ជាតិ
​​​ន​យោ​បាយ​ជាតិ​
ផ្លាស់ប្ដូរអភិបាលខេត្ត៧រូប ខណៈលោក ម៉ុម សារឿន ត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ
30, Sep 2021 , 4:30 pm        
រូបភាព
ភ្នំពេញ៖ ព្រះមហាក្សត្រ បានត្រាស់បង្គាប់ផ្លាស់ប្ដូរអភិបាលខេត្ត៧រូប ខណៈលោក ម៉ុម សារឿន ត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ នេះបើតាមព្រះរាជក្រឹត្យដោយឡែកពីគ្នារបស់ព្រះអង្គ។


 
អភិបាលខេត្តដែលត្រូវផ្លាស់ប្ដូរនោះ រួមមាន លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ត្រូវទៅធ្វើជាអភិបាលខេត្តកំពង់ធំ ជំនួសលោក សុខ លូ ដែលត្រូវមកដឹកនាំខេត្តបាត់ដំបងវិញ។ លោក ងួន រតនៈ ត្រូវបានតែងតាំងជាអភិបាលខេត្តបាត់ដំបង ជំនួសលោក ច័ន្ទ សុផល កាលពីខែតុលា ឆ្នាំ២០១៧ ។ រីឯលោក សុខ លូ ដឹកនាំខេត្តកំពង់ធំ បាន៤ឆ្នាំដែរ ក្រោយកាន់តំណែងជាអភិបាលខេត្ត ជំនួសលោក អ៊ុត សំអន នាដើមឆ្នាំ២០១៧។
 
ចំណែកអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ត្រូវផ្លាស់មកដឹកនាំខេត្តកំពត ជំនួសលោក ជាវ តាយ ដែលត្រូវទៅធ្វើជាអភិបាលខេត្តពោធិ៍សាត់។ លោក ម៉ៅ ធនិន បានដឹកនាំខេត្តពោធិ៍សាត់ជាង៧ឆ្នាំមកហើយ ចាប់ពីឆ្នាំ២០១៤ ជំនួសលោក ខូយ សុខា ។ លោក ជាយ តាវ បានឡើងកាន់តំណែងអភិបាលខេត្តកំពត លោក ចាន់ ចេស្ដារ កាលពីឆ្នាំ២០១៨។
 
ដោយឡែកលោក ញ៉ែម សំអឿន អភិបាលរង ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី ជំនួសលោក ថង សាវុន ដែលត្រូវផ្លាស់ទៅធ្វើអភិបាលខេត្តមណ្ឌលគិរី។ រីឯលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីវិញ ទៅគ្រប់គ្រងខេត្តស្ទឹងត្រែង ជំនួសលោក ម៉ុម សារឿន ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ លោក ម៉ុម សារឿន កាន់តំណែងអភិបាលខេត្តស្ទឹងត្រែង តាំងពីចុងឆ្នាំ២០១៦។

លោក ថង សាវុន ជាអភិបាលខេត្តរតនគិរី តាំងពីឆ្នាំ២០១៤ ជំនួសលោក ប៉ាវ ហមផាន ។ ចំណែកលោក ស្វាយ សំអ៊ាង បានដឹកនាំខេត្តមណ្ឌលគិរីជាង៥ឆ្នាំមកហើយ ដោយជំនួសលោក អេង ប៊ុនហ៊ាង អភិបាលខេត្តចាស់តាំងពីឆ្នាំ២០១៦មក៕
 
 
 

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ត្រូវទៅធ្វើជាអភិបាលខេត្តកំពង់ធំ


លោក ជាវ តាយ ពីអភិបាលខេត្តកំពតទៅធ្វើជាអភិបាលខេត្តពោធិ៍សាត់


លោក សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលខេត្តបាត់ដំបង


លោក ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត


លោក ថង សារុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី


លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង


លោក ញ៉ែម សំអឿន អភិបាលរង ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី


លោក ម៉ុម សារឿន ពីអភិបាលខេត្តស្ទឹងត្រែង ទៅជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ


Tag:
 អភិបាលខេត្ត
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com