ជាតិ
ក្រសួងទេសចរណ៍ ចុះMOUជាមួយក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍
05, Oct 2021 , 5:39 pm        
រូបភាព
ពិធីចុះហត្ថលេខានុស្សារណៈយោគយល់ រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Wonderpass Technology តាមប្រព័ន្ធអនឡាញ។ ការចុះអនុស្សារណៈនេះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា។ រូបភាពពី ក្រសួងទេសចរណ៍។
ពិធីចុះហត្ថលេខានុស្សារណៈយោគយល់ រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Wonderpass Technology តាមប្រព័ន្ធអនឡាញ។ ការចុះអនុស្សារណៈនេះ ដើម្បីលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា។ រូបភាពពី ក្រសួងទេសចរណ៍។
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចុះអនុស្សារណៈយោគយល់ ជាមួយក្រុមហ៊ុន Worderpass Technology ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យទេសចរណ៍ នាដំណាក់កាលស្ដារវិស័យទេសចរណ៍កម្ពុជាឡើងវិញ។


ក្រសួងទេសចរណ៍ នៅថ្ងៃទី៤ ខែតុលា ម្សិលមិញនេះ បានចុះអនុស្សារណៈយោគយល់ ជាមួយនឹងក្រុមហ៊ុន Wonderpass Technology តាមប្រព័ន្ធអនឡាញ។ ការចុះអនុស្សារណៈរបស់កម្ពុជា នឹងដៃគូឯកជននៅពេលនេះធ្វើឡើងក្នុងបំណងបង្កើនប្រសិទ្ធភាព ក្នុងការទូទាត់រហ័ស និងងាយស្រួលក្នុងវិស័យទេសចរណ៍, ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាទេសចរណ៍ជាតិ និងអន្តរជាតិនានា តាមរយៈការជំរុញការសិក្សាអភិវឌ្ឍ ការអនុវត្ត និងវាយតម្លៃលើប្រព័ន្ធ Wonderpass Technology។ 
 
ការចុះអនុស្សារណៈនេះ ក៏ដើម្បីគាំទ្រការទូទាត់រហ័ស ក្នុងទស្សនកិច្ចទេសចរណ៍វ៉ាក់សាំងផងដែរ។ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីក្រសួងទេសចរណ៍ លើផែនការអភិវឌ្ឍន៍ទេសចរណ៍, ការគ្រប់គ្រងទិន្នន័យទេសចរ, ការកក់សេវាកម្ម និងការទូទាត់ចំណាយទេសចរណ៍, បច្ចេកទេសនៃការគ្រប់គ្រង ព្រឹត្តិការណ៍ទេសចរណ៍តាមប្រព័ន្ធឌីជីថល, សម្រួលដំណើរទេសចរ និងការផ្សព្វផ្សាយទេសចរណ៍ឌីជីថលរូបនីយកម្ម ទាំងក្នុងនិងក្រៅប្រទេស។ 
 
លោក ថោង រដ្ឋសក្ដិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ បានគូសបញ្ជាក់ថា ការចុះអនុស្សារណៈ លើប្រព័ន្ធ Wonderpass Technologyនេះ ជាការផ្ដល់បទពិសោធ និងភាពងាយស្រួលដល់ទេសចរជាតិ និងអន្តរជាតិ លើការគ្រប់គ្រងតាមប្រព័ន្ធអនឡាញ។ លោក ថោង រដ្ឋសក្ដិ បន្ថែមដូច្នេះ៖«ការចូលរួមរបស់ក្រុមហ៊ុននេះ នឹងជំរុញបន្ថែមទៀត ដល់ការអនុវត្តយុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងផែនទីចង្អុលផ្លូវស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជាឆ្នាំ២០៣០»។ 
 
អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍រូបនេះ លើកឡើងទៀតថា ការចុះអនុស្សរណៈនេះ ក៏គាំទ្រដល់ការគ្រប់គ្រងវិស័យទេសចរណ៍ លើកកម្ពស់អាជីវកម្មទេសចរណ៍ ឱ្យមានភាពធន់ ពង្រឹងសមត្ថភាព ស្ថាប័ននិងបុគ្គលជំរុញទីផ្សារ, ការផ្សព្វផ្សាយទេសចរណ៍ឌីជីថល សំដៅលើការលើកកម្ពស់ផលិតភាព និងពង្រឹងគុណភាពសេវាកម្ម ក្នុងដំណាក់កាលនៃផែនការស្ដារវិស័យទេសចរណ៍ឡើងវិញ។
 
ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងដូច្នេះ៖ «ស្ថិតក្នុងដំណាក់កាល នៃវិបត្តិកូវីដ-១៩នេះ ការវិវត្តន៍នៃសមត្ថភាព និងដំណោះស្រាយផ្នែកបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យទេសចរណ៍ ពិតជាមានសារៈសំខាន់ណាស់។ ដោយសម្លឹងឃើញពីសារៈសំខាន់នេះ ក្រសួងទេសចរណ៍បាន ដាក់ចេញនូវយុទ្ធសាស្ត្រ «ទេសចរណ៍ឆ្លាតវ័យ»(SMART Tourism) ដើម្បីជំរុញការសម្រួល ដល់ការធ្វើដំណើររបស់ទេសចរ ស្របតាមសភាពការណ៍ និងនិន្នាការទេសចរណ៍ថ្មីៗ»។ 
 
ដោយឡែកភាគី ក្រមហ៊ុន Wonderpass Technology លោក Frederic Proulx ស្ថាបនិកក្រុមហ៊ុន Wonderpass Technology អះអាងថា ក្រុមហ៊ុមខ្លួន នឹងខិតខំជំរុញផ្សព្វផ្សាយ ដល់ទេសចរក្នុង និងក្រៅប្រទេស ការផ្ដល់ភាពងាយស្រួលដល់ទេសចរមុន និងអំឡុងពេលដំណើរកម្សាន្តនៅកម្ពុជា ក្នុងដំណាក់កាលស្ដារឡើងវិញ នៃទេសចរណ៍កម្ពុជា៕
 
 

Tag:
 ThmeyThmey
  ទេសចរណ៍
  បដិវត្តឧស្សាហកម្ម៤.០
© រក្សាសិទ្ធិដោយ thmeythmey.com