ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ បញ្ចេញសាច់ប្រាក់ដុល្លារ៥០លានទៀត សម្រាប់ដាក់ដេញថ្លៃលើទីផ្សារអត្រាប្តូរប្រាក់
02, Oct 2021 , 9:59 pm        
រូបភាព
លោកស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា។ រូបថត៖ NBC
លោកស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជា។ រូបថត៖ NBC
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានបញ្ចេញសាច់ប្រាក់ចំនួន៥០លានដុល្លារទៀត សម្រាប់ដាក់ឱ្យដេញថ្លៃនៅលើទីផ្សារអត្រាប្តូរប្រាក់ ជាមួយគ្រឹះស្ថានធនាគារ និងស្ថាប័នហិរញ្ញវត្ថុទាំងអស់នៅកម្ពុជា។ បើតាម លោកស្រី ជា សិរី ដែលជាអគ្គនាយិកាបច្ចេកទេសធនាគារជាតិ  ការបញ្ចេញប្រាក់ដុល្លារដាក់ឱ្យដេញថ្លៃនៅលើទីផ្សារទៀតនេះ គឺដើម្បីចូលរួមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេស គឺអត្រាប្តូរប្រាក់នៅកម្ពុជា។ បច្ចុប្បន្ន  អត្រាប្តូរប្រាក់នៅកម្ពុជា មានរង្វង់ ៤ ១០០រៀល ក្នុងមួយដុល្លារអាម៉េរិក។

 
 
កាលពី​ថ្ងៃទី១តុលា ធនាគារជាតិ បានប្រកាសបញ្ចេញ​ប្រាក់​ចំនួន៥០លាន​ដុល្លារអាម៉េរិកទៀត ​សម្រាប់​ឱ្យគ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​អាជីវករ​ប្តូរប្រាក់ ​ចូលរួម​ដេញថ្លៃ ​ដែលនឹងធ្វើឡើងនៅ​ថ្ងៃទី៤​តុលា ឆ្នាំ២០២១។ ធនាគារជាតិ បានបញ្ជាក់ថា «ចំពោះ​អត្រា​ដេញថ្លៃ​អប្បរមា​នឹងត្រូវ​ប្រកាស​នា​ព្រឹក​នៃ​ថ្ងៃ​ដេញថ្លៃ​ជាក់ស្ដែង»។ 
 
ធនាគារជាតិ បានបញ្ចេញសាច់ប្រាក់ដុល្លារអាម៉េរិកជាបន្តបន្ទាប់សម្រាប់ឱ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវកម្មប្តូរប្រាក់ ចូលរួមដេញថ្លៃ ដើម្បីជួយរក្សាតម្លៃអត្រាប្តូរប្រាក់នៅកម្ពុជា ចាប់តាំងពីខែមករា ឆ្នាំ២០២១ មក។  បើតាម លោកស្រី ជា សិរី ការបញ្ចេញប្រាក់ដុល្លារដើម្បីទិញប្រាក់រៀលពីទីផ្សារមកវិញនេះ គឺដោយសារ​ភាពតភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចអន្តជាតិ និងការកើតឡើងរលកថ្មីៗនៃជំងឺកូវីដ-១៩ បានបង្កឱ្យមានភាពរអាក់រអួលដល់សកម្មភាពសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសមួយចំនួនក្នុងពិភពលោក ដែលឥទ្ធិពលនេះបានបង្កើតជាសម្ពាធដល់ដំណើការ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិ។ 
 
អគ្គនាយិកាបច្ចេកទេស​ធនាគារជាតិរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey តាមប្រព័ន្ធតេលេក្រាម នាព្រឹកថ្ងៃទី២តុលា ថា៖ «ដើម្បីកាត់បន្ថយឥទ្ធិពលអវិជ្ជមាននេះ និងជួយទ្រទ្រង់ដល់ការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច រដ្ឋាភិបាលនិងធនាគារកណ្តាល បានអនុវត្តនូវគោលនយោបាយគាំទ្រមួយចំនួនដើម្បីបន្តនិរន្តភាពសេដ្ឋកិច្ច និងសិ្ថរភាពប្រព័ន្ធហិរញ្ញវត្ថុ។ ជាក់ស្តែង ក្នុងគោលដៅចូលរួមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេស អត្រាប្តូរប្រាក់។ គិតត្រឹម៩ខែក្នុងឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បានធ្វើអន្តរាគមន៍[លក់ប្រាក់ដុល្លារអាម៉េរិក]ក្នុងទីផ្សារប្តូរប្រាក់ មានចំនួន ៣៤៦,២លានដុល្លារអាម៉រិក»។
 
គោលនយាបាយរូបិយវត្ថុរបស់ធនាគារជាតិ ក្នុងការបញេ្ចញលុយដុល្លារដើម្បីទិញលុយរៀលចូលវិញនេះ គឺរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឬអត្រាប្តូរប្រាក់ ដែលបានរួមចំណែកជាចម្បងក្នុងការកសាងទំនុកចិត្តរបស់វិនិយោគិនមកលើសេដ្ឋកិច្ចកម្ពុជា ដោយឆ្លុះបញ្ចាំងតាមរយៈការបន្តហូរចូលនូវវិនិយោគអន្តរជាតិនៅកម្ពុជា។  នេះជាការលើកឡើងរបស់លោកស្រី សិរី ដោយបានបន្តដូច្នេះ៖ «លើសពីនេះ ស្ថិរភាពអត្រាប្តូរប្រាក់ ក៏បានជួយទ្រទ្រង់ជីវភាពប្រជាជន ដែលមានចំណូលជាប្រាក់រៀល ដោយរក្សាបាននូវអំណាចទិញ ព្រមទាំងចូលរួមកាត់បន្ថយសម្ពាធអតិផរណាផងដែរ ដោយសារការប្រែប្រួលអត្រាប្តូរប្រាក់មានទំនាក់ទំនងដោយផ្ទាល់ជាមួយអតិផរណា»។ 
 
លោកស្រី សិរី បានអះអាង ថា ក្នុងករណីបើធនាគារជាតិខកខានមិនបានធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់នេះ នឹងបណ្តាលឱ្យកើតឡើងនូវអសិ្ថរភាពអត្រាប្តូរប្រាក់ ក៏ដូចជាកំណើនខ្ពស់នៃអតិផរណាផងដែរ។ ព្រោះ រវាងអត្រាប្តូរប្រាក់ជាមួយអតិផរណា គឺមានទំនាក់ទំនងខ្លាំងនិងដោយផ្ទាល់ជាមួយគ្នា។ លើសពីនេះ លោកស្រី បានសង្កត់ធ្ងន់ថា ការហក់ឡើងខ្ពស់នៃអត្រាទាំងពីរ នឹងបង្កឱ្យមានអស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបង្កជាកត្តាអវិជ្ជមានដល់ការស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច ដែលកំពុងរងប៉ះពាល់ស្រាប់ដោយវិបត្តិកូវីដ-១៩៕ 

Tag:
 NBC
  ជា សិរី
© រក្សាសិទ្ធិដោយ thmeythmey.com