ជាតិ
សព​ឧបាសិកា អ៊ឹម ថុល នឹង​បូជា​នៅ​ថ្ងៃ​ទី៦​តុលា​ស្អែក​​
05, Oct 2021 , 2:29 pm        
រូបភាព
ភ្នំពេញ៖ សព​ឧបាសិកា អ៊ឹម ថុល ដែល​ជា​សិល្បការិនី​ស្មូតជើង​ចាស់​ នឹង​ត្រូវ​រំកិល​ចេញ​ពី​គេ​ហដ្ឋាន​ ដង្ហែ​ឆ្ពោះ​ទៅ​​វត្ត​ពោធិវង្ស​ នៅ​ថ្ងៃ​ពុធ ទី ៦ ខែ​តុលា ឆ្នាំ​២០២១ នៅ​វេលា​ម៉ោង​ ៣:០០ នាទី​រសៀល។ ​សព​នឹង​បូជា​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​​​ថ្ងៃ​ដដែល​។ នេះ​បើ​តាម​ ហ្វេស​ប៊ុក​របស់​ ឧបាសិកា អ៊ឹម ថុល​។


សូម​បញ្ជាក់​ថា​ ឧបាសិកា អ៊ឹម ថុល បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​៣ ខែ​តុលា ឆ្នាំ​២០២១ ដោយ​រោគាពាធ ក្នុង​ជន្មាយុ​៦៨​ឆ្នាំ នៅ​គេ​ហដ្ឋាន​របស់​អ្នក​ស្រី ក្នុង​ភូមិ​ជ្រៃ​​កោង​ សង្កាត់​ចំការ​សំរោង ក្រុង​បាត់​ដំបង​ ខេត្ត​​បាត់​ដំបង។
 
បើតាមលោក គង់ សុធា ត្រូវជាកូនសិស្សរបស់ឧបាសិកា អ៊ឹម ថុល ដែលបានប្រាប់សារព័ត៌មានថ្មីៗ ព្រឹទ្ធាចារ្យ អ៊ឹម ថុល កើតក្នុងឆ្នាំ១៩៥៣ ក្នុងឃុំក្រាំងឈើនាង ស្រុកបាទី ខេត្តតាកែវ។ អ្នកស្រីបានចាប់ផ្ដើមចេញស្មូត តាំងពីឆ្នាំ១៩៨៥ ដោយទៅស្មូត តាមរោងបុណ្យនានា។ រំលឹកទៅក្រោយបន្តិច កាលក្នុងសម័យប៉ុលពត គ្រួសាររបស់អ្នកស្រី ត្រូវបានជម្លៀសទៅទីរួមខេត្តបាត់ដំបង ហើយអ្នកស្រីបន្តរស់នៅទីនោះរហូតមកដល់បច្ចុប្បន្ន។
 
អ្នកស្រីមានកូនចំនួន៣នាក់ ប្រុស២ស្រី១ ប៉ុន្តែបច្ចុប្បន្នមានតែកូន២នាក់ប៉ុណ្ណោះ ដែល​នៅ​ក្បែ​រអ្នកស្រី ដោយកូនម្នាក់ទៀតបានបាត់ខ្លួន ដោយមិនដឹងថាស្លាប់ ឬក៏រស់ឡើយ។ លោក គង់ សុធា ដែលជាសិស្សជំនិត បន្ថែមថា ក្នុងឆ្នាំ១៩៩២ ដោយសារតែសំឡេងរបស់​ព្រឹទ្ធាចារ្យ អ៊ឹម ថុល មានភាពល្បីល្បាញ ក៏បានឱ្យអ្នកស្រី សុង សេងហ៊ន អញ្ជើញអ្នកស្រី អ៊ឹម ថុល និងលោកអាចារ្យ ឃុត អង ទៅថតបទស្មូតសម្រាប់ផលិតកម្ម សាយ័ន្ហតារា របស់ឪពុក​របស់​អ្នកស្រីផងដែរ។ អ្នកស្រី អ៊ឹម ថុល បានធ្លាក់ខ្លួនឈឺក្នុងអំឡុងឆ្នាំ២០២០។
 
លោក គង់ សុធា អះអាងថា សិស្សដែលបានទៅវន្ទាសុំរៀនស្មូតពីឧបាសិកា អ៊ឹម ថុល មានប្រហែលតែជាង១០រូបប៉ុណ្ណោះ។ ដោយឡែកសិស្សភាគច្រើន ទាំងព្រះសង្ឃនិងគ្រហស្ថ បានរៀនតាមខ្សែអាត់សំឡេង ដែលស្មូតដោយអ្នកស្រី អ៊ឹម ថុល៕
 
 
 

Tag:
 សិល្បៈ​
  ស្មូត
  អ៊ឹម ថុល
© រក្សាសិទ្ធិដោយ thmeythmey.com