COVID-19
ជាតិ
បុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ៖ពលរដ្ឋជួបជុំគ្រួសារ តែគ្រូពេទ្យជុំអ្នកជំងឺកូវីដ-១៩
04, Oct 2021 , 10:29 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ
រូបភាពពីហ្វេសប៊ុកគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ
ភ្នំពេញ៖ ភ្ជុំបិណ្ឌ ជាពិធីបុណ្យបែបសាសនាធំជាងគេ នៅកម្ពុជា។ ដ្បិតភ្ជុំបិណ្ឌឆ្នាំនេះ ត្រូវបានផ្អាក ដោយសារជំងឺកូវីដ-១៩ ដែលពលរដ្ឋមិនបានទៅវត្តអ៊ូអរដូចរាល់ឆ្នាំក្ដី តែពួកគេនៅតែអាចទៅស្រុកកំណើតជួបជុំគ្រួសារ និងសាច់ញាតិ។ ខុសពីពលរដ្ឋទូទៅ ក្រុមគ្រូពេទ្យជួរមុខ មិនបានជួបជុំគ្រួសារឡើយ ព្រោះត្រូវបំពេញភារកិច្ចប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីប្រទេសជាតិ។

 
កញ្ញា ហម សូរិយា ជាគ្រូពេទ្យស្ម័គ្រចិត្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមជ្ឈមណ្ឌលវិមានសែនសុខ។ ភ្ជុំបិណ្ឌឆ្នាំនេះ គ្រូពេទ្យវ័យ២៥ឆ្នាំរូបនេះ មិនបានទៅជួបជុំសាច់ញាតិគ្រួសារដូចរាល់ឆ្នាំឡើយ ដោយត្រូវមើលថែអ្នកជំងឺកូវីដ-១៩។ សម្រាប់កញ្ញា សូរិយា ដ្បិតខ្លួនមិនបានដើរតួនាទីជាកូនល្អមានពេលវេលាច្រើនមើលថែឱពុកម្ដាយនៅផ្ទះក៏ពិតមែន ប៉ុន្តែជាឱកាសដែលរូបនាងបានជួយប្រជាជន និងសង្គមជាតិ។ 
 
កញ្ញា សូរិយា រៀបរាប់ដូច្នេះ៖«យើងជាគ្រូពេទ្យ យើងទម្លាប់ហើយ មិនសូវបាននៅជិតអ្នកផ្ទះទេ។ តែយើងនៅតែនឹកផ្ទះអ៊ីចឹង ព្រោះម៉ាក់ប៉ាគាត់ចាស់ៗហើយ »។ 
 
មិនខុសពី កញ្ញា ហម សូរិយា លោក យត ឆេងអ៊ី ក៏មិនបានទៅស្រុកកំណើតនៅថ្ងៃភ្ជុំបិណ្ឌដែរ។ រយៈពេល២ឆ្នាំមកហើយ ដែលគ្រូពេទ្យ ឆេងអ៊ី បានខកខានទៅស្រុកកំណើត។ ទោះជា ឆេងអ៊ី តែងតែអវត្តមានក្នុងឱកាសជួបជុំគ្រួសារក្នុងពិធីបុណ្យធំៗក្ដី រូបលោកមិនអាក់អន់ចិត្តឡើយ តែវាជាមោកទភាពសម្រាប់លោក ដែលបានជួយសង្គមជាតិក្នុងគ្រាលំបាក។  «វាជាមោកទភាពរបស់ពួកយើងទាំងអស់គ្នាដែលបានធ្វើការនៅទីនេះ និងបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឱ្យប្រទេសធូរស្បើយបញ្ហាហ្នឹង ទោះបីជាហត់ខ្លាំងក៏ដោយ »។ នេះជាការអះអាងរបស់ លោក សូរិយា។  


រូបភាពពីហ្វេសប៊ុកគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ
 
ចំណែកឯ កញ្ញា អ៊ុំ គន្ធា  ដែលជាគ្រូពេទ្យស្ម័គ្រចិត្ត កំពុងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមជ្ឈមណ្ឌលសែនសុខ ក៏ដូចទៅនឹងគ្រូពេទ្យពីររូបខាងលើដែរ។ បើតាមគ្រូពេទ្យដែលមានស្រុកកំណើតនៅខេត្តកណ្ដាលរូបនេះ ខ្លួនពិតជានឹករលឹកដល់ក្រុមគ្រួសារដែលបានបែកគ្នាជាយូរ ប៉ុន្តែក្នុងនាមជាគ្រូពេទ្យជួរមុខ ខ្លួនមិនអាចសម្ងំនៅផ្ទះ ហើយឱបដៃឈរឡើយ ខណៈប្រទេសជាតិកំពុងត្រូវការកម្លាំងជាចាំបាច់។
 
ជាមួយគ្នានេះ កញ្ញា សូរិយា បានបន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពិតជាលំបាក និងជួបបញ្ហាច្រើន ប៉ុន្ដែទោះយ៉ាងណាគ្រូពេទ្យរូបនេះ ប្ដេជ្ញាបំពេញបេសកម្មឱ្យបានល្អ ដើម្បីទប់ស្កាត់ជំងឺដ៏សាហាវនេះ។ កញ្ញា សូរិយា បានអះអាងថា៖ «និយាយទៅក្នុងអារម្មណ៍ពេលដំបូងបំផុត ពេលចូលមកខ្ញុំភ័យខ្លាចដោយសារគិតថាជំងឺហ្នឹង វាឆ្លងលឿន ប៉ះពាល់ដល់អាយុជីវិតអ៊ីចឹងទៅ។ ដល់ពេលយើងចូលខាងក្នុងឃើញអ្នកជំងឺយើងមានអារម្មណ៍ថា អាណិតពួកគាត់វិញ។ បើយើងជាគ្រូពេទ្យអត់មកព្យាបាល និងគ្មានគ្រូពេទ្យថែ នោះអ្នកជំងឺកាន់តែធ្ងន់ធ្ងរ»។ 
 
ដើម្បីកាត់បន្ថយការនឹករលឹកដល់ក្រុមគ្រួសារ គ្រូពេទ្យជួរមុខទាំងអស់នេះ តែងតែវីដេអូខលទៅក្រុមគ្រួសារ ដើម្បីសួរនាំសុខទុក្ខដល់សាច់ញាតិជានិច្ច៕ 


រូបភាពពីហ្វេសប៊ុកគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ

© រក្សាសិទ្ធិដោយ thmeythmey.com