ជាតិ
តើប៉ូលិស​ចរាចរណ៍គួរធ្វើ​បែបណាដើម្បី​ចាប់អ្នក​បើ​កបរល្មើស​ច្បាប់ដោយមិន​ប្រើ​ហិង្សា?
03, Oct 2021 , 5:25 pm        
រូបភាព
អ្នក​ខ្លះជិះបកក្រោយ អ្នកខ្លះទាញទូរសព្ទសុំអន្តរាគមន៍​ អ្នកខ្លះមិន​ព្រមបើកកញ្ចក់រថយន្ត ហើយអ្នក ខ្លះទៀត​ប្រើសំដីគំរោះគំរើយ និង​ស្រែក​ជេរ​សមត្ថកិច្ច។ នគរបាល​ចរាចរណ៍ច្បាស់​ជា​​ធ្លាប់​មានប្រវត្តិ ជួបទិដ្ឋភាព​ទាំងនេះ។ ប៉ុន្តែ​ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអនុវត្តច្បាប់​ នៅតែត្រូវបាន លើកទឹក ​ចិត្ត​ឲ្យ​ ដោះស្រាយ​បញ្ហា​ដោយសន្តិវិធី ចៀសវាង​ការ​ប្រើ​ប្រាស់​ហិង្សា​តប​ត​គ្រប់រូបភាព។

 
កាលពីពេល​ថ្មីៗ​កន្លងមក ប៉ូលិស​ចរាចរណ៍ម្នាក់​រង​ការចោទប្រកាន់ថា បានយក​អាយកូម ​វាយ​ក្បាល​ ស្ត្រីម្នាក់​រហូត​ដល់​ បែកឈាម និងធ្លាក់ពីលើម៉ូតូ។ រឿងរ៉ាវ​ បាន​កើតឡើង​ដោយសារ​តែ​បុរស​ដែល បាន​ឌុប​ស្ត្រីរូបនោះ បានជិះបក​ក្រោយដើម្បីគេចពីការត្រួតពិនិត្យ​ ខណៈដែលពួក​គេសុទ្ធ តែមិន ​បាន​ពាក់មួកសុវត្ថិភាព។
 
«ខ្ញុំមិនលើកទឹកចិត្តឲ្យពលរដ្ឋខ្មែរយើង រំលោភច្បាប់ដោយអត់ពាក់មួកសុវត្ថិភាព ពេលកំពុងបើក ឬជិះម៉ូតូនោះទេ។ ប៉ុន្តែ ការពិន័យតាមរូបភាពវាយដំ ឬទាញទម្លាក់ពីលើម៉ូតូ ឬស្ទាក់ឲ្យគ្រោះថ្នាក់ ជាយថាហេតុបែបនេះ មិនគួរកើតមានពីសំណាក់សមត្ថកិច្ចនោះឡើយ»។ នេះជាមតិយោបល់មួយ ​ក្នុង​ចំណោម​មតិយោបល់​ដ៏ច្រើន​សន្ធឹកសន្ធាប់ ដែលបាន​ចាប់អារម្មណ៍ទង្វើ​ហិង្សា​របស់មន្ត្រី ជាជាង​ការ​ប្រព្រឹត្តល្មើស​ច្បាប់​របស់អ្នក​បើក​ម៉ូតូ។
 
សៀវភៅ «ទស្សនៈសម្តេច​ក្រឡាហោម ស ខេង» ដែល​រៀបរៀងដោយ លោក រ៉េន រតនៈ មាន​សម្រង់ជាច្រើន​ទាក់ទងនឹង​ប្រសាសន៍​របស់ សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លើ​ការអនុវត្ត​ច្បាប់​​ចរាចរណ៍។ 
 
«សូម​ឲ្យ​យក​ចិត្តទុក​ដាក់គោរព​សីលធម៌​វិជ្ជាជីវៈ ទន់ភ្លន់​ តែម៉ឺងម៉ាត់ ដើម្បី​បាន​ការគាំទ្រ និង​ការចូលរួម ពីប្រជាពលរដ្ឋ​។ ធ្វើ​យូរៗទៅ​នឹង​អាច​ទៅជា​របត់មួយហើយ»។ ប្រសាសន៍របស់​សម្តេច ស ខេង នាពិធីផ្សព្វផ្សាយ​របាយការណ៍មួយ​កាលពី​ខែឧសភា ឆ្នាំ​២០២០ គឺដើម្បីលើកទឹក​ចិត្ត​មន្ត្រីនគរបាល ​ចរាចរណ៍​បន្ត​ពង្រឹង​ការអនុវត្តច្បាប់ចរាចរណ៍ ប៉ុន្តែ​ជាមួយ​នឹង​កាយ​វិការទន់ភ្លន់។
 
ទាក់ទងនឹង​ករណីនេះ លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាយល់ថា មន្រី្តនគរបាលមួយចំនួនខ្វះសីលធម៌ក្នុងការអនុវត្តការងារ ទើបប្រើ​អំណាចរបស់ខ្លួនលើសព្រំដែន ឈានដល់អំពើហិង្សាជាដើម។ 
 
«មន្រី្តនគរបាលនិងអាជ្ញាធរទាំងត្រូវគោរព​ច្បាប់ក្នុងការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវ ហើយក៏មិនត្រូវ ប្រើប្រាស់អំពើហិង្សាលើប្រជាពលរដ្ឋដែរ។ ក្នុងនាមខ្ញុំជាអ្នកធ្វើការខាងសង្គមប្រជាធិបតេយ្យ សំណូម ពរឲ្យអាជ្ញាធរពាក់ព័ន្ធ ពង្រឹងការអនុវត្តច្បាប់ឡើងវិញ។ ហើយត្រូវបង្កើនការអប់រំ និង បណ្ដុះបណ្ដាល ក្រមសីលធម៌ក្នុងការអនុវត្តការងាររបស់ខ្លួន»។ នេះបើតាមការលើកឡើរបស់លោក ចន្ទរឿន ដោយបន្ថែមថា សីលធម៌ជាផ្នែកមួយដែលបង្រៀនសតិមនុស្សឲ្យដឹងថាអ្វីគួរឬមិនគួរ។ 
 
អ្នក​វិភាគ​សង្គម​វាយតម្លៃថា កម្ពុជាមានវិធានការ និងច្បាប់សមគួរហើយ ដើម្បីដោះស្រាយបញ្ហា ចរាចរណ៍នេះ ប៉ុន្តែនៅឡើយ តែអ្នកអនុវត្ត។ ចំពោះសមត្ថកិច្ច គួររៀបចំដាក់ ប៉ារ៉ាស់ និងមធ្យោបាយត្រួតពិនិត្យឲ្យមានភាពរឹងមាំ ដើម្បីកុំឲ្យមានអ្នកជិះរត់គេចឬប៉ះត្រូវអាជ្ញាធរ រួមទាំងរងគ្រោះអ្នកបើកបរខ្លួនឯង។ គួរឲ្យកត់សម្គាល់ប៉ូលិសចរាចរណ៍ មានចំណុចខ្លះខាតច្រើន ដូចជា ពួនស្ទាក់ សម្ភារៈចុះប្រតិបត្តិការ និងការយល់ដឹងជាដើម។ 
 
​ដើម្បីកុំឲ្យប៉ះទង្វិចគ្នារវាងពលរដ្ឋ និងប៉ូលិស ខណៈពេលបើកបរ លោក សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជាថា អ្នកធ្វើណើរគ្រប់ត្រូវគោរពច្បាប់ចរាចរណ៍ ដែលជាការ ការពារអាយុជីវិត រួមសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិផងដែរ។ សំខាន់ជាងនេះទៅទៀត អាជ្ញាធរដែលជាក្រុមប៉ូលិសចុះអនុវត្តផ្ទាល់ត្រូវ រៀបចំប៉ុស្តិ៍ត្រួតពិនិត្យឲ្យមានចំណាំងផ្លាត មានសញ្ញា និងប៉ារ៉ាស់រឹងមាំ​ជាដើម។
 
អ្នកតាមដានសង្គមរូបថ្លែងថា៖ «មិនមែនដាក់កម្លាំងឲ្យច្រើនដើម្បីត្រួតពិនិត្យ ឬសម្រាប់ ផាកពិន័យ ឡើយ ត្រូវមានប៉ារ៉ាស់រឹងមាំ ទើបអ្នកល្មើសមិនអាចគេច។ ហើយអ្នកល្មើសច្បាប់ចរាចរណ៍ ក៏ពិចារណាឡើយវិញផងដែរ គួរគោរពច្បាប់។ បើខុសក៏ចុះជជែកដោះស្រាយគ្នាទៅ ព្រោះបើជិះគេចនឹងគ្រោះថ្នាក់ដល់ខ្លួន និងអ្នកនៅជុំវិញនោះ»។ ជាមួយគ្នាដែរគ្នាដែរ លោកសង្កត់ធ្ងន់ថា បើអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ ហើយព្យាយាមរត់គេច ប្រឈមនឹងការបង្កផ្សេងទៀត រហូតដល់ឡើងតុលាការជាដើម។ 
 
កម្ពុជានឹងមានការប៉ុស្តិ៍ត្រួតពិនិត្យកាន់តែតិចទៅៗ  នៅពេលដែលក្រុមការងារក្រសួងសារធារណ និងដឹកជញ្ជូន បំពាក់ម៉ាស៊ីនថតដងផ្លូវ ហើយយានយន្តមាន QR Code កាន់តែច្រើន។ បច្ចុប្បន្នការផាកពិន័យរបស់ប៉ូលិសចរាចរណ៍សព្វថ្ងៃមិនតម្រូវឲ្យផាកពិន័យនៅកន្លែងនោះទេ ពោលគឺអ្នកល្មើសច្បាប់ចរាចរណ៍អាចគ្រាន់តែយកលិខិតផាកពិន័យ ហើយទៅបង់នៅប៉ុស្តិ៍នគរបាលដោយខ្លួនឯង។ នេះបើតាមលោក លោក ឈួន វុន អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណៈ និងដឹកជញ្ជូន ដោយបន្ថែមថា ការប៉ះទង្គិចគ្នា ឬបង្កគ្រោះថ្នាក់ផ្សេងៗចំពោះអ្នកបើកបរ តែងតែកើតឡើង ដោយសារអ្នកទាំងនោះព្យាយាមបើកបរគេច។ 
 
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បាន​សង្កត់ធ្ងន់ថា៖ « យើងចង់ឲ្យបងប្អូនយើង គោរពច្បាប់ ទាំងអស់ គ្នា, យើងអត់ចង់ឲ្យមានបញ្ហាប៉ះទង្គិចគ្នារវាងមន្រី្តចរាចរណ៍ និងអ្នកបើកបរខុសច្បាប់ឡើយ។ អ្វីដែលពិបាកនោះ បើសិនយើងចាប់តាមស្លាកយានយន្ត មានពលរដ្ឋមួយចំនួនទិញលក់អត់ ផ្ទេរកម្មសិទ្ធិ។ បើសិនយើងផ្ញើប័ណ្ណផាកពិន័យទៅនឹងខុស ហើយរកអាស័យដ្ឋានអត់ឃើញ ហើយកន្លងមកយើងជួបបញ្ហានេះជាង៤០ភាគរយដែលពិបាករកម្ចាស់ដើមនៃយានយន្ត»។ 
 
ដើម្បីកាត់បន្ថយការប៉ះទង្គិចរវាងមន្ត្រីចរាចរណ៍និងអ្នកបើកបរ ក៏ដូចជាបទល្មើសចរាចរណ៍ផ្សេងៗ ទៀត លោក ឈួន វុន អះអាងថា ក្រសួងសាធារណការព្យាយាម ជំរុញនីតិវិធីដំណើរការផ្ទេរ កម្មសិទ្ធិឲ្យមានភាពងាយស្រួល និងបន្តពន្យល់ពីផលវិបាកក្នុងការមិនបានផ្ទេរកម្មសិទ្ធិយានយន្ត។ លើសពីនេះ ខាងក្រសួងសាធារណការ ក៏បានស្នើទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្លាស់ប្ដូរទិន្នន័យម្ចាស់យានយន្តទាំងអស់ឡើងវិញ។ 
 
«ឥឡូវយើងអត់ទាន់មានដាក់បំពាក់ម៉ាស៊ីនថតនៅឡើយទេ បើដាក់យើងពុំចាំបាច់មានប៉ូលិសច្រើនទីតាំងឡើយ។ ប៉ុន្តែយើងគ្រោងដាក់នៅតាមរាជធានីភ្នំពេញ ដោយបានដាក់កាម៉ារ៉ានៅតាមភ្លើងស្តុបចរាចរណ៍មួយចំនួនប្រមាណ៦០ភាគរយហើយ គ្រាន់តែមិនទាន់អនុវត្ត»។ នេះជាការលើកឡើងរបស់លោក ឈួន​ វុន ហើយថា លោកក៏មិនច្បាស់ពេលណាដំណើរការបានដែរ ព្រោះត្រូវការរៀបបច្ចេកទេសនិងប្រព័ន្ធទិន្នន័យដូចដែលពន្យល់ខាងលើ។ 
 
ចំពោះការបង់ប្រាក់ពិន័យផ្ទាល់នៅតាមកន្លែងត្រួតពិនិត្យ លោក ឈួន វុន បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ ថា ទាំងក្រុមការងារខាងអង្គភាពលោក និងអគ្គស្នងការដ្ឋាននគរបាលជាតិ ហាក់ដូចជាមិនមានឡើយបច្ចុប្បន្ននេះ។ ប៉ុន្តែ អាចករណីកើតមាន ដោយសារការយល់ច្រឡំ ឬខ្វះចន្លោះណាមួយដែល លោកពុំទាន់ក្ដាប់ព័ត៌មានបាន។ យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវរូបនេះ អំពាវនាវឲ្យអ្នកបើកបរយានយន្តទាំងអស់ ប្រសិនបើល្មើសច្បាប់ចរាចរណ៍ សុំកុំបើកគេចវេះ ព្រោះដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នកដទៃផ្សេងទៀតផងដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com