ជាតិ
សម្ភារបុរាណធ្វើពីឫស្សី និងផ្ដៅ៨ប្រភេទ ដែលរក្សាវត្តមាន ដល់បច្ចុប្បន្ន
27, Sep 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ សម្ភារប្រើប្រាស់ធ្វើពីឫស្សី និងផ្ដៅ ត្រូវបានប្រជាជនខ្មែរសម័យមុន និងពេលបច្ចុប្បន្ន ប្រើប្រាស់សម្រាប់សម្រួលក្នុងជីវភាពប្រចាំថ្ងៃ។ ជាក់ស្ដែងវត្ថុសម្រាប់ប្រើប្រាស់ទាំង៨ប្រភេទខាងក្រោម នៅមានប្រជាពលរដ្ឋតាមទីក្រុង និងជនបទប្រើប្រាស់រហូត។


 
កន្ត្រងប្រហុក៖ ជាឧបករណ៍មួយប្រភេទធ្វើពីឫស្សី បិតស្ដែងៗ និងយកក្រងជាទម្រង់កន្រ្កង ដែលមានចន្លោះតូចៗ អាចយកប្រើក្នុងផ្ទះបាយ។ កន្ត្រងប្រភេទនេះ មិនត្រឹមប្រើបានសម្រាប់តែជ្រំប្រហុកទេ គេក៏អាចយកវាទៅជ្រំម្ជូរ ច្រោះខ្ទិះដូងបានដែរ។ កន្ត្រងប្រហុក អាចយកទៅប្រើប្រាស់បានច្រើនយ៉ាង តាមស្ថានភាពនៃការរស់នៅ របស់ពលរដ្ឋតាមតំបន់ និងការច្នៃប្រឌិតជាក់ស្ដែង។


 
សង្រែក៖ ជាប្រដាប់សម្រាប់ច្រកអ្វីៗដាក់រែក ឬព្យួរ ដើម្បីទ្រល្អី ឆ្នាំងបាយ ឬក្អមទឹកជាដើម។ ពលរដ្ឋនៅតាមទីជនបទ ច្រើនយកសង្រែកទៅព្យួរនៅក្នុង ឬក្រៅផ្ទះ ដើម្បីដាក់ទ្រវត្ថុនានា ដែលមានសណ្ឋានតូចល្មម នៅទីតាំងណាមួយ ក្នុងបំណងរក្សាទុករយៈពេលវែង ឬខ្លីតាមតម្រូវការជាក់ស្ថែង។ 



ចង្អេរ៖  ត្រូវបានគេត្បាញដោយបន្ទះឫស្សី ទម្រង់ប្រហាក់ប្រហែលពងក្រពើ។ ចង្អេរភាគច្រើនប្រើសម្រាប់អុំស្រូវ, អុំអង្ករ ពោត សណ្ដែក និងរបស់របរតាមតម្រូវការ។ ភាគច្រើនពលរដ្ឋនៅតាមស្រុកស្រែចម្ការ នៅតែនិយមប្រើចង្អេរនៅតាមគេហដ្ឋាន ដ្បិតបច្ចុប្បន្នមានរបស់ប្រើប្រាស់សម្បូរបែបយ៉ាងណាក្តី ក៏នៅតែរក្សាបាននូវវប្បធម៌នៃការប្រើប្រាស់សម្ភារបុរាណប្រភេទនេះដែរ។ 


 
ល្អី៖  ជារបស់របរប្រើក្នុង និងក្រៅផ្ទះរាងស្មើលើស្មើក្រោម ធ្វើពីឫស្សីបិតស្តើងៗ និងក្រងតាមលំនាំ។ ល្អីពេញនិយមសម្រាប់ប្រជាកសិករដែលធ្វើស្រែចម្ការ ព្រោះវត្ថុនេះស្រាល ងាយស្រួលយកតាមខ្លួន និងអាចប្រើប្រាស់បានច្រើនយ៉ាងតាម តម្រូវការ និងស្ទើរគ្រប់ស្ថានភាព។ បើនិយាយអំពីមុខងាររបស់ល្អី មិនថាលើគោក ឬក្នុងទឹកអាចប្រើបានទាំងអស់។ ជាក់ស្ដើងក្រៅពីអាចដាក់របស់របរគ្រប់ប្រភេទ មិនមែនសម្រាប់ដាក់តែគ្រាប់ពោត សណ្ដែក ស្រូវ ចេក និងបន្លែ គេក៏អាចយកវាទៅត្រាំអង្ករ ឬប្រស់ត្រីឬសត្វតូចនៅក្នុងទឹក បានដោយងាយ។ 


 
ទម្រ ឬ ជើងឆ្នាំង៖ ឧបករណ៍ប្រើប្រាស់សម្រាប់ទ្រាប់ឆ្នាំង ឬកំសៀវនេះ អាចធ្វើពីឫស្សី ឬផ្តៅបានដូចគ្នា តែភាគច្រើនគេពេញនិយមធ្វើវាពីផ្ដៅ។ តាមការសង្កេតតាមស្ថានភាពជាក់ស្ដែង ទើបជាងដប់ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ដែលវត្តមានជើងឆ្នាំងធ្វើពីឫស្សី ចាប់ផ្ដើមមានអ្នកផលិត និងមានលក់នៅលើទីផ្សារ។ 


 
កន្តរ៉៖ ឧបករណ៍មួយប្រភេទធ្វើពីបន្ទោះឫស្សី ឬផ្ដៅ មានសណ្ឋានដូចកន្ត្រង មានដងវែងសម្រាប់បេះផ្លែស្វាយ ជម្ពូ មាន និងផ្លែផ្សេងទៀតនៅទីខ្ពស់ ពិបាកឈោងបេះដោយដៃ។ អ្នករស់នៅស្រុកស្រែចម្ការគេនៅតែនិយមប្រើកន្តរ៉ដដែរ ប៉ុន្ដែក៏មានតំបន់ខ្លះប្តូរប្រើឧបករណ៍បែបសម័យទំនើបដែរ។ 
 
បង្គី៖ ជាឧករណ៍ប្រើប្រាស់នៅក្នុងផ្ទះ និងតាមស្រែចម្ការ វាត្រូវបានត្បាញពីផ្តៅដើមតូច និងមានដៃសម្រាប់កាន់មួយគូរ។ បង្គីត្រូវបានគេយកទៅប្រើសម្រាក់ដាក់ដី ថ្ម សំរាម ឬរបស់ផ្សេងៗ ដែលត្រូវផ្លាស់ទីពីមួយកន្លែងទៅមួយកន្លែងទៀត។ 
 
កញ្ច្រែង៖  ជាឧបករណ៍ត្បាញពីឫស្សីមួយប្រភេទប្រហាក់ប្រហែលល្អីដែរ តែមានគេទុកបន្ទោះធំៗជាងល្អី ឬកញ្ជើ ហើយប្រើសម្រាប់ដាក់ត្រី ឬបន្លែ និងរបស់ផ្សេងៗទៀត។ ឧបករណ៍ប្រភេទនេះ ភាគច្រើនត្រូវបានប្រើប្រាស់នៅក្នុងផ្ទះបាយ។ កញ្ច្រែងអាចមានច្រើនទំហំ ហើយមុខងាររបស់វាទៅតាមតូច ឬធំ។ កញ្ចែ្រងតូចៗត្រូវបានគេយកដាក់ត្រី ឬបន្លែ រីឯកញ្ចែ្រងធំ ឬធំល្មម គេអាចយកទៅហាលត្រីសាច់ និងប្រើតាមតម្រូវការក្នុងតំបន់ និងទម្លាប់តាមស្រុកនិងភូមិ។


 
សូមបញ្ជាក់ថា ក្រៅពីឧបករណ៍ប្រាំបីប្រភេទខាងលើ ក៏មានឧបករណ៍ប្រើប្រាស់ផ្សេងទៀតធ្វើពីឫស្សី និងផ្តៅសម្រាប់ប្រើប្រាស់ផងដែរ។ មួយវិញទៀត នាបច្ចុប្បន្នឧបករណ៍មួយចំនួនមិនសូវមានអ្នកប្រើប្រាស់ក្នុងផ្ទះ តែត្រូវបានពលរដ្ឋរស់នៅតាមតំបន់មួយចំនួន យកដាក់តាំងតាមផ្ទះ ឬតាមកម្មវិធីប្រពៃណីនានា ដើម្បីបង្ហាញឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងស្វែងយល់ពីមុខងារនៃការប្រើប្រាស់៕

Tag:
 សម្ភារប្រើប្រាស់
  បែបប្រពៃណី
  ឫស្សី
  ផ្ដៅ
© រក្សាសិទ្ធិដោយ thmeythmey.com