ជាតិ
សេដ្ឋកិច្ច
ប្រាក់ឈ្នួលកម្មករ ឡើងបាន២ដុល្លារប៉ុណ្ណោះ នៅឆ្នាំ២០២២
28, Sep 2021 , 11:13 am        
រូបភាព
សកម្មភាពកម្មករ-កម្មការនីរោងចក្រ នៅតាមបណ្ដោយផ្លូវជាតិលេង៣ ចន្លោះផ្សារដើមរការ និងផ្សារត្រាំខ្នារ ចេញពីធ្វើការ នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។
សកម្មភាពកម្មករ-កម្មការនីរោងចក្រ នៅតាមបណ្ដោយផ្លូវជាតិលេង៣ ចន្លោះផ្សារដើមរការ និងផ្សារត្រាំខ្នារ ចេញពីធ្វើការ នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។
ឆ្លងកាត់ការពិភាក្សាគ្នាអស់រយៈពេល៤លើក ពីសំណាក់ត្រីភាគី គឺតំណាងរដ្ឋាភិបាល តំណាងនិយោជក (ថៅកែ) និង មេសហជីពតំណាងកម្មករនិយោជិត ប្រាក់ខែកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ វិស័យផលិតផលស្បែកជើង និង វិស័យផលិតផលធ្វើដំណើរ មិនត្រូវបានដំឡើងឡើយ ដោយរក្សាទុកនៅត្រឹម១៩២ដដែល។ ប៉ុន្តែសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចុងក្រោយបង្អស់ ដោយបន្ថែម២ដុល្លារទៀត ដូច្នេះ ក្នុងឆ្នាំ២០២២ កម្មករនិយោជិត ទទួលបាន១៩៤ដុល្លារ ក្នុង១ខែ។



សេចក្តីសម្រេចចុងក្រោយ ស្តីពីប្រាក់ខែកម្មករនិយោជិតក្នុងឆ្នាំ២០២២ ត្រូវបានចេញផ្សាយក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។ ក្រសួងការងារ សរសេរក្នុងសេចក្តីប្រកាសព័ត៌មានថា ចាប់ពីខែមករាតទៅ នៅឆ្នាំ២០២២ កម្មករនិយោជិត នឹងទទួលបានប្រាក់ខែ១៩៤ដុល្លារ ក្នុង១ខែ។ ប៉ុន្តែ ក្រសួងការងារ បញ្ជាក់ថា ១៩៤ដុល្លារ ក្នុង១ខែនេះ គឺសម្រាប់កម្មករនិយោជិតពេញសិទ្ធិ ដែលត្រូវទទួលបាន ចំណែកកម្មករនិយោជិតសាកល្បង ទទួលបានត្រឹម១៩២ដុល្លារប៉ុណ្ណោះ ក្នុង១ខែ។ 

ក្នុងខែកញ្ញា ឆ្នាំ២០២១នេះ ត្រីភាគី បានចាប់ផ្តើមជួបពិភាក្សាគ្នាស្តីពីការដំឡើងប្រាក់ខែជូនកម្មករនិយោជិត។ ត្រីភាគី បានបើកកិច្ចប្រជុំដល់ទៅ៤លើក ដូចរាល់ឆ្នាំដែរ មុននឹងធ្វើសម្រេចចុងក្រោយនាពេលនេះ។

តួលេខអំពីប្រាក់ខែកម្មករនិយោជិតនៅឆ្នាំ២០២២ មាន៣ គឺ២០៤ដុល្លារ ស្នើដោយមេសហជីពតំណាងកម្មករនិយោជិត ១៩២ដុល្លារដដែល ស្នើដោយតំណាងរដ្ឋាភិបាល និង ១៨៨ដុល្លារ ស្នើដោយតំណាងនិយោជក។ លទ្ធផលនៃការបោះឆ្នោត គឺ តួលេខ២០៤ដុល្លារ ទទួលបាន៦សំឡេង លើ៥១សំឡេង តួលេខ១៩២ដុល្លារ ទទួលបាន៤៥សំឡេង លើ៥១សំឡេង និង តួលេខ១៨៨ដុល្លារ ទទួលបាន០សំឡេង លើ៥១សំឡេង។

ដូច្នេះ សេចក្តីសម្រេច ត្រូវជ្រើសរើសយកតួលេខ១៩២ដុល្លារ។ ដោយសារមានការសម្រេចពីប្រមុខរដ្ឋាភិបាល ឲ្យដំឡើង២ដុល្លារទៀត ទើបធ្វើឲ្យប្រាក់ខែកម្មករនិយោជិត ឡើងបាន១៩៤ដុល្លារ ក្នុង១ខែ នៅឆ្នាំ២០២២។ 

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ ក៏ប្រាក់ខែកម្មករនិយោជិត ឡើងបានត្រឹមតែ២ដុល្លារដែរ គឺពី១៩០ដុល្លារ ក្នុងឆ្នាំ២០២០ ឡើងទៅ១៩២ដុល្លារ ក្នុងឆ្នាំ២០២១ ហើយ២ដុល្លារនេះ គឺប្រមុខរដ្ឋាភិបាល ជាអ្នកដំឡើងឲ្យ។ តំណាងរដ្ឋាភិបាល និងតំណាងនិយោជក មានហេតុផលដូចគ្នាថា ប្រាក់ខែកម្មករនិយោជិត ពិកបាកនឹងដំឡើង ដោយសារកម្ពុជា នៅបន្តមានបញ្ហាសេដ្ឋកិច្ច ដែលបណ្តាលមកពីការរាលដាលជំងឺកូវីដ-១៩៕ 


Tag:
 ប្រាក់ខែកម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com