្ពុជាមានពលរដ្ឋសរុប ១៣,០៥០,៩០៦នាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្មើនឹង ៨១.៥៧ភាគរយ នៃពលរដ្ឋសរុប១៦លាននាក់។  បើតាមរបាយការណ៍ដដែល ក្នុងចំណោមពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  គឺមានជាង ៨លាននាក់ បានចាក់ដូសទី៣ និងជាង ១០លាននាក់ ចាក់ដូសទី២ ខណៈមានកុមារពីអាយុ៦-១២ឆ្នាំ ជាង ១,៤លាននាក់ បានចាក់វ៉ាក់សាំងដូសទី១៕

Tag:
 COVID-19
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com