ជាតិ
ស្ត្រីដើមកំណើតខ្មែរ កាន់តំណែងជាឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសឡាវ
27, Sep 2021 , 3:37 pm        
រូបភាព
លោកស្រី ឈួរ ស៊ីវឡេង (Siv Leng Chhuor) ឯកអគ្គរដ្ឋទូតបារាំងប្រចាំឡាវ។ រូបថត Gavroche Thaïlande
លោកស្រី ឈួរ ស៊ីវឡេង (Siv Leng Chhuor) ឯកអគ្គរដ្ឋទូតបារាំងប្រចាំឡាវ។ រូបថត Gavroche Thaïlande
ដោយ: រួបរួម
លោកស្រី ឈួរ ស៊ីវឡេង (Siv Leng Chhuor) អាយុ៥៤ឆ្នាំ ដែលមានកំណើតនៅរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសឡាវ បន្តពីលោកស្រី Florence Jeanblanc-Risler  ដែលបានបញ្ចប់អណត្តិខ្លួនកាលពីថ្ងៃទី២៦ ខែកញ្ញា។



លោកស្រី ឈួរ ស៊ីវឡេង ទទួលបានការតែងតាំងជាផ្លូវការកាលពីថ្ងៃទី១៧ ខែសីហា ពីលោកប្រធានាធិបតី Emmanuel Macron និងលោកនាយករដ្ឋមន្ត្រី Jean Castex។ យោងតាមការផ្សាយរបស់ Gavroche Thaïlande ស្ត្រីដែលមានដើមកំណើតនៅរាជធានីភ្នំពេញរូបនេះ មានពិសោធន៍ជាច្រើនលើការងារការទូតនៅក្នុងនយោបាយបារាំង។

លោកស្រី ស៊ីវឡេង ចូលបម្រើការនៅក្រសួងការបរទេសបារាំង ចាប់តាំងពីឆ្នាំ១៩៩៥មក។ ពីឆ្នាំ១៩៩៧-២០០១ លោកស្រីបម្រើការនៅខុទ្ទកាល័យរដ្ឋមន្ត្រីការបរទេស លោក Hervé de Charrette បន្ទាប់មកលោក Hubert Vedrine។

ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៧ លោកស្រី ជាលេខាទូតទីមួយរបស់ប្រចាំក្រុងប៉េកាំង បន្ទាប់មកក្លាយជាទីប្រឹក្សាបច្ចេកទេស ទទួលបន្ទុកកិច្ចបរទេស និងសិទ្ធិមនុស្ស ក្រោមខុទ្ទកាល័យលោកស្រី Rama Yade ហើយបន្តក្លាយជាប្រធានខុទ្ទកាល័យទទួលបន្ទុកកីឡា រហូតដល់ឆ្នាំ២០១០។



ពីខែធ្នូ ឆ្នាំ២០១០ ដល់ខែកុម្ភៈ ឆ្នាំ២០១១ លោកស្រី ស៊ីវឡេង ជាទីប្រឹក្សាអាស៊ី, ប៉ាស៊ីហ្វិក និងអាម៉េរិក ប្រចាំខុទ្ទកាល័យលោកស្រី Michele Alliot-Marie នៃក្រសួងកិច្ចការបរទេស និងអឺរ៉ុប។ លោកស្រីជានាយិការងផ្នែកភ័ស្តុភា និងបកប្រែពិធីការប្រចាំក្រសួង ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៣ ហើយពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ជានាយិកាផ្នែកអាស៊ី និងអូសេអានី។

ចាប់តាំងពីខែមេសា ឆ្នាំ២០១៧ មក លោកស្រី ស៊ីវឡេង ជាអគ្គកុងស៊ុលបារាំងប្រចាំខេត្ត Canton ប្រទេសចិន មុនពេលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសឡាវ ជំនួសលោកស្រី Florence Jeanblanc-Risler ដែលកាន់តំណែងតាំងខែកញ្ញា ឆ្នាំ២០១៨មក។

សារព័ត៌មានថ្មីៗ មិនមានប្រវត្តិពិស្តារបស់លោកស្រី Siv Leng Chhuor នោះឡើយ ដោយគ្រាន់តែដឹងថា អ្នកកាទូតបារាំងរូបនេះ មានកំណើតនៅរាជធានីភ្នំពេញ៕


© រក្សាសិទ្ធិដោយ thmeythmey.com