COVID-19
ជាតិ
អភិបាលខេត្តសៀមរាប៖ លែងមានការបិទខ្ទប់ តែបើល្មើសវិធានការរដ្ឋបាលខ្ញុំចាប់ទាំងអស់
02, Oct 2021 , 7:59 pm        
រូបភាព
សៀមរាប៖ ទោះបីជារដ្ឋបាលខេត្តសម្រេចរំសាយតំបន់បិទខ្ទប់ទូទាំងខេត្តក៏ដោយ តែការអនុវត្តវិធានការរដ្ឋបាល ឬការផាកពិន័យចំពោះអ្នកល្មើស នៅតែបន្តធ្វើ។ អភិបាលខេត្តសៀមរាប លោក ទៀ សីហា ព្រមានចំពោះពលរដ្ឋណាដែលមិនពាក់ម៉ាស់ និងជួបជុំគ្នាផឹក គឺអាជ្ញាធរចុះចាប់ភ្លាមៗ និងផាកពិន័យធ្ងន់ធ្ងរ។

 
សូមស្ដាប់ការលើកឡើងរបស់លោក ទៀ សីហា នាព្រឹកថ្ងៃទី១ តុលា ក្នុងពិធីប្រគល់យានយន្តឱ្យពលរដ្ឋវិញ ដែលបានល្មើសវិធានការរដ្ឋបាល អំឡុងពេលបិទខ្ទប់ក្រុងសៀមរាប៖ 
 


 «តិចទៀតយើងនឹងអនុវត្តច្បាប់ឱ្យតឹងរឹងជាងហ្នឹងទៅទៀត ប៉ុន្តែលែងមានការបិទខ្ទប់ហើយ តែបើបងប្អូនមានការល្មើសវិធានការរដ្ឋបាល គឺខ្ញុំដាក់វិធានការឱ្យតឹងរឹងជាងមុន ចាប់ផាកពិន័យ បើមិនពាក់ម៉ាស់ គឺខ្ញុំចាប់ទាំងអស់ ហើយប្រសិននៅទីធ្លាណាមានជុំគ្នា ចាប់ផ្តើមផឹកស៊ីពេលល្ងាចឡើង ពេលណាក៏ដោយឱ្យតែមានការជុំគ្នាផឹកស៊ី គឺខ្ញុំចាប់ទាំងអស់»។ នេះសារអភិបាលខេត្តសៀមរាប លោក ទៀ សីហា ទៅកាន់ប្រជាពលរដ្ឋក្រោយអាជ្ញាធរសម្រេចបិទបញ្ចប់ការបិទខ្ទប់តំបន់ផ្សេងៗដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ 


 
លោក ទៀ សីហា ពន្យល់ថា ទោះបីលែងមានការបិទខ្ទប់ក៏ពិតមែន តែជំងឺកូវីដ-១៩ នៅតែមាន នៅតែបង្កហានិភ័យដល់ពលរដ្ឋគ្រប់រូប ហើយលោកចង់ឃើញប្រជាពលរដ្ឋរៀនរស់បែបគន្លងថ្មី។ លោកបន្ថែមថា អត្រាឆ្លងក្នុងខេត្តសៀមរាបនៅតែមានអត្រាគួរឱ្យបារម្ភ ក្នុងនោះមានករណីស្លាប់២នាក់ក្នុងមួយថ្ងៃ។
 
ទាក់ទងនឹងអាជីវកម្មវិញ លោកអភិបាលខេត្តសុំឱ្យបន្តផ្អាកមួយរយៈទៀតសិន រង់ចាំអាជ្ញាធរចុះត្រួតពិនិត្យ និងរៀបចំឱ្យស្របតាមវិធានសុខាភិបាល ប្រសិនណាបើកលក់ គួរផ្តល់សេវាត្រឹមវេចខ្ចប់ និងការដឹកជញ្ជូនដល់អតិថិជន។ 
 
លោក ទៀ សីហា ចង់ឱ្យប្រជាពលរដ្ឋយល់ពីគោលបំណងរបស់អាជ្ញាធរ ដែលបានដាក់វិធានការតឹងរឹងនាពេលកន្លងមក នោះដើម្បីចង់ឃើញការរស់រៀនរបស់ប្រជាពលរដ្ឋ ដោយមិនចង់ឃើញពលរដ្ឋណាម្នាក់ស្លាប់ដោយសារជំងឺឆ្លងនេះទេ។ ហើយមួយទៀត ចង់ឱ្យសេដ្ឋកិច្ចខេត្តវិលត្រឡប់មកល្អឡើងវិញ មានលទ្ធភាពអាចបើកជើងហោះហើរ ប្រជាពលរដ្ឋមានការងារ និងរបររកស៊ីឡើងវិញ។
 
សូមបញ្ជាក់ដែរថា អាជ្ញាធរបានដកហូតយានយន្តប្រជាពលរដ្ឋសរុបជិត២០០គ្រឿង ដែលបានល្មើសវិធានការរដ្ឋបាល គឺបន្តធ្វើដំណើរក្នុងតំបន់បិទខ្ទប់ក្នុងក្រុងសៀមរាបនាពេលកន្លងមក ក្នុងនោះម៉ូតូ១៦៦គ្រឿង រថយន្ត៦គ្រឿង និងម៉ូតូសណ្ដោងរ៉ឺម៉ក​ ២គ្រឿង។ អាជ្ញាធរបានលើកលែងការផាកពិន័យ និងស្នើឱ្យពលរដ្ឋទាំងនោះចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចេះស្រឡាញ់សុខភាពខ្លួនឯង និងសមាជិកគ្រួសារ៕
 
 

Tag:
 ទៀ សីហា
  កូវីដ១៩
© រក្សាសិទ្ធិដោយ thmeythmey.com