កីឡាជាតិ
ជាតិ
អ្នក Design កីឡា​ដ៏ល្បីម្នាក់នៅបារាំងបង្ហាញគំរូអាវ Saint-Etienne ដោយភ្ជាប់ពាក្យស្លោកទេសចរណ៍កម្ពុជា
29, Sep 2021 , 11:21 am        
រូបភាព
Kit Concept របស់ Saintetixx ក្នុងករណីព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ក្លាយជាម្ចាស់ថ្មី​របស់ Saint-Etienne
Kit Concept របស់ Saintetixx ក្នុងករណីព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ ក្លាយជាម្ចាស់ថ្មី​របស់ Saint-Etienne
បើព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានជោគជ័យលើសំណើទិញក្លិប AS Saint-Étienne (ASSE) នៃក្របខណ្ឌ Ligue 1  ពិតមែន លោក Clement Thiery អ្នករចនាសម្លៀកបំពាក់កីឡា ដ៏ល្បីល្បាញ ម្នាក់នៅបារាំង មានគំរូអាវស្រាប់សម្រាប់ក្លិបដែលមានរហស្សនាមថា «បៃតង» (Les Verts) មួយនេះ។



អត្ថបទទាក់ទង


តាមរយៈបណ្តាញសង្គមរបស់ខ្លួន លោក Clement Thiery ដែលគេស្គាល់ជាទូទៅថា Saintetixx បានរចនាអាវក្នុងដីរបស់ AS Saint-Etienne ដែលមានពណ៌បៃតង។ នៅផ្នែកខាងមុខ អាវ មានរូបអង្គរវត្ត ភ្ជាប់ដោយពាក្យស្លោករបស់ក្រសួងទេសចរណ៍ «CAMBODIA Kingdom of Wonder, Feel the Warmth» ដែលមានន័យថា «កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅដល់ទេសចរណ៍»។

«វាគ្រាន់តែជាគំនិតដែលរចនាឡើងតាម 3D ប៉ុណ្ណោះ»។ Saintetixx បានបញ្ជាក់ប្រាប់សារព័ត៌មាន ThmeyThmey យ៉ាងដូច្នេះ តាមរយៈប្រអប់សារក្នុងបណ្តាញសង្គម Twitter ដែលនេះជាគំនិតរចនាមួយ ដូចដែលលោកបានធ្វើកន្លងមកសម្រាប់បណ្តាក្លិបបាល់ទាត់ផ្សេងៗទៀតនៅលើពិភពលោកផងដែរ។

យោងតាមការផ្សាយរបស់សារព័ត៌មានបារាំង Le Progres លោក Clement Thiery គឺជាអ្នកគាំទ្រក្លិប ASSE ម្នាក់ ហើយលោកមានបទពិសោធន៍លើការងារនេះជាមួយក្រុមហ៊ុនសម្លៀកបំពាក់ និងក្លិបអាជីពជាច្រើននៅបារាំង ក្នុងនោះមានដូចជា Le Coq Sportif - SOM Boulogne - Clermont Foot 63 - US Boulogne CO, US Orléans, Phénix Sport ជាដើម។

កាលពីថ្ងៃទី២៧ ខែកញ្ញា គេហទំព័រ Peuple Vert ដោយផ្អែកតាមឯកសារនានានៅលើ Warning-trading.com បានលើកឡើងពីការបន្តបោះជំហានទៅមុខរបស់ព្រះអង្គម្ចាស់នរោត្តម រ៉ាវីចក្រ លើសំណើទិញក្លិប ASSE។

លិខិតស្នាមទំនាក់ទំនងផ្សេងៗ ជាមួយ ASSE ត្រូវបានចុះព្រហស្តលេខាដោយព្រះអង្គម្ចាស់ នរោត្តម អម៉ារីធីវង្ស អនុប្រធានក្រុមហ៊ុន Royal Future International និងជាព្រះរៀមរបស់ព្រះអង្គម្ចាស់ រ៉ាវីចក្រ។

ឯកសារបង្ហាញថា ព្រះអង្គ រ៉ាវីចក្រ មានដៃគូជាច្រើន ក្នុងនោះមានក្រុមហ៊ុន ចំនួន១៧ និងម៉ាកផលិតផលចិនល្បីៗចំនួន២២ នៅពីក្រោយ៕



Tag:
 នរោត្តម រ៉ាវីចក្រ
  Saint-Etienne
© រក្សាសិទ្ធិដោយ thmeythmey.com