COVID-19
ជាតិ
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ៖ វត្តខ្មែរនៅកម្ពុជាក្រោម ទទួលពុទ្ធបរិស័ទធម្មតា តែកាត់បន្ថយពិធីសាសនា ដើម្បីបង្ការកូវីដ-១៩
04, Oct 2021 , 9:19 am        
រូបភាព
ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅវត្តអង្គររាជបុរី ក្នុងខេត្តព្រះត្រពាំង បច្ចុប្បន្នខេត្តត្រាវិញរបស់វៀតណាម នាំគ្នាពូតបាយបិណ្ឌ។ រូបថត ឯកសារ
ពលរដ្ឋខ្មែរកម្ពុជាក្រោមនៅវត្តអង្គររាជបុរី ក្នុងខេត្តព្រះត្រពាំង បច្ចុប្បន្នខេត្តត្រាវិញរបស់វៀតណាម នាំគ្នាពូតបាយបិណ្ឌ។ រូបថត ឯកសារ
ភ្នំពេញ៖វត្តខ្មែរនៅកម្ពុជាក្រោម ទទួលពុទ្ធបរិស័ទធម្មតា តែកាត់បន្ថយពិធីសាសនា ដើម្បីបង្ការកូវីដ-១៩។ បើតាមលោក ប៊ុន ម៉ានី ដែលជាប្រធានសមាគមខ្មែរកម្ពុជាក្រោម នារដូវភ្ជុំបិណ្ឌនេះ គ្រប់វត្តអារាមនៅខ្មែរកម្ពុជាក្រោម  មិនរៀបចំពិធីរាប់បាត្រ, ពិធីទទួលធម៌តាមផ្ទះ, ពិធីបោះបាយបិណ្ឌ និងផ្អាកកម្មវិធីសម្តែងព្រះធម៌ទេសនា ជាដើម ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ តាមវិធានការអាជ្ញាធរវៀតណាម។

 
លោក ប៊ុន ម៉ានី ប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម បានលើកឡើងថា  ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ របស់ពលរដ្ឋខ្មែរនៅកម្ពុជាក្រោម នាឆ្នាំនេះ គឺត្រូវបានអាជ្ញាធរវៀតណាម រឹតត្បិត និងហាមរៀបចំកម្មវិធីមួយចំនួន ក្រោមហេតុផលទប់សា្កត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។   បើតាមលោក ម៉ានី អាជ្ញាធរវៀតណាម បានហាមគណៈកម្មការតាមវត្តខ្មែរទាំងអស់នៅកម្ពុជាក្រោម ដែលមានចំនួន៤៦៥វត្ត មិនឱ្យរៀបចំកម្មវិធីរាប់បាត្រ រួមទាំង ហាមមិនឱ្យជួបជុំពុទ្ធបរិស័ទក្នុងវត្តអារាម លើសពី២០នាក់ក្នុងមួយថ្ងៃឬមួយវេនឡើយ។ 
 
ក្រៅពីនេះ វៀតណាម ក៏បានហាមពលរដ្ឋមិនឱ្យនិមន្តព្រះសង្ឃទៅឆាន់ចង្ហាន់(ទទួលភត្ត) នៅតាមផ្ទះ តាមទម្លាប់ប្រចាំឆ្នាំរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម ផងដែរ។  លោក ម៉ានី ក៏មានការព្រួយបារម្ភដល់ព្រះសង្ឃនៅតាមវត្តអារាមនានា ប្រឈមនឹងការអត្តខាត់ចង្ហាន់ផងដែរ ពាក់ព័ន្ធវិធានការរបស់រដ្ឋាភិបាលវៀតណាម ទប់ស្កាត់ជំងឺកូវីដ-១៩ នាអំឡុងពេលប្រារព្ធពិធីភ្ជុំបិណ្ឌនេះ។


រូបតំណាង៖ ពលរដ្ឋខ្មែរនៅកម្ពុជា កំពុងចូលរួមពិធីបោះបាយបិណ្ឌ នៅវត្តមុនីរង្សីមេពាំង ដែលស្ថិតក្នុងខេត្តព្រះត្រពាំងនៃកម្ពុជាក្រោម នាឆ្នាំកន្លងមក៕
 
 «ការឆ្លងជំងឺកូវីដ-១៩ខ្លាំងនៅក្នុងប្រទេសវៀតណាមនេះ បានធ្វើឱ្យកម្មវិធីនានាក្នុងពិធីភ្ជុំបិណ្ឌនៅតាមវត្តអារាមក្នុងទឹកដីកម្ពុជាក្រោមរបស់យើងហ្នឹង  ត្រូវបានផ្អាកច្រើនមែនទែន»។ នេះជាការលើកឡើងរបស់លោក ប៊ុន ម៉ានី ដោយបានបន្តរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទថា   ៖ «វត្តចំនួនក៏មានពុទ្ធបរិស័ទយកចង្ហាន់ទៅខ្លះៗដែរ។ ប៉ុន្តែចង្ហាន់នោះមិនមានច្រើនទេ ហើយពុទ្ធបរិស័ទដែលយកចង្ហាន់ទៅវត្ត គឺគ្រាន់តែផ្ទេរចង្ហាន់ហើយភ្លាមក៏ត្រលប់មកផ្ទះវិញ ដោយមិននៅជុំជួបគ្នានៅក្នុងវត្តរហូតដល់ព្រះសង្ឃសូត្រធម៌ ឬវេរចង្ហាន់ហើយ ទេ »។ 
 
ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនៅវត្តវត្តមុនីរង្សីមេពាំង ក្នុងខេត្តព្រះត្រពាំងនៃទឹកដីកម្ពុជាក្រោម បានគោរពតាមកាណែនាំរបស់អាជ្ញាធរវៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ព្រះភិក្ខុ ថាច់ ថយ ដែលគង់នៅវត្តមុនីរង្សីមេពាំង ក្នុងខេត្តព្រះត្រពាំង នៃទឹកដីកម្ពុជាក្រោម បានលើកឡើងថា៖«វត្តអាត្មា ធ្វើពិធីភ្ជុំបិណ្ឌនេះឡើង គឺគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលវៀតណាម ដោយយើងឧស្សាហ៍អនាម័យលាងដៃនឹងសាប៊ូ មានអាល់កុលសម្លាប់មេរោគ, យើងពាក់ម៉ាស់, យើងមិនប្រមូលផ្តុំគ្នា និងរក្សាគម្លាតសុវត្ថិភាពជាប្រចាំ»។ 
 
ក្រៅពីគោរពតាមវិធានការសុខាភិបាលប្រទេសវៀតណាមហើយនោះ វត្តមុនីរង្សីមេពាំង ក៏បានផ្អាកការរៀបចំកម្មវិធីសូត្រធម៌បទបរាភវសូត្រនៅលើព្រះវិហារនាពេលទៀបភ្លឺ ផ្អាកពិធីបោះបាយបិណ្ឌ ពិធីរាប់បាត្រ ផ្អាកពិធីសូត្រមន្តនានា និងផ្អាកសម្តែងព្រះធម៌ទេសនា ផងដែរ។ ព្រះភិក្ខុ ថាច់ ថយ បានប្រាប់សារព័ត៌មានThmeyThmey ដូច្នេះ៖«យើងបង្ខំចិត្តផ្អាកកម្មវិធីទាំងនេះ គឺដើម្បីកាត់បន្ថយការជួបជុំពុទ្ធបរិស័ទ ក្នុងន័យចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ដល់ពលរដ្ឋខ្មែរកម្ពុជាក្រោមយើង»។
 
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ជាពិធីបុណ្យបែបព្រះពុទ្ធសាសនាធំជាងគេនៅកម្ពុជា ព្រោះពិធីបុណ្យនេះ  ត្រូវប្រារព្ធធ្វើឡើងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១រោចដល់១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ៕ 
 

ទិដ្ឋភាពវត្តមុនីរង្សី មេពាំង ក្នុងខេត្តព្រះត្រពាំងនៃកម្ពុជាក្រោម កាលពីថ្ងៃកាន់បិណ្ឌទី១ នាថ្ងៃទី២២កញ្ញា ឆ្នាំ២០២១។

 

Tag:
 ជុំបិណ្ឌ
  ខ្មែរកម្ពុជាក្រោម
  លោក ប៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com