ជាតិ
គណៈកម្មការទី៧សភា ទៅពិនិត្យ​មើល​ដំណើរការបើក​សាលារៀនឡើង​វិញនៅ​កំពង់ស្ពឺ
27, Sep 2021 , 7:19 pm        
រូបភាព
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី​៧នៃរដ្ឋសភា កាលពីថ្ងៃទី​២៧ ខែកញ្ញា បាន​ដឹកនាំ​ប្រតិភូ​ ទៅពិនិត្យ​មើលដំណើរ​ការ​បើក​សាលារៀន​ទាំងរដ្ឋ និងឯកជន​ឡើង​វិញ​នៅ​ក្នុងខេត្ត​កំពង់ស្ពឺ។ បេសកកម្មនេះ បង្ហាញពី​ការ​តាម​ដាន​របស់​ស្ថាប័ន​នីតិបញ្ញត្តិ​លើ​ការអនុវត្ត​ភារកិច្ច​របស់​ស្ថាប័ន​រដ្ឋាភិបាលគ្រប់កម្រិត។

 
​គិតត្រឹមថ្ងៃទី២២ ខែកញ្ញា គ្រឹះស្ថាន​សិក្សាសាធារណៈ និង​ឯកជន​ចំនួន​៨៧៤ ដែលស្មើនឹង​៨៣,៥៥ភាគរយ​​លើគ្រឹះស្ថានសិក្សាសរុប ១០៤៦ទូទាំងខេត្តកំពង់ស្ពឺ បាន​ដំណើរឡើង​វិញ ក្រោយ​ខកខាន​អស់រយៈពេល​ប្រមាណ​២ឆ្នាំ​ដោយសារកូវីដ-១៩។ នេះ​បើតាម​របាយការណ៍​ដែល​បង្ហាញ​ដោយ​លោក ថន ថារិន ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត។
 
លោក​ប្រធាន​មន្ទីរ បាន​បញ្ជាក់​ប្រាប់​ប្រតិភូគណៈកម្មការទី​៧​​សភាថា ការសម្រេច​ដំណើរ​ការសាលារៀននៅក្នុងខេត្ត​ទទួលបាន​នូវ​ការ​សាទរ​យ៉ាងខ្លាំង​ពីសិស្សានុសិស្ស និងអាណាព្យាបាល  រីឯ​គ្រឹះស្ថានសិក្សាដែលមិនទាន់បានបើក សុទ្ធសឹងជាគ្រឹះស្ថានដែលស្ថិតក្នុងតំបន់ទីប្រជុំជន ដែលមានហានិភ័យខ្ពស់ និងជាទីតាំងដែលនៅមានករណីផ្ទុះក្នុងសហគមន៍។ 
 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បាន​គូស​បញ្ជាក់​ពីសារសំខាន់​នៃ​ការរួមគ្នា​រវាង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​នីតិប្រតិបត្តិ និងនីតិបញ្ញត្តិ​ ក្នុង​ការ​ពង្រឹង​ស្ថានភាព​នៃការ​បង្រៀន និង​តាម​បណ្តុំនៅតាម​គ្រឹះស្ថានសាធារណៈ និង​ឯកជន ជាពិសេស​ការខ្វាយ​ខ្វល់​ចំពោះ​សុខទុក្ខ​ពលរដ្ឋ និងសិស្សានុសិស្ស​ដែលជាអនាគត​សសរទ្រូង​នៃប្រទេសជាតិ។


 
 
នាឱកាសនោះ លោក ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការទី៧ ដែលទទួលបន្ទុក​ផ្នែក​អប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បាន​វាយតម្លៃខ្ពស់ពី​ការ​ខិតខំ​បំពេញ​ភារកិច្ច​របស់ថ្នាក់ដឹកនាំខេត្ត និងអ្នក​ពាក់ព័ន្ធនាអំឡុង​បរិបទកូវីដ-១៩។
 
លោកបាន​រំលឹក​ថា ការសម្រេច​ដំណើរ​ការ​សាលារៀនឡើង​វិញនេះ ដោយសារ​តែមាន​ការ​ចូល​រួមគ្នាជំរុញ​ការ​ចាក់វ៉ាក់សាំង​កុមារ និងយុវវ័យ​ចាប់ពីអាយុ​១២ឆ្នាំ ដល់​១៧​ឆ្នាំ ហើយថ្មីៗនេះ មាន​ការចាក់ជូន​កុមារពីអាយុ​៦​ឆ្នាំ​ដល់​១១ឆ្នាំ ដែលអាចបង្កើនបាននូវភាពស៊ាំនៅក្នុងសហគមន៍ ប៉ុន្តែអាជ្ញាធររាជធានី-ខេត្ត ក៏ត្រូវ​ធ្វើការ​វាយតម្លៃតាមស្ថានភាពជាក់ស្តែងផងដែរ​។
 
ក្រៅពីយុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្កើនភាព​ស៊ាំ​ក្នុងសហគមន៍ លោក ហ៊ុន ម៉ានី កត់សម្គាល់ឃើញពី​ការ​ប្រឹងប្រែង​រួមគ្នាពីមហាជន ពលរដ្ឋ មន្ត្រីរាជការ និងកង​កម្លាំងទាំងអស់លើការ​អនុវត្តវិធានការ​ «៣កុំ ៣ការពារ» ជាមួយ​នឹងក្តីរំពឹង​ថា សង្គម​កម្ពុជាទាំងមូល​នឹងវិលត្រឡប់រកសភាពដើម​វិញ​។
 
នាបេសកកម្មនៅកំពង់ស្ពឺ ប្រតិភូ​គណៈកម្មការទី​៧សភា បាន​ទស្សនកិច្ចផ្ទាល់ទៅកាន់គ្រឹះស្ថានសិក្សាចំនួន២ ដែលរួមមាន សាលាបឋមសិក្សាសន្តិភាព និងវិទ្យាល័យ សុខា  ហើយ​ក៏បានផ្តល់ជូនសម្ភារៈមួយចំនួនជូនសាលារួមមាន៖ ម៉ាស ទឹកថ្នាំលាងដៃ ឡាបូចល័ត និងថវិកាជូនគ្រូបង្រៀនផងដែរ។
 
សូម​បញ្ជាក់ថា កាលពីថ្ងៃទី​១៥ ខែកញ្ញា ពោល​មុន​ការចុះពិនិត្យ​ដំណើរការ​សាលារៀននៅកំពង់ស្ពឺ លោក ហ៊ុន ម៉ានី និង លោក សំ រិទ្ធី អនុប្រធានគណៈកម្មការទី៧ បានធ្វើទស្សនកិច្ចទៅកាន់វិទ្យាល័យ ហ៊ុន សែន ថ្នល់ទទឹង ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល៕





Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com