COVID-19
ជាតិ
បទសម្ភាសន៍
អភិបាលខេត្តសៀមរាប ៖ អាជ្ញាធរបានបទពិសោធន៍ពីការបិទខ្ទប់ ហើយពលរដ្ឋត្រូវអនុលោមតាមវិធានការរដ្ឋបាល
30, Sep 2021 , 3:01 pm        
រូបភាព
សៀមរាប៖ នៅរសៀលថ្ងៃទី៣០ កញ្ញា នេះ អភិបាលខេត្តសៀមរាបសម្រេចបិទបញ្ចប់ការដាក់ជាតំបន់ក្រហម និងលឿងទុំ ក្នុងភូមិសាស្រ្ដទូទាំងខេត្តសៀមរាប។ ២សប្ដាហ៍កន្លងមកនេះ អាជ្ញាធររៀនសូត្របានច្រើនពីបទពិសោធន៍ដែលទទួលបានពីការបិទខ្ទប់ក្រុងនេះ។ យ៉ាងណាមិញ អភិបាលខេត្តសៀមរាប លោក ទៀ សីហា ទទូចឱ្យពលរដ្ឋបន្តចូលរួមសហការដើម្បីកាត់ផ្ដាច់ទាំងស្រុងជំងឺកូវីដ-១៩ និងព្រលយសារព្រមានដល់ពលរដ្ឋណាដែលមិនគោរពតាមវិធានការរដ្ឋបាល ដែលអាចនឹងដាក់ទោសធ្ងន់ធ្ងរ ឬអាចស្នើទៅប្រមុខដឹកនាំ ដើម្បីដាក់ជាតំបន់ក្រហមឡើងវិញ។

 
អភិបាលខេត្តសៀមរាប បានដឹងយ៉ាងច្បាស់ពីផលប៉ះពាល់នៃការបិទខ្ទប់ក្រុងរយៈពេល២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៧ កញ្ញាមក។ យ៉ាងណា ក្នុងបំណងដើម្បីកាត់ផ្ដាច់ជំងឺកូវីដ-១៩ និងចង់ឱ្យសេដ្ឋកិច្ចខេត្តវិលទៅរកសភាពដើមវិញ គឺអភិបាលខេត្តបង្ខំចិត្តធ្វើរឿងទាំងនេះ។ នេះជាការលើកឡើងរបស់លោក ទៀ សីហា ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។

ព័ត៌មានពិស្ដារ សូមស្ដាប់បទសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗ ជាមួយអភិបាលខេត្តសៀមរាប លោក ទៀ សីហា តាមប្រព័ន្ធទូរសព្ទ ដូចតទៅនេះ៖
 


លោកអភិបាលខេត្តបន្តថា ផលប៉ះពាល់ធ្ងន់ធ្ងរអំឡុងពេលបិទខ្ទប់នេះ គឺកង្វះស្បៀងអាហារ និងការបាត់បង់ការងារធ្វើថែមមួយកម្រិតទៀតរបស់ប្រជាពលរដ្ឋ។ លោកបន្ថែមថា ក្រៅពីនេះ គឺការប្រើប្រាស់កម្លាំងច្រើន ចំណាយថវិកា និងពេលវេលាច្រើនអំឡុងពេលបិទខ្ទប់។ យ៉ាណាលោកអភិបាលបន្តថា បានបង្ខំចិត្តបិទខ្ទប់ក្រុងក៏ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ និងចង់ឱ្យខេត្តនេះឈានដល់ការបើកវិស័យទេសចរណ៍ឡើងវិញឆាប់ៗ។ 
 
ទោះបីបិទបញ្ចប់ការដាក់ជាតំបន់ក្រហម និងលឿងទុំក្នុងភូមិសាស្រ្ដខេត្តក៏ពិតមែន តែលោក ទៀ សីហា មើលឃើញប្រជាពលរដ្ឋមួយចំនួនមិនទាន់អនុវត្តតាមវិធានការនានារបស់ក្រសួង ឬរដ្ឋបាលខេត្តនោះទេ ដែលបញ្ហានេះ ធ្វើឱ្យមានករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅបុគ្គលដែលបានអនុវត្តត្រឹមត្រូវ។ លោកអភិបាលខេត្ត ព្រមានដាក់ទោសធ្ងន់ធ្ងរចំពោះបុគ្គលល្មើសវិធានការនេះ និងអាចស្នើទៅប្រមុខដឹកនាំ ដាក់តំបន់ក្រហមឡើងវិញ។ 
 
យ៉ាងណាមិញ រហូតដល់ពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ ក្នុងខេត្តមានការធូរស្រាលខ្លាំង ដ្បិតមានអ្នកឆ្លងច្រើន តែមិនមានសភាពធ្ងន់ធ្ងរនោះទេ។ លោកអភិបាលខេត្តពន្យល់ថា មកដល់ពេលនេះពលរដ្ឋក្នុងខេត្ត៩៣ភាគរយហើយដែលបានចាក់វ៉ាក់សាំង ហើយអ្នកដែលមានហានិភ័យនិងឈានដល់ធ្ងន់ធ្ងរ គឺមានតែមនុស្សចាស់ និងអ្នកដែលពុំទាន់ចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។ គិតត្រឹមថ្ងៃនេះ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលមានប្រមាណ ១,៤០០ នាក់៕

Tag:
 កូវីដ១៩
 ទៀ សីហា
© រក្សាសិទ្ធិដោយ thmeythmey.com