COVID-19
ជាតិ
ក្រោយភ្ជុំ បើមិនឆ្លងកូវីដ-១៩ធ្ងន់ធ្ងរ កម្ពុជា នឹងឈានទៅបើកប្រទេសពេញលេញឡើងវិញ
06, Oct 2021 , 10:09 am        
រូបភាព
រូបរង្វង់មូល គឺសម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីមួយនាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច)​ និងទិដ្ឋភាពប្រជាជន ទៅលេងកម្សាន្តតាមឆ្នេរសមុទ្ទខេត្តព្រះសីហនុ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ (រូបពីគណនីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ)
រូបរង្វង់មូល គឺសម្តេច ហ៊ុន សែន ថ្លែងក្នុងពិធីមួយនាពេលកន្លងមក (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច)​ និងទិដ្ឋភាពប្រជាជន ទៅលេងកម្សាន្តតាមឆ្នេរសមុទ្ទខេត្តព្រះសីហនុ ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ (រូបពីគណនីហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ)
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាត់ទុក អំឡុងបុណ្យភ្ជុំបិណ្ឌ ពិសេស២-៣ថ្ងៃចុងក្រោយនៃពិធីបុណ្យនេះ ថាជាការសាកល្បងដ៏ធំមួយ សម្រាប់ប្រទេសកម្ពុជា។ ជាការសាកល្បង នៅត្រង់ថា តើក្រោយភ្ជុំបិណ្ឌ ជំងឺកូវីដ-១៩ នៅកម្ពុជា នឹងមានស្ថានភាពបែបណា? ថយចុះ ឬកើនឡើង?



សម្តេច ហ៊ុន សែន ប្រកាសថា ក្រោយភ្ជុំបិណ្ឌ បើស្ថានភាពជំងឺកូវីដ-១៩ មិនធ្ងន់ធ្ងរ ពោលគឺ មិនមានអ្នកឆ្លងច្រើន ហើយចំនួនអ្នកស្លាប់ ក៏ថយចុះ នោះកម្ពុជា នឹងអាចវិលទៅរកប្រក្រតីភាព ហើយនឹងអាចឈានទៅបើកប្រទេសលើគ្រប់វិស័យឡើងវិញ។ តែសម្តេច និយាយផ្ទុយមកវិញថា ក្រោយភ្ជុំបិណ្ឌ បើករណីឆ្លងជំងឺកូវីដ-១៩ ហក់ឡើងខ្លាំង នោះកម្ពុជា ពុំទាន់អាចឈានទៅបើកប្រទេសពេញលេញឡើងវិញឡើយ។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល អះអាងថា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទប់ទល់នឹងសភាពការណ៍អាក្រក់ នៅក្រោយភ្ជុំបិណ្ឌ។




តាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ ដែលជាថ្ងៃភ្ជុំធំ (ភ្ជុំចុងក្រោយ) សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា៖«បើមានជំងឺឆ្លងធ្ងន់ធ្ងរ ការបើកប្រទេសលើគ្រប់វិស័យឡើងវិញ នឹងមិនអាចធ្វើទៅបានទេ តែបើបងប្អូន អាចការពារខ្លួនបាន ហើយចំនួនអ្នកឆ្លង និងអ្នកស្លាប់ ពុំមានអ្វីធ្ងន់ធ្ងរទេនោះ ប្រជាពលរដ្ឋរបស់យើង នឹងទទួលបានរួមគ្នាលើការបើកសេដ្ឋកិច្ចសង្គមឡើងវិញ ពិសេសករណីសាលារៀន និងទេសចរណ៍ផ្ទៃក្នុង ដែលជាផ្នែកមួយនៃសេវាកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ»។

មេដឹនាំកម្ពុជា អំពាវនាវឲ្យព្រះសង្ឃ និងប្រជាពលរដ្ឋ ការពារខ្លួនពីជំងឺកូវីដ-១៩ឲ្យបាន ដើម្បីកម្ពុជា អាចឈានទៅបើកប្រទេសលើគ្រប់វិស័យឡើងវិញ ដូចការរំពឹងទុក៕

Tag:
 COVID-19
  ហ៊ុន សែន
  បើកប្រទេសឡើងវិញ
© រក្សាសិទ្ធិដោយ thmeythmey.com