ជាតិ
វិទ្យាល័យ ហ៊ុន សែន ប្រសូតិ ក្នុងខេត្តស្វាយរៀង ជាប់លេខ១ជាសាលារៀនស្អាតប្រចាំប្រទេស
05, Oct 2021 , 3:59 pm        
រូបភាព
ដោយ:
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៥តុលា បានប្រកាសពីជ័យលាភីសាលារៀនស្អាត ដល់សាលារៀនចំនួន៥ ស្ថិតក្នុងខេត្តតាកែវ កំពង់ស្ពឺ ព្រះសីហនុ ស្វាយរៀង និងកំពង់ឆ្នាំង។



ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រកួតសាលារៀន ដើម្បីជំរុញឱ្យមានបរិស្ថាន និងអនាម័យល្អ។ ក្រសួងនឹងជ្រើសរើសសាលារៀនចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ដែលមានបរិស្ថាន និងអនាម័យល្អ ជាម្ចាស់ជ័យលាភី។
 
ក្នុងថ្ងៃទិវាគ្រូបង្រៀន៥តុលា ក្រសួងអប់រំ ប្រកាសពីជ័យលាភីសាលារៀនស្អាត ចំនួន៥ ដោយទទួលបានប័ណ្ណសរសើរ និងពានរង្វាន់មួយ។ ចំណាត់ថ្នាក់លេខ១ បានទៅលើ វិទ្យាល័យ ហ៊ុន សែន ប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណាត់ថ្នាក់លេខ២ គឺ សាលាបឋមសិក្សាគំរូក្រុង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ 
 
ចំណែក ចំណាត់ថ្នាក់លេខ៣ គឺ វិទ្យាល័យ ភ្ញីមាស ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចំណាត់ថ្នាក់លេខ៤ បានទៅលើ វិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងចំណាត់ថ្នាក់លេខ ៥ គឺវិទ្យាល័យ កំពង់ស្ពឺ ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ បើតាមទំព័រហ្វេសប៊ុកក្រសួងអប់រំ យុវជន និងកីឡា ការផ្ដល់ជ័យលាភីសាលារៀនស្អាតនេះ គឺដើម្បី លើកទឹកចិត្តដល់ការខិតខំរបស់សាលានីមួយៗ ដែលបានលើកកម្ពស់វិស័យអប់រំនៅកម្ពុជា ។
 
គួរម្លឹកផងដែរថាកន្លងទៅក្រសួងបរិស្ថាន ក៏បានផ្ដល់ជ័យលាភីសាលាមេត្រីបរិស្ថានឆ្នាំ២០២១ ដល់សាលារៀនចំនួន៦ផងដែរ។ សាលាទាំងនោះមាន បឋមសិក្សា វត្តចែង ខេត្តបាត់ដំបង បឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប  និងបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ ។ ជ័យលាភីកម្រិតមធ្យមមាន វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្ត និងវិទ្យាល័យ ចំណេះទូទៅនិងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង ៕
 
 

Tag:
 ThmeyThmey
  ជ័យលាភីសាលារៀនស្អាត
© រក្សាសិទ្ធិដោយ thmeythmey.com