អន្តរជាតិ
ករណីជំងឺគ្រុនផ្ដាសាយធំនៅអូស្ត្រាលី បានធ្លាក់ដល់កម្រិតទាបបំផុត​ក្នុងឆ្នាំ២០២១
26, Sep 2021 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្នុងឆ្នាំ២០២១ ករណីឆ្លងជំងឺគ្រុនផ្ដាសាយធំនៅអូស្ត្រាលី មានចំនួនតិច​បំផុតបើប្រៀបធៀបនឹងឆ្នាំមុនៗ។  ប៉ុន្តែអ្នកជំនាញបានបញ្ជាក់ថា ជំងឺគ្រុនផ្ដាសាយធំ នឹងផ្ទុះឡើង​ម្តងទៀត នៅពេលបើកការធ្វើដំណើរឆ្លងប្រទេសជាថ្មី។ ដើម្បីដោះស្រាយបញ្ហាមួយនេះ​នាពេលអនាគត  ការទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺផ្ដាសាយធំ គឺជាដំណោះស្រាយ​តែមួយគត់​ដែលល្អ​បំផុត ក្នុងការការពារជំងឺឆ្លង។

 
មុនពេលផ្ទុះជំងឺកូវីដ-១៩ មន្ទីរពិសោធន៍នៅអូស្រ្តាលី បានរាយការណ៍ ករណី​គ្រុនផ្តាសាយធំ ក្នុង​ឆ្នាំ២០១៩ បានឈានដល់កម្រិតខ្ពស់បំផុត ដោយមានចំនួន៣១៣០៣៣​ករណី ពោល​គឺ​ខ្ពស់​ជាង២,៧ដងនៃចំនួនអ្នកឆ្លងជាមធ្យម ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ។ ចំណែក​ចំនួន​អ្នក​ស្លាប់​ច្រើន​បំផុតមាន៩៥៣នាក់ឯណោះ។ ក្នុងឆ្នាំ២០២១ ករណីឆ្លងជំងឺផ្តាសាយធំមាន៤៨៤នាក់ ​និងមិន​ទាន់​អ្នក​ស្លាប់ឡើយ។ នេះជាកំណត់ត្រានៃការឆ្លងជំងឺ​ផ្តាសាយធំទាបបំផុតប្រចាំឆ្នាំនៅអូស្ត្រាលី។ 
 
«ដរាបណាការរឹតត្បិតការធ្វើដំណើរក្នុងបរិបទកូវីដ-១៩ ត្រូវបានអនុវត្ត ​ហើយព្រំដែនអន្តរ​ជាតិ​ត្រូវ​បានបិទ យើងឃើញមានការថយចុះគួរឱ្យកត់សម្គាល់ចំពោះករណីឆ្លងជំងឺគ្រុន​ផ្តាសាយធំ»។ លោក Ian Barr អនុប្រធានមជ្ឈមណ្ឌលសហប្រតិបតិ្តការរ​បស់​អង្គការ​សុខភាព​ពិភពលោក​សម្រាប់​ការ​ស្រាវជ្រាវ និងឯកសារយោងស្តីពីជំងឺគ្រុនផ្តាសាយធំបានលើកឡើងបែបនេះ។ លោកបន្តថា ការ​បិទ​សាលារៀន ក៏ជាផ្នែកមួយនៃហេតុផល​ធ្វើឱ្យចំនួន​ករណីឆ្ល​ង​ធ្លាក់ទាបដែរ។ 
 
ទន្ទឹមនេះ លោកស្រី Kirsty Short សាស្ត្រាចារ្យសិក្សាផ្នែកវីរុសនៃសាកលវិទ្យាល័យ Queensland បានយល់ថា មូលហេតុចម្បងនៃការថយចុះករណីជំងឺផ្តាសាយ គឺដោយសារការបិទព្រំដែនអន្តរជាតិ​តែម្ដង។
 
តាមពិត វិធានការដែលកំពុងអនុវត្តដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ដូចជា វិធានការរក្សា​គម្លាតសង្គម វិធានការក្សាអនាម័យ និងការដាក់បម្រាមធ្វើដំណើរឆ្លងដែនជាដើមនេះ​ក៏បានប្រឆាំងនឹងការចម្លងវីរុសនៃជំងឺផ្តាសាយធំដែរ។ លោក Barr បានប៉ាន់ស្មានថា ជំងឺផ្តាសាយ​ធំ អាចនឹងមានករណីឆ្លងកើនឡើង នៅ​ពេលការធ្វើដំណើរឆ្លងប្រទេសបើកធម្មតា ស្របគ្នានឹងរដូវរងាមកដល់ថែមទៀត។​
 
ដូច្នេះ ការចាក់វ៉ាក់សាំងបង្ការជំងឺគ្រុនផ្តាសាយ គឺជាវិធីការពារ​ដ៏ល្អបំផុតសម្រាប់មនុស្ស​គ្រប់គ្នាប្រឆាំងនឹងការឆ្លងឡើងវិញនៃជំងឺផ្តាសាយធំ នាពេលអនាគត៕ 
 

Tag:
 ជំងឺគ្រុនផ្តាសាយ
© រក្សាសិទ្ធិដោយ thmeythmey.com