ជាតិ
សេដ្ឋកិច្ច
កម្ពុជា ជាម្ចាស់ប្រេងឆៅជិត៣០ម៉ឺនបារ៉ែលស្របច្បាប់ ហើយច្រានចោលការបកស្រាយរបស់ម្ចាស់នាវា MT Strovolos
30, Sep 2021 , 7:59 pm        
រូបភាព
សកម្មភាពបូមប្រេងរបស់ក្រុមហ៊ុន KrisEnergyកន្លងមកនៅប្លុកA។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
សកម្មភាពបូមប្រេងរបស់ក្រុមហ៊ុន KrisEnergyកន្លងមកនៅប្លុកA។ រូបថត៖ ក្រសួងរ៉ែ និងថាមពល
ភ្នំពេញ៖ វិវាទរវាងម្ចាស់នាវា MT Strovolos និងក្រុមហ៊ុន គ្រីសអេនើជី (KriEnergy) មិនពាក់ព័ន្ធជាមួយកម្ពុជាឡើយ។ ដូច្នេះប្រេងឆៅជិត៣០ម៉ឺនបារ៉ែល​ គឺជាកម្មសិទ្ធស្របច្បាប់របស់កម្ពុជា។

 
រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល បានច្រានចោលសេចក្តីថ្លែងការណ៍របស់ម្ចាស់នាវា MT Strovolos ដែលយកប្រេងឆៅរបស់កម្ពុជាចំនួន ២៩៥ ០០០បារ៉ែល នៅលើនាវាធ្វើជាកម្មវត្ថុនៃការទាមទារប្រាក់ពីកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី៣០កញ្ញានេះ។ 
 
«ក្រសួងរ៉ែនិងថាមពល បានឃើញ​ព័ត៌មាន និងការអះអាង​មិន​ពិត​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិ​លើ​ប្រេងក្នុង​សេចក្តីថ្លែងការណ៍​មួយចំនួន​របស់​ម្ចាស់​នាវា និង​អ្នកគ្រប់គ្រង​នាវា MT Strovolos ដែល​ចាំបាច់​ត្រូវ​កែតម្រូវ»​។ នេះបើតាមក្រសួងរ៉ែ ដែលបានអះអាងជាថ្មីថា ប្រេងដែលនាវា MT Strovolos​ លួច​ដឹក​ចេញពីដែនសមុទ្រកម្ពុជា គឺជាកម្មសិទ្ធរបស់កម្ពុជាយ៉ាងស្របច្បាប់។
 
កម្ពុជាតាមរយៈក្រសួងរ៉ែនិងថាមពលបានបន្តអះអាងដូច្នេះ៖ «ប្រេងឆៅ​ទាំងអស់ គឺជា​ទ្រព្យសម្បត្តិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​គ្រប់ពេលវេលា​ទាំងអស់​។ ការ​លួច ឬការរំលោភបំពាន​កម្ម​សិទ្ធិ​លើ​ប្រេងឆៅ ​ដោយ​ម្ចាស់​នាវា អ្នកគ្រប់គ្រង និង​ក្រុម​នាវិក​នៃ​នាវា MT Strovolos និង​បក្ខពួក​របស់គេ គឺជា​បទល្មើស​ក្រោម​ច្បាប់​កម្ពុជា​»។
 
បើតាមលោក ជៀប សួរ ដែលជាអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ន កម្ពុជាកំពុងធ្វើនីតិវិធីផ្លូវច្បាប់ ដើម្បីយកប្រេងឆៅរបស់ខ្លួនមកវិញ។ ប៉ុន្តែ លោកមិនទាន់អាចបញ្ជាក់អំពីការនាំយកប្រេងឆៅមកកម្ពុជា​ បាននៅពេលណាទេ។ លោក ជៀប សួរ ប្រាប់សារព័ត៌មានThmeyThmeyតាមប្រព័ន្ធតេលេក្រាម នារសៀលថ្ងៃទី៣០កញ្ញាយ៉ាងខ្លីដូច្នេះ ៖ «ខ្ញុំមិនអាចប៉ាន់ស្មានលើរយៈពេលនៃនីតិវិធីច្បាប់បានទេ»។ 
 
សូមរម្លឹកថា នាវឹក MT Strovolos បានលួចដឹកប្រេងឆៅរបស់កម្ពុជាចេញពីសមុទ្រ កាលពីថ្ងៃទី១៩មិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥សីហា អាជ្ញាធរប្រទេសឥណ្ឌូណេស៊ីផ្តល់ដំណឹងឱ្យកម្ពុជា ថា ខ្លួន​បាន​ចាប់​នាវា​ដឹក​ប្រេងឆៅជិត៣០ម៉ឺនបារ៉ែល និងប្រធាន​ក្រុម​នាវាដែលជា​ជនជាតិ​បង់​ក្លា​ដែ​សនិង​សមាជិក​នាវិកចំនួន១៨​នាក់ផ្សេងទៀត​។
 
ក្រោយ​ពី​​កងទ័ពជើងទឹក​ឥណ្ឌូណេស៊ី​ រឹបអូស​បាននាវា​MT Strovolos ទៅតាមការស្នើសុំ​របស់អាជ្ញាធរ​កម្ពុជា។ ក្រុមហ៊ុន World Tankers Management ដែលជាគ្រប់គ្រងនាវា MT Strovolos នោះ បានចេញមុខបដិសេធលើការចោទប្រកាន់នេះភ្លាមៗថា នាវានេះ មិនបានលួចប្រេងពីកម្ពុជាឡើយ។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនWorld Tankers Management នៅថ្ងៃទី២៧ សីហា បានបញ្ជាក់ថា នាវា MT Stro​vo​los ដែលនៅលើដែនទឹករបស់ឥណ្ឌូណេស៊ី ធ្វើឡើងក្រោមហេតុផលមនុស្សធម៌ និងធ្វើប្រតិបត្តិការតាមកិច្ចសន្យាតែប៉ុណ្ណោះ។
តែក្រសួងរ៉ែ និងថាមពល ចាត់ទុកការបកស្រាយរបស់ម្ចាស់នាវា MT Strovolos នេះ គឺផ្ទុយពីការពិត៕
 
 

Tag:
 ប្រេងឆៅ
  MT Strovolos
© រក្សាសិទ្ធិដោយ thmeythmey.com