COVID-19
ជាតិ
សម្តេច ហ៊ុន សែន៖ ក្រៅពីកូវីដ-១៩ ពិភពលោកត្រូវរួមគ្នា ដោះ​ស្រាយបញ្ហាជា​ច្រើនទៀត
26, Sep 2021 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេច ហ៊ុន សែន បានថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៦ថា វិបត្តិកូវីដ-១៩ គឺជាបញ្ហាប្រឈមចំពោះមុខ ដែលកម្ពុជា និងពិភពលោកត្រូវដោះស្រាយរួមគ្នា ដើម្បីឈានទៅបើក ដំណើរការសេដ្ឋកិច្ច និងសង្គមឡើងវិញ។ ក្រៅតែពីជំងឺរាតត្បាតកូវីដ-១៩  ពិភពលោក​ នៅត្រូវដោះស្រាយ​បញ្ហាប្រឈមជាច្រើន​ទៀត ដូចជាការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងមហាអំណាច សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម ​ជម្លោះប្រដាប់អាវុធដណ្ដើមទឹកដី អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ​។ យ៉ាងណាក៏ដោយ សម្រាប់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ពិភពលោកត្រូវរួមគ្នាដោះស្រាយបញ្ហាទាំងនោះ ដោយសន្តិវិធី និងឱ្យតម្លៃ លើ ការសម្រេចចិត្តរបស់​ប្រជាជន នៃ​ប្រជាជាតិនីមួយៗ​។

 
ការយកឈ្នះជំងឺរាតត្បាតកូវីដ-១៩ ដើម្បីឈានទៅបើកសេដ្ឋកិច្ចឡើងវិញ គឺជាបញ្ហាប្រឈមចំពោះមុខដ៏អាទិភាព ដែលកម្ពុជា ក៏ដូចជាពិភពលោក ត្រូវរួមគ្នាដោះស្រាយ។ នេះជាការផ្តើមសុន្ទរកថា របស់​សម្តេច ហ៊ុន សែន ទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៦ តាមប្រព័ន្ធវីដេអូ នាយប់ថ្ងៃទី២៥ ខែកញ្ញា។ 
 
​ក្នុងសុន្ទរកថា​ជាង១៣នាទី សម្តេច នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានរាតត្បាតពេញពិភពលោកប្រមាណ២ឆ្នាំមកហើយនោះ។ ប្រមុខរដ្ឋាភិបាលបានគូសបញ្ជាក់ថា កម្ពុជាបានចូលរួមក្នុងកិច្ចខិតខំជាអន្តរជាតិ ក្នុងការចាប់ផ្តើម​យុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដោយបានចាប់ផ្តើមតាំងពីដើមខែកុម្ភៈ​ ឆ្នាំ២០២១មកម្ល៉េះ។ មកទល់នឹងថ្ងៃទី២៥ ខែកញ្ញានេះ កម្ពុជាបានចាក់វ៉ាក់សាំងដល់ពលរដ្ឋដែលមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ បានជាង​១៣លាននាក់ ឬស្មើនឹងជាង៨០ភាគរយនៃចំនួនប្រជាជនសរុប ជាង១៦លាននាក់។ 
 
​សម្តេច ហ៊ុន សែន បានបញ្ជាក់ប្រាប់អង្គមហាសន្និបាតអង្គការសហប្រជាតិទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជាមានវឌ្ឍនភាពល្អប្រសើរ ហើយ​កម្ពុជាគ្រោងបើកដំណើរការពេញលេញឡើងវិញនូវសកម្មភាពសង្គម និងសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។ សម្តេច ហ៊ុន សែន ក៏មិនភ្លេចអរគុណប្រទេសជាមិត្តទាំងអស់ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលបានគាំទ្រកម្ពុជា នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ។
 
បញ្ចប់សុន្ទរកថាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩​​ សម្តេច ហ៊ុន សែន បានបន្តលើកឡើងពីបញ្ហាស្មុគស្មាញជាច្រើនទៀត ដែលពិភពលោកត្រូវ​ដោះស្រាយ។  បើតាម​ប្រមុខរដ្ឋាភិបាលកម្ពុជា ក្រៅតែពីជំងឺរាតត្បាតកូវីដ-១៩  ពិភពលោក​ នៅត្រូវដោះស្រាយ​បញ្ហាប្រឈមជាច្រើន​ទៀត ដូចជាការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រឈមមុខដាក់គ្នារវាងមហាអំណាច សង្គ្រាមបច្ចេកវិទ្យា និងពាណិជ្ជកម្ម ​ជម្លោះប្រដាប់អាវុធដណ្ដើមទឹកដី អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ​។ សម្រាប់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ដំណោះស្រាយបញ្ហាទាំងនោះ ត្រូវចៀសវាងការការប្រើប្រាស់កម្លាំងយោធា​និងត្រូវគោរព និងឱ្យតម្លៃ លើ​បំណងប្រាថ្នានៃប្រជាជាតិ និងការសម្រេចចិត្តរបស់​ប្រជាជន នៃប្រទេសនីមួយៗ​។ ប្រមុខរដ្ឋាភិបាល បានលើកពីសោកនាដកម្មប្រល័យពូជសាស្ត្រដែលកម្ពុជាបានឆ្លងកាត់ ជាឧទាហរណ៍ជាក់ស្ដែង សម្រាប់ពិភពលោក។
 
សម្តេច ហ៊ុន សែន បញ្ជាក់ដូច្នេះថា៖ «ប្រវត្តិសាស្ត្របានប្រាប់យើងម្ដងហើយម្ដងទៀតថា ការជ្រៀតជ្រែក និងការដែលកាន់តែអាក្រក់ជាងនេះទៅទៀតនោះ គឺការប្រើជម្រើសយោធា ក្នុងការកំណត់នូវប្រព័ន្ធអភិបាលកិច្ចផ្សេងៗ មិនមែនជាដំណោះស្រាយនោះឡើយ។ ផ្ទុយទៅវិញ ជម្រើសទាំងអស់នេះ បានត្រឹមតែនាំមកនូវការបាត់បង់ជីវិត ការឈឺចាប់ និងទុក្ខវេទនាសម្រាប់មនុស្សជាតិ និងជម្លោះផ្នែកសង្គម-សេដ្ឋកិច្ច កាន់តែច្រើនជាងមុនតែប៉ុណ្ណោះ»។ 
 
សម្តេច ហ៊ុន សែន ចង់ឱ្យពិភពលោក ​ចាត់ទុកប្រវត្តិសាស្ត្ររបស់កម្ពុជា ក៏ដូជាព្រឹត្តការណ៍ថ្មីៗដែលកំពុងកើតឡើងនៅអាហ្វហ្គានីស្ថាន និងព្រឹត្តការណ៍ជាច្រើនផ្សេងៗទៀតពីមុន ​ជាមេរៀន ​ហើយក៏ចាត់វាជាហេតុផល ដែលមិនអាចប្រកែកបាន សម្រាប់ការពង្រឹងនូវពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើច្បាប់។ លើសពីនេះទៀត ប្រ​ទេសនីមួយៗ មិនគួរត្រូវបានបង្អាក់ដំណើរ ដោយសារតែការដាក់ទណ្ឌកម្មជាឯកតោភាគី ការហាមឃាត់ ឬវិធានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចផ្សេងៗទៀត ដែលរំលោភបំពានលើច្បាប់អន្តរជាតិ និងគោលការណ៍ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិនោះឡើយ​​។ នេះជាការជំហរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មុននឹងលើកឡើងពីមោទកភាព​ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ តាមប្រព័ន្ធវីដេអូ ​ក្នុងខែវិច្ឆិកាខាងមុខ​។ សម្រាប់សម្តេច ហ៊ុន សែន កិច្ចប្រជុំដែលនឹងរៀបចំឡើងក្រោមមូលបទ «ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា» នេះ គឺពិតជាសំខាន់ណាស់ ក្នុងបរិបទបច្ចុប្បន្ន​។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា របៀបវារៈចម្បងនៃកិច្ចប្រជុំកំពូល គឺ «ពហុភាគីនិយមផ្ដល់អាទិភាពដល់ការរួមគ្នា» ដែលមានជាអាទិ៍ការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងសង្គម-សេដ្ឋកិច្ច ឱ្យមានភាពរឹងមាំឡើងវិញ ការរួមគ្នាប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ និងការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក។ល។​
 
រំឭកដល់សារសំខាន់នៃការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ សម្តេច ហ៊ុន សែន បានបញ្ជាក់ប្រាប់អង្គសន្និបាត អំពីជំហរដែលកម្ពុជាប្រកាន់យកជាយូរមកហើយថា ការទទួលខុសត្រូវចម្បងក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ គឺស្ថិតនៅលើអង្គការសហប្រជាជាតិ។  បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកងកម្លាំងជាង ៧ ៥០០នាក់ ដើម្បីបម្រើក្នុងបេសកកម្មរក្សាសន្តិភាពផ្សេងៗនៅទូទាំងពិភពលោក របស់អង្គការសហប្រជាជាតិ ហើយកងកម្លាំងរបស់កម្ពុជាមួយចំនួន បានធ្វើពលីកម្មបូជាជីវិត ក្នុងអំឡុងពេលបំពេញបេសកកម្មការពារជនស្លូតត្រង់។ លើសពីនេះ កម្ពុជាគាំទ្រដល់សកម្មភាពសម្រាប់គំនិតផ្ដួចផ្ដើមរក្សាសន្តិភាពបូក (A4P+) របស់ឯកឧត្ដមអគ្គលេខាធិការ។ កម្ពុជា ក៏គាំទ្ររបៀបវារៈស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ(WPS) ដែលនឹងធ្វើសមាហរណកម្មនៃទស្សនវិស័យយេនឌ័រ​ទៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនានាផងដែរ។
 
យ៉ាងណាក៏ដោយ សម្រាប់សម្តេច ហ៊ុន សែន ​ការប្រែប្រួលតថភាពនៃសតវត្សទី២១ ទាមទារឱ្យមានអង្គការសហប្រជាជាតិមួយ ដែលមានទម្រង់ថ្មី និងដែលមានភាពឆ្លើយតបរហ័សរហួន។  មិនតែប៉ុណ្ណោះ អង្គការនេះ ត្រូវតែប្រកាន់ឱ្យបានខ្ជាប់ខ្ជួនជាងមុន នូវអភិក្រមដោះស្រាយបញ្ហាតាមបែបប្រជាធិបតេយ្យ ប្រកបដោយបរិយាប័ន្ន និងភាពជាតំណាង​។ 
 
ក្រៅពីបញ្ជាក់ពីការចូលរួមថែរក្សាសន្តិភាពអន្តរជាតិ កម្ពុជា ក៏ប្តេជ្ញាព្យាយាមដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ផងដែរ នៅពេលដែលខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំក្រោយ។ ទន្ទឹមនឹងនេះ កម្ពុជានឹងបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន និងថែរក្សាតួនាទីរបស់អាស៊ាន ដែលជាតំបន់មានសារៈសំខាន់សម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ពិភពលោក បន្ថែមលើសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសសមាជិកអាស៊ាន និងការគាំទ្រពីដៃគូខាងក្រៅដែលមានសម្រាប់នៅក្នុងតំបន់។ សម្តេច ហ៊ុន សែន ក៏គូសបញ្ជាក់ដែរថា កម្ពុជា នឹងបន្តជំរុញកសាងសហគមន៍អាស៊ានមួយ ប្រកបដោយភាពរស់រវើក និងសុខដុម ជាមួយនឹងការការពារដល់ពលករចំណាកស្រុក របៀបវារៈការអភិវឌ្ឍ ដែលមានភាពបៃតង និងបរិយាប័ន្ន ការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍសិប្បកម្ម និងសហគ្រាសធុនតូច និងមធ្យម ក៏ដូចជាការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី និងយុវវ័យផងដែរ។ 
 
ជាមួយគ្នានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏សង្ឃឹមដ៏មុតមាំដែរ​ចំពោះការពង្រឹងពហុភាគីនិយម ដែលមានអង្គការសហប្រជាជាតិជាស្នូល ក្នុងការពង្រឹងសាមគ្គីអន្តរជាតិ ដើម្បីឱ្យសហគមន៍អន្តរជាតិ សម្រេចបាននូវជ័យជម្នះចំពោះវិបត្តិកូវីដ-១៩ និងការជំរុញសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួម៕

Tag:
 កូវីដ-១៩
  ហ៊ុន សែន
  UN
 បញ្ហាតំបន់
 បញ្ហាពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com