ជាតិ
រាជបណ្ឌិត្យសភាកម្ពុជា គ្រោង​បើក​ថ្នាក់​បង្រៀនជំនាញ​ធ្វើ​ម្ហូប​សម្រាប់​អ្នក​ទៅ​ធ្វើ​ការ​ក្រៅ​ប្រ​ទេស​
26, Sep 2021 , 10:29 pm        
រូបភាព
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញ​៖ រាជ​បណ្ឌិត្យ​សភាកម្ពុជា​ នឹង​បើក​ថ្នាក់​បណ្ដុះ​បណ្ដាល​វិជ្ជាធ្វើ​ម្ហូប​បរទេស និង​ក្រឡុង​ស្រា​ជា​ដើម ​សម្រាប់​អ្នក​មាន​បំណង​​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​។ គម្រោង​នេះ ​នឹង​បើក​បង្រៀន​ ក្រោយ​ពេល​ជំងឺ​កូវីដ-១៩ ត្រូវ​បាន​បិទ​បញ្ចប់​។


 
លោក សុខ ទូច ប្រធាន​រាជ​បណ្ឌិត្យ​សភាកម្ពុជា​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ មាន​ការ​ធ្វើ​ម្ហូប​ និង​ការ​ក្រឡុក​ស្រា​ជា​ដើម​នេះ​ មាន៣​វគ្គ គឺ​​វគ្គ​ខ្លី វគ្គ​មធ្យម​ និង​វគ្គ​មធ្យម​ឯក​ទេស។ លោក សុខ​ ទូច ថា ជំនាញ​វិជ្ជាជីវៈ​នេះ បង្កើត​ឡើង​ជា​ជំហាន​ដំបូង ផ្ដោត​លើ​អ្នកចេញ​ទៅ​ធ្វើ​ការ​ក្រៅប្រទេស​ ដើម្បី​ឱ្យ​ពួក​គេ​​ទទួល​បាន​ប្រាក់​ខែ​ច្រើន​ជាង​មុន​។ 
 
ប្រធាន​រាជ​បណ្ឌិត្យ​សភាកម្ពុជា ពន្យល់​ថា ក្រោយ​ពី​លោក​បាន​សិក្សា​​លើ​វិស័យ​ទេស​ចរណ៍ ឃើញ​ថា​ប្រជា​ជនកម្ពុជា​ ដែល​ចេញ​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស មាន​តែ​កម្លាំង​ពល​កម្ម​ ប៉ុន្តែ​មិន​មាន​ជំនាញ​វិជ្ជាជីវៈ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ទទួល​បាន​ប្រាក់​ខែ​តិច​។ 
 
«​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ចង់​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ​ឱ្យ​គាត់​ចេះ​ក្រឡុក​ស្រា ចេះ​ធ្វើ​ម្ហូប និង​ជា​ម្ហូប​ស្ដង់​ដា​តាម​ប្រទេស​នីមួយ​ៗ​។ បើ​គាត់​ទៅ​កូរ៉េ​ ត្រូវ​ចេះ​ធ្វើ​ម្ហូប​កូរ៉េ ទៅ​ជប៉ុន​ត្រូវ​ចេះ​ម្ហូប​ជប៉ុន បើ​គាត់​ទៅ​ប្រទេស​ណា​ ក៏​គាត់​ត្រូវ​មាន​ជំនាញ​។ ឧទាហរណ៍​ថា​ បើ​គាត់​ធ្វើ​ការ​នៅ​ប្រទេស​គេ​ បាន​តែ​៥០០​ ទៅ​៦​០០ដុល្លារ​ គាត់​មាន​ជំនាញ​គាត់​អាច​បាន​ដល់​ទៅ​១ពាន់​ដុល្លារ​»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ សុខ ទូច​។
 
បើ​ទោះ​បី​ជា​ជំហាន​ដំបូង​ ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​នេះ ផ្ដោត​សំខាន់​សម្រាប់​អ្នក​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស​ក្ដី​ ប៉ុន្តែចំពោះ​អ្នក​ធ្វើ​ការ​ក្នុង​ប្រទេស​​ក៏​អាច​រៀន​បាន​ដែរ​។ លោក សុខ ទូច សង្កត់​ធ្ងន់​ថា ការ​បណ្ដុះ​បណ្ដាល​នេះ​ ត្រូវ​បង់​ថ្លៃ ប៉ុន្តែ​ប្រសិន​បើ​អ្នក​រៀន​​ខ្វះ​ខាត​ប្រាក់​ ពួក​គេ​អាច​ទៅ​រៀន​សិន​ ហើយ​ក្រោយ​ពី​ពួក​គេ​ទទួល​បាន​ប្រាក់​ខែ គេ​អាច​កាត់​ប្រាក់​ខែ​សង​ទៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​វិញ ​តាម​ដំណាក់​កាល​។ យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​អ្នក​រៀន​ពូកែ​ រាជ​បណ្ឌិត្យ​សភាកម្ពុជា ក៏​អាច​ផ្ដល់​អាហារូបករណ៍​ជូន​ផង​ដែរ​។ 
 
​លោក សុខ ទូច ពន្យល់​បន្ថែម​៖«រៀន​បាន​ទាំង​អស់គ្នា​​ គ្រាន់​តែ​ពេល​នេះ​យើង​ចង់​សម្រួច​សម្រាប់​អ្នក​ទៅ​ធ្វើ​ការ​ក្រៅ​ប្រទេស​សិន។ វគ្គ​ខ្លី​សម្រាប់​មេផ្ទះ គាត់​អាច​រៀន​ដើម្បី​ចម្អិន​ទទួល​ទាន​ខ្លួន​ឯង ឬ​សម្រាប់​គ្រួសារ​គាត់ គាត់​អាច​រៀន​តែ​២ ទៅ​៣​មុខ​ តាម​ចិត្ត​គាត់​ចង់​​។ វគ្គ​មធ្យម​ មាន​រយៈ​ពេល​៦​ខែ និង​វគ្គមធ្យម​ឯកទេស​ គឺ​ថ្នាក់​​បរិញ្ញាបត្រ​រង​ មាន​រយៈ​ពេល​២​ឆ្នាំ។ យើង​មិន​អាច​បង្រៀន​ ដោយ​មិន​គិត​ថ្លៃ​ទេ ព្រោះ​នាំ​ឱ្យ​ពួក​គេ​មិន​ខំ​រៀន ម្យ៉ាង​ការ​ងារ​នេះ​ យើង​ត្រូវ​ចំណាយ​ប្រាក់​ទាំង​អស់»៕​
 

Tag:
 រាជ​បណ្ឌិត្យ​សភា​កម្ពុជា​
  បណ្ដុះ​បណ្ដាល​
  ម្ហូប​
  អប់​រំ​
  វិជ្ជាជីវៈ​​
© រក្សាសិទ្ធិដោយ thmeythmey.com