ជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ផ្អាកអាជីវកម្ម និងមុខរបរហានិភ័យខ្ពស់ ចំនួន៧ថ្ងៃ ក្រោយភ្ជុំ
06, Oct 2021 , 10:30 am        
រូបភាព
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺកូវីដ-១៩ រយៈពេល១សប្ដាហ៍ នៅក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

 
បើតាមរដ្ឋបាលរាជធានីភ្នំពេញ ប្រភេទអាជីវកម្ម និងមុខរបរ ដែលមានហានិភ័យឆ្លងកូវីដ-១៩ ទាំងនោះ រួមមាន គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន, អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន កាស៊ីណូ, រមណីយដ្ឋាន សារមន្ទីរ សួនកុមារ សួនកម្សាន្តនានា, អាជីវកម្មម៉ាស្សា សូណា ស្ចឹមគ្រប់ប្រភេទ, ហាងលក់ សេពគ្រឿងស្រវឹងគ្រប់ប្រភេទ, រោងភាពយន្ត រោងសម្តែងសិល្បៈ, ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។
 
ជាមួយគ្នានេះ ការជួបជុំ ឬ ការប្រមូលផ្ដុំ មនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១៥នាក់ ក៏ត្រូវផ្អាកជាបណ្ដោះអាសន្នដូចគ្នា។ ប៉ុន្តែ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ការលើកលែងចំពោះការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬ ទីសំណាក់ជាមួយគ្នា, ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយក សំណាកសាកសពទៅវិភាគរកមេរោគកូវីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន។
 
ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏លើកលែងចំពោះ ការជួបជុំរបស់ស្ថាប័នសាធារណៈ, ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្ត វិធានការសុខាភិបាល, ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩, ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត, ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការ បំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ, ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬ របស់សាលាជម្រះក្តី៕ 
 
 
 

Tag:
 កូវីដ-១៩
  ភ្ជុំបិណ្
© រក្សាសិទ្ធិដោយ thmeythmey.com