ជាតិ
​​របាយការណ៍៖ ១២ឆ្នាំ កម្ពុជាបាត់បង់ព្រៃឈើអស់ ២,៧លានហិកតា​
03, Oct 2021 , 9:59 am        
រូបភាព
ភ្នំពេញ៖ ចន្លោះពីឆ្នាំ ២០០៦ ដល់ ២០១៨ កម្ពុជាបានបាត់បង់ព្រៃឈើអស់ចំនួន ២,៧លានហិកតា​ នៅក្នុងគ្រប់តំបន់អេកូឡូស៊ីទាំងអស់។ នេះបើតាមរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៤របស់ក្រសួងបរិស្ថាន ដោយបានបញ្ជាក់ថា ក្នុងចំណោមព្រៃឈើដែលបានបាត់បង់នេះ មានច្រើនជាងគេគឺនៅតំបន់មេគង្គខាងកើត និងតំបន់ទំនាបកណ្តាល។



យោង​តាមរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៤របស់ក្រសួងបរិស្ថាន នៅក្នុងឆ្នាំ១៩៦៥ កម្ពុជាមានព្រៃឈើ ជាង៧៣ភាគរយនៃផ្ទៃប្រទេស។ ប៉ុន្តែបើគិតត្រឹមចាប់ពីឆ្នាំ២០០៦ អត្រាគម្របព្រៃឈើរបស់កម្ពុជាទាំងនោះ បានធ្លាក់មកត្រឹម៥៩,៩ភាគរយ ហើយបន្តធា្លក់ចុមកនៅ៥៧,៧ភាគរយក្នុងឆ្នាំ២០១០។ គម្របព្រៃឈើនេះ ក៏បន្តធា្លក់នៅសល់ក្នុងអត្រា៤៩,៤៨ភាគរយ ក្នុងឆ្នាំ២០១៤ និងនៅត្រឹម ៤៨,១៤ភាគរយ ក្នុងឆ្នាំ២០១៦ ដោយបន្តធា្លក់ចុះទៀត នៅត្រឹម៤៦,៨៦ភាគរយ ដែលស្មើនឹងព្រៃនៅសល់ទូទាំងប្រទេសចំនួន ៨ ៥១០ ៨០៧ហិកតា ប៉ុណ្ណោះ។ 
 
ក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងចន្លោះឆ្នាំ២០០៦ ដល់២០១៨ ប្រទេសកម្ពុជាបាត់បង់ព្រៃឈើអស់ចំនួន ២,៧លានហិកតា នៅក្នុងតំបន់អេកូឡូស៊ីទាំងអស់។ «តំបន់មេគង្គខាងកើត និងតំបន់ទំនាបកណ្តាល បានបាត់បង់ព្រៃឈើក្នុងទំហំផ្ទៃដីធំជាងគេបំផុត ចំនួន ៧៦០ ០០០ហិកតា ក្នុងមួយតំបន់។ ចំណែកគម្របព្រៃឈើក្នុងតំបន់ជុំវិញភ្នំក្រវាញ ហាក់នៅថេរ»។ នេះបើរបាយការណ៍ស្ថានភាពបរិស្ថានលើកទី៤។ 
 
កត្តាជំរុញឱ្យមានការបាត់បង់ព្រៃឈើនិងជីវចម្រុះនៅកម្ពុជានោះ មាន៖ ការពង្រីកដីកសិកម្មយ៉ាងឆាប់រហ័សពីដីព្រៃ ការផ្តល់សម្បទានដីសេដ្ឋកិច្ចសម្រាប់កសិឧស្សាហកម្មខ្នាតធំ និងការបែងចែកកម្មសិទ្ធដីធ្លីក្រោមសម្បទានដីសង្គមកិច្ច និងការអនុវត្តកសិកម្មមិនចីរភាព ដែលបានប៉ះពាល់ជីជាតិដី និងផលិតភាពដំណាំ រួមទាំងការប្រើប្រាស់សារធាតុគីមី(ថ្នាំពុល និងជីគីមី)...។ 
 
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់របាយការណ៍ស្ថានភាពបរិស្ថានលើកទី៤ និងសៀវភៅធនធានគម្របព្រៃឈើកម្ពុជាប្រចាំឆ្នាំ២០១៨ កាលពីថ្ងៃទី២៣កញ្ញា ឆ្នាំ២០២១ ថា ការធ្លាក់ចុះនៃធនធានគម្របដីព្រៃឈើកម្ពុជានេះ គឺដោយសារកំណើនប្រជាជន និងតម្រូវការដីកសិកម្ម។ បើតាមលោក នេត្រ ភក្ត្រា ទន្ទឹមនឹងកំណើនប្រជាជននេះ តម្រូវការដីធ្វើកសិកម្ម ក៏ជាមូលហេតុនៃការធ្លាក់ចុះធនធានគម្របដីព្រៃឈើជាបន្តបន្ទាប់នេះដែរ។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះបាននិយាយដូច្នេះ៖ «ជាង២ទសវត្សរ៍មកនេះ ផ្ទៃដីគម្របព្រៃឈើកម្ពុជាជាច្រើន ត្រូវបានបំលែងទៅជាដីកសិកម្ម ព្រមទាំងទទួលការបំពុល»។

 
កម្ពុជា ជាប់ជាប្រទេសនៅរក្សាបានគម្របព្រៃឈើខ្ពស់ជាងគេបំផុតមួយ នៅតំបន់អាស៊ីអាគ្នេយ៍ ។​ ប៉ុន្តែកម្ពុជាក៏បាត់បង់ព្រៃឈើក្នុងបរិមាណគួរឱ្យគត់សម្គាល់ ជាងពីរទសវត្សរ៍កន្លងមកដែរ៕
 

Tag:
 ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com