ជាតិ
បុណ្យភ្ជុំបិណ្ឌ
បិណ្ឌ ៦ ៖ វត្តលង្កា ព្រះកុសុមារាម រៀបចំទទួលចង្ហាន់ និងទេយ្យទាន ដោយគម្លាតសុវត្ថិភាព
27, Sep 2021 , 9:54 am        
រូបភាព
ភ្នំពេញ៖ វត្តលង្កា ព្រះកុសុមារាម បានរៀបចំទទួលចង្ហាន់ និងទេយ្យទានពីពុទ្ធបរិស័ទធម្មតា នៅថ្ងៃកាន់បិណ្ឌទី៦ នាព្រឹកថ្ងៃទី២៧ កញ្ញានេះ។ ប៉ុន្តែពិធីបែបពុទ្ធសាសនានេះ គឺមានការប្រគេន និងវេរចង្ហាន់ ឬទេយ្យទាន ពីសំណាក់ព្រះសង្ឃ និងអាចារ្យ នៅត្រឹមក្លោងទ្វារវត្តប៉ុណ្ណោះ។


មិនតែប៉ុណ្ណោះវត្តលង្កា ព្រះកុសុមារាម ក៏មានការបំពាក់ម៉ាស៊ីនបាញ់សម្លាប់មេរោគ និងវាស់កម្ដៅពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លា យកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃផងដែរ ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩។
 
សម្ដេច ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយ កាលពីយប់ថ្ងៃទី២៣ កញ្ញា ស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩។ សម្ដេច សម្រេចបែបនេះ ដោយសាររកឃើញករណីវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ ក្នុងនោះវត្តចំពុះក្អែក នៅខណ្ឌច្បារអំពៅ មានដល់ទៅជាង៤០ករណី។


 
គិតពីថ្ងៃទី២២ ដល់ ២៥ កញ្ញា មានព្រះសង្ឃចំនួន ៩៧អង្គ និងអាចារ្យ គណៈកម្មការ យាយជីតាជី សិស្សនិស្សិតស្នាក់នៅវត្តនានាក្នុងរាជធានីភ្នំពេញ ចំនួន ៤៤នាក់ទៀត បានតេស្តវិជ្ជមានជំងឺកូវីដ-១៩ ។ នេះបើតាមរបាយការណ៍ របស់មន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ។
 
សម្រាប់ការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើនតាមបណ្តាវត្តអារាម មិនអាចធានាបាននូវការអនុវត្តវិធានសុវត្ថិភាពផ្នែកសុខាភិបាលឡើយ ដែលធ្វើឲ្យកម្ពុជាប្រឈមហានីភ័យខ្ពស់នៃការរាលដាលកូវីដ-១៩ ជាពិសេសប្រភេទបំប្លែងថ្មី ដែលតា។ នេះជាការបញ្ជាក់របស់សម្តេច ហ៊ុន សែន។
 
បើតាមនាយករដ្ឋមន្រ្តី ហ៊ុន សែន ការសម្រេចផ្អាកពិធីដាក់បិណ្ឌនេះ ជាផ្នែកដ៏សំខាន់មួយនៃការពង្រឹងវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺរាលដាលសកល ដើម្បីធានាអាយុជីវិត និងសុខភាពពលរដ្ឋ ខណៈប្រទេសទាំងមូល កំពុងដំណើរការបើកសាលារៀន និងរៀបចំផែនការឆ្ពោះទៅបើកប្រទេសពេញលេញឡើងវិញ។















Tag:
 ភ្ជុំបិណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com