ជាតិ
មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន ត្រៀមខ្លួនទទួល«ទេសចរវ៉ាក់សាំង»
26, Sep 2021 , 7:29 pm        
រូបភាព
ការជួបជុំមគ្គុទេ្ទសក៍ទេសចរណ៍ ក្នុងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា មុនការរីករាលដាលនៃជំងឺកូវីដ-១៩។ រូបភាពពីលោក ទៀ គីឡេង
ការជួបជុំមគ្គុទេ្ទសក៍ទេសចរណ៍ ក្នុងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា មុនការរីករាលដាលនៃជំងឺកូវីដ-១៩។ រូបភាពពីលោក ទៀ គីឡេង
ដោយ:
សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា កំពុងប្រមូលសមាជិកត្រឡប់មកវិញ ដើម្បីត្រៀមខ្លួនទទួលភ្ញៀវទេសចរបរទេស ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួច។ គម្រោងទទួលទេសចរណ៍វ៉ាក់សាំង បានក្លាយជាក្ដីសង្ឃឹមថ្មីរបស់មគ្គុទ្ទេសក៍ទេស ចរណ៍ភាសាចិន ដែលបានបាត់បង់ការងារប្រមាណ២ឆ្នាំហើយ ដោយសារជំងឺកូវីដ-១៩។


 
សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា មានសមាជិកសរុប ៨២៧នាក់ ក្នុងនោះស្ត្រី ១៣៧នាក់។ សមាជិកមួយចំនួនធំបានចាកឆ្ងាយពីជំនាញ ទៅធ្វើការសំណង់ អ្នកដឹកជញ្ជូន និងប្រកបរបរផ្សេងទៀត ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ក្រោយជំងឺកូវីដ-១៩ ធ្វើឱ្យប៉ះពាល់ការងារពួកគេ។
 
ការទន្ទឹងរង់ចាំការត្រឡប់មកដើរកម្សាន្តវិញ របស់ទេសចរបរទេសក្នុងប្រទេសកម្ពុជា ចាប់ផ្ដើមមានពន្លឺឡើងវិញ ក្រោយសម្ដេច ហ៊ុន សែន ប្រកាសពីគម្រោងបើកទេសចរ វ៉ាក់សាំង ដែលក្នុងនោះទេសចរចិន ជាទីផ្សារចម្បង។ លោក ទៀ គីឡេង ប្រធានសមាគមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន សាទរចំពោះគម្រោងបើកទេសចរវ៉ាក់សាំងរបស់រដ្ឋាភិបាល។ លោកកំពុងអំពាវនាវ ឱ្យសមាជិកត្រៀមខ្លួន ត្រឡប់មកវិញ។ បើតាមលោក ទៀ គីឡេង សមាជិកមួយចំនួន យល់ព្រមត្រឡប់មកវិញ ខណៈមគ្គុទេ្ទសក៍មួយចំនួនទៀត កំពុងពិចារណា។


លោក ទៀ គីឡេង ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា
 
លោក ទៀ គីឡេង បញ្ជាក់យ៉ាងដូច្នេះ៖ «មកទល់បច្ចុប្បន្នមគ្គុទ្ទេសក៍ទេសចរ ដែលធ្វើការផ្សេងគាត់មិនទាន់ឈប់ធ្វើ ហើយមករង់ចាំទេសចរជនជាតិចិនទេ។ ពួកគាត់គិតថា ការបើកទទួលទេសចរ ចាក់វ៉ាក់សាំង ជាពិសេសជនជាតិចិន មិនទាន់មានភាពច្បាស់លាស់ថា មានចំនួនប៉ុន្មាននៅឡើយ។ សម្រាប់អ្នកមិនទាន់មានការងារផ្សេងធ្វើ យើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលទេសចរចិន»។
 
បើតាមប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍រូបនេះ សមាជិកក្នុងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន ភាគច្រើនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់។ ចំណែកអ្នកមិនទាន់បានចាក់វ៉ាក់សាំង ក៏កំពុងត្រៀមទៅទទួលវ៉ាក់សាំងក្នុងមូលដ្ឋានខ្លួនផងដែរ។
 
កាលពីថ្ងៃទី២២កញ្ញា ក្រសួងទេសចរណ៍ បានជូនដំណឹងឱ្យមគ្គុទ្ទេសក៍ទេសចរ ទាំងអស់ត្រៀមខ្លួនឡើងវិញដើម្បីត្រៀមទទួលទេសចរ តាមគម្រោងបើក«ទេសចរណ៍វ៉ាក់សាំង»។ ក្រសួងបានអំពាវនាវឱ្យមគ្គុទេសក៍ទេសចរ បន្តអាជ្ញាបណ្ណមគ្គុទ្ទេសក៍ និងចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស។ ដោយឡែកសម្រាប់អ្នកមិនទាន់ចាក់វ៉ាក់កូវីដ-១៩ នឹងមិនអនុញ្ញាតឱ្យផ្ដល់សេវាកម្ម ដល់ភ្ញៀវទេសចរនោះទេ៕
 

Tag:
 ThmeyThmey25
  មគ្គុទេ្ទសក៍ទេសចរណ៍
  ទេសចរវ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com