កីឡាអន្តរជាតិ
អន្តរជាតិ
អតីតគ្រូជម្រើសជាតិថៃ ចង់ឃើញថៃនិងវៀតណាមជួបគ្នា នៅវគ្គផ្តាច់ព្រ័ត្រ AFF Suzuki Cup
28, Sep 2021 , 8:29 am        
រូបភាព
លោក Kiatisuk Senamuang ដែលធ្លាប់ជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃ ចង់ឃើញថៃនិងវៀតណាមជួបគ្នា នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Suzuki Cup 202០ ។



ក្នុងកម្មវិធីចែកពូលសម្រាប់ពាន់រង្វាន់ AFF Suzuki ឆ្នាំ២០២០នេះ វៀតណាមស្ថិតក្នុងពូល B ដែលរួមមានក្រុមគោព្រៃកម្ពុជា ឡាវ ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។ ចំណែកថៃវិញ ស្ថិតនៅក្នុងពូលA ជាមួយមីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ខណៈព្រុយណេ ឬទីម័រ ត្រូវប្រកួតជម្រុះយកកៅអីពូលAនេះ ។ 
 
លោក Kiatisuk Senamuang មើលឃើញថា ថៃមានក្តីសង្ឃឹមខ្ពស់ក្នុងការឆ្លងផុតពូល ដោយសារគម្រិតសមត្ថភាពក្រុមថៃ មានប្រៀបជាងគូប្រកួតនៅក្នុងពូលAនេះ។ អតីតគ្រូបង្វឹកជម្រើសជាតិថៃរូបនេះ បានប្រាប់កាសែត Thai Rath ដូច្នេះ៖«ចំពោះពូល A គឺជាពូលដែលងាយស្រួលជាងពូល B ដែលសំបូរទៅដោយក្រុមខ្លាំងៗ ហើយវៀតណាមនឹងត្រូវជួបការប្រកួតប្រជែងខ្លាំងក្លាដូចគ្នាក្នុងពូល B ដែលអាចជាការលំបាកដល់ពួកគេ»។
 
មិនត្រឹមតែឆ្លងផុតពូលនោះទេ លោក Kiatisuk ក៏ជឿជាក់ថា ថៃ នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រ និងជួបម្ចាស់ជើងឯកចាស់វៀតណាមទៀតផង។«ខ្ញុំជឿជាក់លើថៃក្នុងការស្វែងរកដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងពាន់ AFF CUP នេះថៃត្រូវការជ័យជម្នះសម្រាប់ពានមួយនេះនឹងសម្រាប់អ្នកគាំទ្រ។ វាពិតជាសំខាន់ខ្លាំងណាស់ ហើយ ខ្ញុំចង់ឃើញវៀតណាមជាដៃគូរប្រកួតប្រជែងជាមួយថៃ នៅវគ្គផ្តាច់ព្រ័ត្រ»។ នេះបើតាមអតីតគ្រូបង្វឹកថៃ។
 
លោក Kiatisuk Senamuang ធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិថៃ ដែលធ្លាប់បានជួយថៃលើកពាន AFF Suzuki Cup នេះ ចំនួន២លើកគឺឆ្នាំ ២០១៤ និង ២០១៦ ។ ប៉ុន្តែក្រោយពីបរាជ័យក្នុងការប្រកួតជម្រុះតំបន់អាស៊ីសម្រាប់ពានរង្វាន់ World Cup ២០១៨ លោក Kiatisuk ក៏បានសុំលាលែងពីដំណែងគ្រូបង្វឹកក្រុមជម្រើសជាតិក្នុងឆ្នាំ ២០១៧ តែម្តង។
 
ដោយឡែកការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 នឹងត្រូវចាប់ផ្តើមនាថ្ងៃទី០៥ ខែធ្នូឆ្នាំ ២០២១ ដល់ថ្ងៃទី១ ខែមករាឆ្នាំ ២០២២។ គួរបញ្ជាក់ថា វៀតណាម ជាម្ចាស់ជើងឯក AFF Suzuki Cup ២០១៨ ក្រោយយកឈ្នះម៉ាឡេស៊ី ដោយលទ្ធផល៣-២ ៕
 

Tag:
 AFF Suzuki Cup 2021
© រក្សាសិទ្ធិដោយ thmeythmey.com