ជាតិ
បុណ្យភ្ជុំបិណ្ឌ
វីដេអូ
តម្លៃផ្កាម្លិះ ធ្លាក់ចុះជាងពាក់កណ្ដាល ក្រោយផ្អាកពិធីបុណ្យកាន់បិណ្ឌ
05, Oct 2021 , 1:59 pm        
រូបភាព
ភ្នំពេញ៖ តម្លៃផ្កាម្លិះ ធ្លាក់ចុះជាងពាក់កណ្ដាលក្នុងរដូវភ្ជុំបិណ្ឌឆ្នាំនេះ។ ទាំងម្ចាស់ចម្ការ និងអាជីវករ ត្អូញត្អែរលក់មិនចំណេញនិងប្រឈមខាត ព្រោះផ្អាកពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។

 
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖
 
លោក វ៉ាន់ ណារុំ ជាម្ចាស់ចម្ការផ្កាម្លិះ ស្ថិតនៅភូមិព្រែកថ្មីខណ្ឌច្បារអំពៅ។ ជាអ្នកដាំផ្កាម្លិះច្រើនឆ្នាំ លោក ណារុំ  ទើបតែលក់ផ្កាម្លិះធ្លាក់តម្លៃមិនធ្លាប់មានពីមុនមកដោយសារតែវិបត្តិជំងឺកូវីដ-១៩ និងការផ្អាកប្រារព្ធពិធីបុណ្យកាន់បិណ្ឌនៅតាមទីវត្តអារាមនានា។ ដ្បិតកូវីដ-១៩ បានបន្តរាលដាលរយៈពេលជិត២មកនេះ តែទីផ្សារផ្កាម្លិះរបស់កសិករក្នុងភូមិកោះក្រប៉ីឡើងចុះៗហើយតម្លៃក៏មិនដែលធ្លាក់ខ្លាំងដូច្នេះដែរ។ 

លោកណារុំ បញ្ជាក់ថា ផ្កាម្លិះ មានតម្លៃចន្លោះពី៤-៥ម៉ឺនរៀលក្នុងមួយគីឡូក្រាម។កសិកររូបសង្កត់ធ្ងន់ថា បន្ទាប់ពីរដ្ឋាភិបាល ប្រកាសផ្អាកប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌភ្លាមផ្កាម្លិះរបស់លោក ធ្លាក់តម្លៃត្រឹម១៥០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ «តម្លៃខុសគ្នា១គុណ នឹង៣-៤។
 
បើទីផ្សារដើរ វត្តអារាមបើក យើងលក់តាមវត្តផ្កាឡើងថ្លៃ។ ដល់ពេលវត្តបិទអ៊ីចឹង ទីផ្សារផ្កាមានតែលក់តាមផ្សារបន្តិចៗអ៊ីចឹងធ្លាក់ថ្លៃខ្លាំង។ ឥឡូវហ្នឹងនៅ១៥០០០រៀល តម្លៃម៉ូយមកយកតាមផ្ទះ។ កាលពីប៉ុន្មានថ្ងៃមុនផ្កាយើង៤-៥ម៉ឺនរៀលដែរហើយឡើងដល់៦ម៉ឺនទៀត»។ នេះជាការលើកឡើងរបស់លោក វ៉ាន់ ណារុំ។ចំណែកឯ កសិករដាំផ្កាម្លិះម្នាក់ទៀត អ្នកស្រី ផុន សារ៉ន ក៏មិនខុសពីលោកណារុំ ដែរ។ ផ្កាម្លិះដែលអ្នកស្រី ត្រៀមលក់សម្រាប់ភ្ជុំបិណ្ឌឆ្នាំនេះធ្លាក់ថ្លៃមកត្រឹម២ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយគីឡូ។ 
 
កសិករវ័យ៤០ឆ្នាំរូបនេះ ត្អូញត្អែរថា បើវត្តអារាមបន្តបិទនិងផ្អាកពិធីបុណ្យនានាដូច្នេះ តម្លៃផ្ការបស់អ្នកស្រី នឹងបន្តធ្លាក់ថ្លៃហើយប្រឈមនឹងការខាតដើម។ ទោះបច្ចុប្បន្ន ផ្កាម្លិះរបស់អ្នកស្រី នៅតែមានឈ្មួញបញ្ជាទិញប៉ុន្តែអ្នកស្រី នៅតែបារម្ភសម្រាប់ពេលអនាគត មិនមានអ្នកទិញហើយសល់ផ្ការីកចោលពេញចម្ការ។
 
កសិករភូមិព្រែកថ្មីរូបនេះ ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះ៖«ពីមុនវាគ្រាន់បើចូលដល់ខែនេះវាបានតម្លៃថ្លៃ (ឆ្នាំមុន)។ គេប្រកាសថាបិទវត្ត ផ្កាក៏ចុះតាមហ្នឹង។ ពេលមានពិធីបុណ្យទានអ៊ីចឹងទើបផ្កាថ្លៃ។ ពេលរដូវមានមង្គលការ ឬបុណ្យ គេបញ្ជាទិញទៅចាក់ជាភួងៗអ៊ីចឹងទើបផ្កាបានថ្លៃ។ ដល់ឥឡូវគេបិទអស់ វាថោក។ ឥឡូវចុះនៅសល់២ម៉ឺនរៀលតែប៉ុន្មានថ្ងៃមុន៤ម៉ឺនរៀលក្នុងមួយគីឡូក្រាម»។ 
 
ដោយឡែក អ្នកស្រី អុច ចាន់ធឿន ដែលជាអាជីវករលក់ផ្កាម្លិះ បានបញ្ជាក់ថាទោះបីពិធីភ្ជុំបិណ្ឌ ផ្អាកប្រារព្ធ ទីវត្តអារាមនានា ត្រូវបានបិទក៏ផ្កាម្លិះរបស់អ្នកស្រី នៅតែអាចលក់បានធម្មតា គ្មានបញ្ហាអ្វីឡើយ។ស្រ្តីវ័យ៥០ឆ្នាំរូបនេះ បន្តក្រងផ្កាម្លិះរាល់ថ្ងៃ សម្រាប់បោះឱ្យឈ្មួញនិងយកទៅលក់ខ្លួនឯង រៀងរាល់ថ្ងៃសីល។
 
«អត់អីទេ បើគេផ្អាកក៏ផ្អាកទៅខ្ញុំយកទៅលក់នៅថ្ងៃសីល។ បើគេអត់បុណ្យទានក៏ខ្ញុំអាចលក់បានដែរ លក់រាល់ថ្ងៃសីលហ្នឹងមិនដែលខានទេ»។ នេះបើតាមការរៀបរាប់របស់អ្នកស្រី អុច ចាន់ធឿន ដោយបន្តថាផ្កាដែលអ្នកស្រី ចាក់លក់នេះគឺទិញពីអ្នកដាំក្នុងភូមិ ហើយយកទៅលក់នៅទីរួមខេត្តតាកែវ។
 
សូមរម្លឹកថា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចជាផ្លូវការ ឲ្យផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង។ ការសម្រេចនេះ ធ្វើឡើងក្រោយមានករណីវិជ្ជមានកូវីដ-១៩ ជាង៤០ករណី នៅក្នុងវត្តចំពុះក្អែក នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
 
 
 

Tag:
 ផ្កាម្លិះ
© រក្សាសិទ្ធិដោយ thmeythmey.com