ជាតិ
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ៖ និស្សិតខ្មែរនៅបរទេសនឹកស្រុកកំណើត ខណៈកូវីដ-១៩ ផ្ទុះខ្លាំង
04, Oct 2021 , 9:29 pm        
រូបភាព
ភ្នំពេញ៖ អំឡុងបុណ្យភ្ជុំបិណ្ឌ និស្សិតខ្មែរដែលកំពុងសិក្សានៅបរទេស មិនបានឈប់សម្រាកឡើយ ដែលនាំឱ្យពួកគេនឹករលឹកដល់គ្រួសារនៅស្រុកកំណើតយ៉ាងខ្លាំង។ ពេលនឹកដល់គ្រួសារ ពួកគេបានត្រឹមវីដេអូខល និងផ្ញើក្ដីរលឹកពីចម្ងាយប៉ុណ្ណោះ។


 
កញ្ញា ឡុង សុខហេង ជានិស្សិតរៀនវិស្វករឧស្សហកម្ម នៅប្រទេសថៃ មិនបានឈប់សម្រាកនោះទេ ដោយសាររវល់រៀន។ ក្នុងវិបត្តិកូវីដ-១៩ និស្សិតឆ្នាំទី៣រូបនេះ ត្រូវរៀនតាមអនឡាញ ដោយមិនអាចជួបជុំមិត្តភក្កិនៅសាលា ធ្វើឱ្យនាងមានអារម្មណ៍ឯកា និងកាន់តែនឹករលឹកដល់ស្រុកកំណើត និងក្រុមគ្រួសារក្នុងឱកាសភ្ជុំបិណ្ឌ។ «អារម្មណ៍នឹកផ្ទះខ្លាំង ព្រោះធ្លាប់តែរាល់ឆ្នាំ យើងបានជូបជុំបងប្អូនដើរលេង។ ទោះឆ្នាំនេះមិននៅខ្មែរ មិនអាចទៅវត្តជួបជុំដោយសារកូវីដ-១៩ ក៏នៅតែស្ដាយដែលមិនបានទៅផ្ទះដូចគេ»។ នេះជាការបញ្ជាក់របស់ កញ្ញា សុខហេង។  


កញ្ញា ឡុង សុខហេង និស្សិតវិស្វករឧស្សហកម្ម នៅប្រទេសថៃ ។
 
មិនខុសពី កញ្ញា សុខហេង និស្សិតសិក្សានៅប្រទេសថៃ លោក អន សុភក្រ្កា ក៏នឹករលឹកស្រុកកំណើតអនេកដែរ ។ និស្សិតឆ្នាំទី៣រូបនេះ តែងតែមកលេងស្រុកកំណើត១ឆ្នាំម្ដង ក្នុងរដូវវិស្សមកាល ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ ធ្វើឱ្យលោកខកខានមកលេងក្រុមគ្រួសារ រយៈពេល២ឆ្នាំមកហើយ។ និស្សិតវ័យ២៤ឆ្នាំរូបនេះ អះអាងថា៖ «ពេលភ្ជុំបិណ្ឌខាងសាលារៀនធម្មតា ព្រោះនៅប្រទេសថៃមិនមានការប្រារព្ធដូចកម្ពុជាទេ។ ហើយសព្វថ្ងៃខ្ញុំរៀនតាមអនឡាញ មិនសូវបានទៅណា កាន់តែនឹកអ្នកផ្ទះ»។ 


លោក អន សុភក្រ្កា និស្សិតនៅប្រទេសថៃ។
 
ដ្បិតនៅប្រទេសថៃមិនមានការប្រារព្ធពិធីភ្ជុំបិណ្ឌក៏ពិតមែន ប៉ុន្តែនៅថ្ងៃភ្ជុំធំ អ្នកទាំងពីរ និងនិស្សិតដទៃទៀតនៅទីនោះ តែងយកចង្ហាន់ទៅវត្តនៅជិតៗសាលា ដើម្បីឧទ្ទិសដល់សាច់ញាតិដែលបានចែកឋានទៅ។
 
និស្សិតម្នាក់ទៀត ដែលកំពុងសិក្សានៅប្រទេសអូស្រ្តាលី កញ្ញា ម៉ម ស្រីពៅ ក៏មិនអាចមកស្រុកកំណើតនាពេលភ្ជុំបិណ្ឌដែរ។ វិស្សមកាលឆ្នាំនេះរបស់ស្រីពៅ ចំពេលពិធីភ្ជុំបិណ្ឌនៅកម្ពុជា ប៉ុន្តែដោយសារបញ្ហាកូវីដ-១៩ ធ្វើឱ្យនិស្សិតឆ្នាំទីពីររូបនេះ មិនអាចទៅលេងស្រុកកំណើតបាន។ យុវតីវ័យ២១ រូបនេះរៀបរាប់ដូច្នេះ៖ «ថ្ងៃភ្ជុំបិណ្ឌឆ្នាំនេះ ខ្ញុំបានឈប់សម្រាក ដោយសារចំថ្ងៃវិស្សមកាលខ្ញុំដែរ។ ទោះខ្ញុំអត់បានទៅលេងខ្មែរវិញ តែខ្ញុំអាចដើរលេងនៅអូស្រ្តាលីបាន»។ 


កញ្ញា ម៉ម ស្រីពៅ និស្សិតនៅប្រទេសអូស្រ្តាលី(អាវខ្មៅ) ថតជាមួយម្ដាយនៅអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ។
 
សម្រាប់និស្សិតមានស្រុកកំណើតនៅខេត្តកំពត ស្រីពៅ សោកស្តាយយ៉ាងខ្លាំង ដែលវិស្សមកាលឆ្នាំនេះ ខកខានជួបជុំគ្រួសារ ព្រោះវិស្សមកាលនៅទីនោះ តែងតែខុសពេលគ្នារាល់ឆ្នាំ។ យុវតីរូបនេះ សង្ឃឹមថា ឆ្នាំក្រោយស្ថានភាពជំងឺកូវីដ-១៩ ធូរស្បើយ និងវិស្សមកាលរបស់នាងចំពេលភ្ជុំបិណ្ឌដូចឆ្នាំនេះទៀត ដើម្បីអាចទៅស្រុកជួបជុំគ្រួសារ។   
 
ទោះអំឡុងភ្ជុំបិណ្ឌ និស្សិតខ្មែរនៅបរទេសទាំងនេះ មិនអាចទៅស្រុកកំណើតដើម្បីជួបជុំគ្រួសារ និងសាច់ញាតិក្ដី តែយ៉ាងណាពួកគេតែងតែវីដេអូខល ដើម្បីកាត់បន្ថយការនឹករលឹកដល់ក្រុមគ្រួសារ និងបង្កើនភាពស្និទ្ធស្នាលផងដែរ៕  

Tag:
 ភ្ជុំបិណ្ឌ
  និស្សិតបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com