ជាតិ
សេដ្ឋកិច្ច
កម្ពុជា​​ នាំចេញ«ម្រេច»ជាង២៧ម៉ឺនតោន ដោយកើន​ ៥៦០ភាគរយ
01, Oct 2021 , 9:39 pm        
រូបភាព
ភ្នំពេញ៖ ក្នុងរយៈពេល៩ខែមកនេះ កម្ពុជា សម្រេចការនាំចេញម្រេចទៅកាន់ទីផ្សារអន្តរជាតិ បានជាង២៧ម៉ឺនតោន។ ចំនួននេះ គឺបានកើនរហូតដល់ ៥៦២,៧១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២០។ របាយការណ៍ពីលោក វេង​ សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ទីផ្សារប្រទេសដែលនាំចូលម្រេចពីកម្ពុជា ច្រើនជាងគេ គឺវៀតណាម​។

 
កម្ពុជានាំចេញម្រេចបាន ២៧ ៣១៦តោន​ ក្នុងរយៈពេល៩ខែមកនេះ។  ក្នុងចំណោមម្រេច ដែលកម្ពុជាសម្រេចនូវការនាំចេញនេះ គឺមាន ២៦ ៦៨៦តោន បាននាំទៅទីផ្សារប្រទេសវៀតណាម។ បើយោងតាមរបាយការណ៍របស់លោក វេង សាខុន តួលេខម្រេចដែលកម្ពុជានាំចេញទៅវៀតណាមនេះ ស្មើប្រមាណ៩៧ភាគរយនៃការនាំចេញម្រេចសរុប។
 
រដ្ឋមន្ត្រីកសិកម្ម បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួន នាព្រឹកថ្ងៃទី១តុលានេះ ថា ក្រៅពីវៀតណាមហើយនោះ អាល្លឺម៉ង់ ជាទីផ្សារម្រេចរបស់កម្ពុជាលំដាប់លេខ២ ដោយដោយបាននាំចូលម្រេចពីកម្ពុជា ចំនួន៣១៤តោន និងលំដាប់លេខ៣ ជាប្រទេសថៃ ដែលនាំចូលម្រេចពីកម្ពុជា ១៨០តោន។ 
 
បន្ទាប់មក ទីផ្សារធំៗខាងលើ កម្ពុជាបាននាំម្រេចទៅ ប្រទេសបារាំង បានជាង៣១តោន, ប៊ែលហ្ស៊ិក បានជិត១៦តោន, តៃវ៉ាន់១៥តោន, ប៉ូឡូញ បាន៧តោន, សាធារណរដ្ឋឆេក បាន៦តោន, ជប៉ុន បាន៣,៤តោន, កូរ៉េខាងត្បូង បាន៣,២៥តោន, រុស្ស៊ីជិត២តោនកន្លះ, សិង្ហបុរី ជិត២តោន,  សហរដ្ឋអាម៉េរិក១,៧៥ តោន និងនាំកាន់ទៅទីផ្សារចំនួន៧ប្រទេស ក្នុងចំនួនម្រេច ប្រមាណ៥តោនទៀត ផងដែរ។ 
 
វៀតណាមក្រៅពីនាំចូលម្រេចរបស់កម្ពុជាហើយនោះ ក៏បាននាំផលិតផលកសិកម្មកម្ពុជាផ្សេងៗទៀតដែលស្ថិតនៅក្នុងលំដាប់លេខ១។  រយៈពេល៩ខែមកនេះ វៀតណាមក៏បាននាំចូលស្រូវពីកម្ពុជា បានជាង១,៦លានតោន,​ ដំឡូងមីស្រស់ជាង៣៨ម៉ឺនតោន, គ្រាប់ស្វាយចន្ទី ជាង៨៨ម៉ឺនតោន, គ្រាប់ពោត ជាង១១តោន, គ្រាប់សណ្តែកបាយ ២,៥ម៉ឺនតោន និងដំណាំផ្សេងៗទៀត។ នេះបើរបាយការណ៍របស់ វេង សាខុន៕
 

Tag:
 កសិកម្ម
  ម្រេច
© រក្សាសិទ្ធិដោយ thmeythmey.com