ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តើនរណាខ្លះ មានសិទ្ធិទទួលមត៌ក?
27, Sep 2021 , 10:30 am        
រូបភាព
លោកមេធាវី អ៊ីវ ប៉ូលី
លោកមេធាវី អ៊ីវ ប៉ូលី
ជីវិតរបស់មនុស្ស គឺមិនទៀង អ្វីដែលទៀងគឺការស្លាប់។ ការរស់នៅរបស់មនុស្សក្នុងសង្គម តែងតែបង្កើតជាទំនាក់ទំនងផ្សេងៗ និងអាចបន្សល់ទុកនូវទ្រព្យសម្បត្តិមួយចំនួន ក្រោយខ្លួនបានស្លាប់។ តើនរណាខ្លះ ដែលមានសិទ្ធិទទួលបន្តនូវទ្រព្យសម្បត្តិទ្រព្យទាំងនោះ ហើយពួកគេ ទទួលបានចំណែកប៉ុន្មាន?



ដើម្បីដឹងចម្លើយ សូមប្រិយមិត្ត មកមើលការពន្យល់របស់លោក អ៊ីវ ប៉ូលី ដែលជាមេធាវី ជាគ្រូបង្រៀនច្បាប់នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងជាអ្នកបណ្តុះបណ្តាលនៃកម្មវិធីវិភាគទានច្បាប់ ដូចខាងក្រោម៖

ជាធម្មតា ជនគ្រប់រូបតែងតែមានក្រុមគ្រួសារ ប្តីប្រពន្ធ កូន ឪពុកម្តាយ យាយតា បងប្អូនបង្កើត មិត្តសម្លាញ់ អ្នករួមការងារ ឬអ្នករួមអាជីព ជាដើម។

ច្បាប់ បានកំណត់ជាក់លាក់អំពីជនដែលមានសិទ្ធិទទួលមត៌កតាមច្បាប់។ ក្នុងករណីដែលគ្មានលិខិតបណ្តាំ ទ្រព្យសម្បត្តិរបស់មតកជន (ជនដែលបានស្លាប់) នឹងត្រូវធ្លាក់ទៅសន្តតិជន (ជនដែលមានសិទ្ធិទទួលបន្តនូវទ្រព្យរបស់មតកជន តាមការកំណត់របស់ច្បាប់)។

ជនដែលមានសិទ្ធិទទួលបន្តនូវទ្រព្យរបស់មតកជន ត្រូវបានច្បាប់កំណត់ថា កូន គឺជាសន្តតិជនលំដាប់ទី១ (រាប់បញ្ចូលទាំងកូនចិញ្ចឹមស្របច្បាប់ គឺមានសេចក្តីសម្រេចពីតុលាការ ជាអាទិ៍)។ ឪពុកម្តាយជាអាទិ៍ គឺជាសន្តិជនលំដាប់ទី២ នឹងមានសិទ្ធិទទួលមត៌ក ប្រសិនបើមតកជន គ្មានសន្តតិជនលំដាប់ទី១។ ក្នុងករណី មតកជន គ្មានសន្តតិជនលំដាប់ទី១ និងសន្តតិជនលំដាប់ទី២ មត៌កនោះ នឹងត្រូវស្នងទៅបងប្អូនបង្កើត ដែលភាសាច្បាប់ ហៅថា សន្តតិជនលំដាប់ទី៣។ ចំណែក ប្រពន្ធ ឬប្តីស្របច្បាប់ដែលមានសំបុត្រអាពាហ៍ពិពាហ៍ ក៏មានឋានៈជាសន្តតិជន ដែលភាសាច្បាប់ ហៅថា សន្តតិជនជានិច្ច។

ជនផ្សេងពីនេះ ដូចជា ពូ មីង អ៊ំប្រុស អ៊ំស្រី បងប្អូនជីដូនមួយ បងប្អូនជីទួតមួយ មិនមែនជាជនដែលត្រូវបានច្បាប់ចាត់ទុកថាមានសិទ្ធិទទួលមត៌កនោះទេ គឺគ្មានឋានៈជាសន្តតិជន ឬមិនអាចស្នងមត៌កពីមតកជនបានឡើយ។

ផ្អែកតាមអត្ថន័យច្បាប់ នៅពេលជនណាម្នាក់បានស្លាប់ (មតកជន) ដោយបន្សល់ទុកនូវទ្រព្យសម្បត្តិជាក់លាក់ណាមួយ ទ្រព្យទាំងនោះ នឹងត្រូវស្នងបន្តជាស្វ័យប្រវត្តិទៅជនដែលត្រូវបានច្បាប់សន្មតថាជាសន្តតិជន ក្រោមរូបភាពជាអវិភាគ មានន័យថា មានចំណែកសមាមាត្រទៅតាមចំនួនដែលច្បាប់កំណត់។

ឧទាហរណ៍៖ ករណីបុរសម្នាក់បានទទួលមរណភាពដោយបន្សល់ទុកនូវដី១កន្លែង ផ្ទះ១កន្លែង និងប្រាក់សន្សំចំនួន៣ម៉ឺនដុល្លារអាម៉េរិក ក្នុងគណនីធនាគារ។ បុរសនេះ មានប្រពន្ធស្របច្បាប់ និងកូន២នាក់ គឺកូនប្រុសម្នាក់ និងកូនស្រីម្នាក់។

ប្រសិនបើមានស្ថានភាពដូចខាងលើ ក្រោយមរណភាពរបស់បុរសនេះ ជនដែលមានសិទ្ធិទទួលមត៌កជាទ្រព្យរបស់មតកជន គឺប្រពន្ធ និងកូនទាំង២នាក់នោះ មានន័យថា មតកជន មានសន្តតិជនចំនួន៣នាក់ ដែលនឹងទទួលបន្តនូវទ្រព្យរបស់ខ្លួនក្រោមរូបភាពជាកម្មសិទ្ធិអវិភាគ។ ជាធម្មតា ទ្រព្យទាំងនេះ គឺមានចំណែកប្រពន្ធចំនួន៥០ភាគរយ ពីព្រោះទ្រព្យទាំងនេះ កើតក្នុងចំណងអាពាហ៍ពិពាហ៍ ហៅថាទ្រព្យរួម ហេតុនេះមានតែ៥០ភាគរយទៀតដែលនៅសល់ប៉ុណ្ណោះជារបស់ប្តី (មតកជន) ទើបជាកម្មវត្ថុមត៌ក ដែលនឹងក្លាយជាមូលដ្ឋាននៃការបែងចែកមត៌កតាមច្បាប់។

ប្រសិនបើកំណត់កម្មវត្ថុមត៌កសម្រាប់ករណីនេះ គឺសិទ្ធិនៃកម្មសិទ្ធិចំនួន៥០ភាគរយលើផ្ទះ សិទ្ធិនៃកម្មសិទ្ធិចំនួន៥០ភាគរយលើដី និងប្រាក់ចំនួន១,៥ពាន់ដុល្លារអាម៉េរិក។ ក្នុងការបែងចែកចំណែកមត៌ក សម្រាប់ករណីនេះ ប្រពន្ធ និងកូនទាំង២នាក់ មានសិទ្ធិស្មើគ្នាលើកម្មវត្ថុនៃមត៌ក មានន័យថា ករណីផ្ទះ នឹងត្រូវស្នងដោយប្រពន្ធចំនួន១/៦ កូនទី១ ចំនួន១/៦ និងកូនទី២ ចំនួន១/៦ សរុបស្មើនឹង៥០ភាគរយនៃសិទ្ធិកម្មសិទ្ធិលើផ្ទះ។ ករណីដី ក៏ត្រូវបែងចែកឲ្យសន្តតិជនទាំង៣នាក់ ដូចករណីផ្ទះដែរ។ រីឯប្រាក់ចំនួន១,៥ម៉ឺនដុល្លារអាម៉េរិក នឹងយកមកចែកជា៣ចំណែក នាំឱ្យសន្តតិជនទាំង៣ ទទួលបាន៥ពាន់ដុល្លារអាម៉េរិកក្នុងម្នាក់ៗ។

សរុបជារួម ករណីនេះ ក្រោយការបែងចែកចំណែកមត៌កតាមច្បាប់ ប្រពន្ធនឹងមានកម្មសិទ្ធិអវិភាគនៅលើដីជាចំណែកចំនួន២/៣ កូនទី១ មានចំណែកចំនួន១/៦ និងកូនទី២ មានចំណែកចំនួន១/៦។ ចំពោះផ្ទះក៏ដូចគ្នា គឺប្រពន្ធនឹងមានកម្មសិទ្ធិអវិភាគនៅលើផ្ទះជាចំណែកចំនួន២/៣ កូនទី១ មានចំណែកចំនួន១/៦ និងកូនទី២ មានចំណែកចំនួន១/៦។ ឯប្រាក់ចំនួន៣ម៉ឺនដុល្លារអាម៉េរិក គឺប្រពន្ធមានសិទ្ធិទទួលបានចំនួន២ម៉ឺនដុល្លារអាម៉េរិក កូនទី១ មានសិទ្ធិទទួលបានចំនួន៥ពាន់ដុល្លារអាម៉េរិក និងកូនទី២ ក៏មានសិទ្ធិទទួលបានចំនួន៥ពាន់ដុល្លារអាម៉េរិកដែរ៕

Tag:
 ច្បាប់
  ការទទួលមត៌ក
© រក្សាសិទ្ធិដោយ thmeythmey.com