ជាតិ
ភ្នំពេញ និងខេត្ត១៥ទៀត ប្រឈមជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ពីថ្ងៃទី៨-១២តុលា
05, Oct 2021 , 12:59 pm        
រូបភាព
ដោយ:
រាជធានីភ្នំពេញ និងខេត្ត១៥ទៀត រួមមានខេត្តកណ្តាល ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម ត្បូងឃ្មុំ កោះកុង និងខេត្តព្រះសីហនុ នឹងប្រឈមជំនន់ទឹកភ្លៀង ពីថ្ងៃទី៨-១២តុលា។ ក្រៅពីភ្លៀងធ្លាក់ខ្លាំង ភ្នំពេញ និងបណ្តាខេត្តខាងលើ ក៏កើតមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។   

 
រាជធានីភ្នំពេញ និងខេត្តចំនួន១៥ទៀត នឹងមានភ្លៀងធ្លាក់ដែលអាចបង្កជាជំនន់ទឹកភ្លៀង ព្រមទាំងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី៨ ដល់ទី១២ តុលានេះ ដោយសារឥទ្ធិពលព្យុះទី១៧ដែលអាចវិវត្តន៍ពី សម្ពាធទាបសកម្ម បានកើតឡើងនៅលើប្រទេសហ្វីលីពីន នៅថ្ងៃទី៨ តុលាខាងមុខ។ ក្រៅពីនេះ នៅសប្តាហ៍ខាងមុខនេះ កម្ពុជា ក៏នឹងទទួលរងឥទ្ធិពលមូសុងនិរតីកម្រិតពីមធ្យមទៅខ្លាំង ជ្រលងសម្ពាធទាបប៉ាស៊ីហ្វិក និងប្រព័ន្ធសម្ពាធទាប(ITCZ)ផងដែរ។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី៥ តុលា។
 
បើតាមក្រសួងធនធានទឹក ស្ថានភាពនេះ ធ្វើឱ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល អាចនឹងមានពពកច្រើនដេរដាស មានភ្លៀង ផ្ទរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កណ្តាល ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ តាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ និងខេត្តសៀមរាប។ ចំណែកនៅថ្ងៃទី១០-១២ នឹងអាចមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យម ទៅខ្លាំង។
 
បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានពពកច្រើនដេរដាស មានភ្លៀង ផ្ទរ រន្ទះ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ឧត្តរមានជ័យ កំពង់ចាម និងខេត្តត្បូងឃ្មុំ។ ចំណែកនៅថ្ងៃទី១០-១២ នឹងអាចមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យមទៅខ្លាំង។
 
ចំណែកតំបន់មាត់សមុទ្រ អាចនឹងមានពពកច្រើន និងមានភ្លៀងពីកម្រិតតិច ទៅមធ្យម។ ចំពោះខេត្តកោះកុង និងព្រះសីហនុ នឹងអាចមានពពកដេរដាស មានភ្លៀង ផ្គរ រន្ទះ ក្នុងកម្រិតមធ្យម ទៅខ្លាំង ដែលអាចបង្កជាជំនន់ទឹកភ្លៀងផងដែរ។ ដោយឡែកចាប់ពីថ្ងៃទី១០-១២ តុលា តំបន់មាត់សមុទ្រ នឹងអាចកើតមានខ្យល់កន្ត្រាក់ក្នុងល្បឿន ពីមធ្យមទៅខ្លាំង  ជាមួយនឹងរលក នៅលើផ្ទៃសមុទ្រមានកម្ពស់ពីមធ្យម ទៅខ្ពស់។
 
ក្រសួងធនធានទឹក និងឧត្តុនិយម ក៏បានអំពាវនាវឱ្យប្រជាជន ស្ថិតក្នុងតំបន់ហានិភ័យខាងលើ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ជុំវិញបញ្ហាអាកាសធាតុដែលអាចកើតមានឡើងជាយថាហេតុ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com