ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
ភរិយាម្ចាស់បទស្មូត«ទំនួញប្រេត» អ្នកស្រី ខឹម ហន កំពុងរស់ក្នុងជីវភាពខ្វះខាត
06, Oct 2021 , 6:59 pm        
រូបភាព
 
ព្រៃវែង៖ អ្នកស្រី ខឹម ហន ត្រូវជាភរិយារបស់លោក ពេជ្រ សុខា ដែលជាអ្នកនិពន្ធនិងស្មូត«ទំនួញប្រេត» កំពុងរស់ក្នុងជីវភាពខ្វះខាត ក្រោយពីស្វាមីបានចែកឋានអស់រយៈកាលជាង១០ឆ្នាំ។ ស្ថិតក្នុងវ័យ៦៧ឆ្នាំនេះ អ្នកស្រី ខឹម ហន រស់នៅជុំគ្នាជាមួយដន្លង និងកូនចៅចំនួន៧នាក់ ក្នុងដំបូលផ្ទះតែមួយ។ មិនអាចចេញទៅធ្វើការដើម្បីរកប្រាក់ ដោយសារវ័យចាស់ ភរិយាលោក ពេជ្រ សុខា ទីពឹងកូនប្រុសតែម្នាក់ និងញាតិក្នុងភូមិជួយផ្ដល់អាហារប្រចាំថ្ងៃ។


រស់នៅក្នុងភូមិ៥ ឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលនៅជិតផ្សារអ្នកលឿងត្រើយខាងកើត អ្នកស្រី ខឹម ហន កំពុងរស់ក្នុងជីវភាពខ្វះខាត។ មិនអាចចេញទៅរកការងារធ្វើ ព្រោះវ័យចំណាស់ អ្នកស្រីក៏មិនមានមុខរបរអ្វី ដើម្បីចិញ្ចឹមជីវិតដែរ ក្នុងពេលបច្ចុប្បន្ននេះ។
ឆ្លើយប្រាប់សារព័ត៌មានថ្មីៗទាំងមុខស្រពោន នៅខាងក្រោមផ្ទះរបស់ខ្លួន ដែលមានទំហំទទឹង៥ម៉ែត្រ និងបណ្ដោយ៧ម៉ែត្រ ដែលស្មើនឹងទំហំផ្ទៃដីសរុប អ្នកស្រី ខឹម ហន ថារាល់ថ្ងៃគាត់ពឹងអាស្រ័យលើកូនប្រុសបង្កើតតែម្នាក់គត់ ដែលផ្គត់ផ្គង់ជីវភាព។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែសមាជិកគ្រួសារ រស់ក្នុងដំបូលផ្ទះតែមួយមានរហូតដល់៧នាក់ ហើយអ្នករកចំណូលចូលគ្រួសារមានតែម្នាក់ ធ្វើឱ្យគ្រួសារនេះជួបភាពទីទាល់ក្រ។  

«ពីមុនកូនរបស់ខ្ញុំរត់ម៉ូតូឌុប បន្ទាប់មករកភ្ញៀវឱ្យឡានឈ្នួល ប៉ុន្តែពេលមានកូវីដ អត់មានមនុស្សជិះឡាន កូនរបស់ខ្ញុំបានប្ដូរទៅធ្វើការក្នុងសិប្បកម្មឈូសឈើ ធ្វើក្ដាបមឈូស ៥ថ្ងៃទទួលបានប្រាក់៤ម៉ឺនរៀល គឺទាល់តែយើងឈូសឈើឱ្យគេហើយ ទើបគេឱ្យប្រាក់។ កូនប្រសាររបស់ខ្ញុំឈឺដើរមិនរួច ខ្ញុំនឹងដន្លងចាស់ហើយ ក៏មិនអាចទៅធ្វើការអ្វីបាន ចំណែកចៅស្រីៗ៣នាក់នៅរៀន»។
អ្នកស្រី ន សុគុន គឺជាអ្នកជិតខាងដែលមានផ្ទះជាប់ដីជាមួយអ្នកស្រី ខឹម ហន។ ស្ត្រីសម្បុរស្រអែមសណ្ដែកបាយរូបនេះ ថាជីវភាពភរិយារបស់អ្នកនិពន្ធទំនួញប្រេត ពេជ្រ សុខា ពិតជាទាល់ក្រមែន។ ស្ត្រីវ័យ៥៤ឆ្នាំ ដែលកំពុងអង្គុយនៅខាងមុខផ្ទះថ្មរបស់ខ្លួន ក្បែរតូបលក់អីវ៉ាន់តូចល្មមមួយ បន្ថែមទៀតថា អ្នកជិតខាងតែងជួយផ្ដល់អាហារដល់អ្នកស្រី ខឹម ហន ព្រោះគេឃើញពីជីវភាពខ្វះខាតរបស់គាត់។

«ខ្ញុំស្គាល់គាត់(អ្នកស្រី ខឹម ហន) ប្រហែល៣០ឆ្នាំហើយ។ គាត់ពិបាកតាំងពីអត់ពីប្ដី។ រាល់ថ្ងៃនេះកូនរបស់គាត់ចិញ្ចឹម ហើយជួនកាលអ្នកជិតខាងផ្ដល់ម្ហូបអាហារឱ្យគាត់ដែរ ព្រោះគេឃើញគាត់ចាស់គេអាណិត។ គាត់នៅសល់តែកូនប្រុសម្នាក់ ដែលរកស៊ីចិញ្ចឹម»។ នេះជាការបញ្ជាក់របស់អ្នកស្រី ន សុគុន។
ក្រោយពីលោក ពេជ្រ សុខា ជាស្វាមីទទួលមរណភាព ក្នុងអំឡុងឆ្នាំ២០១០ អ្នកស្រី ខឹម ហន បានចាប់មុខរបរលក់នំបុ័ង នៅមុខស្រឡាង និងឆ្លៀតពេលទៅលាងចាននៅហាងគុយទាវក្បែរនោះផង ។
ទោះជាយ៉ាងណា ក្រោយពីស្ពានត្សឹបាសា ឬហៅថាស្ពានអ្នកលឿង ត្រូវបានសម្ភោធ អ្នកស្រី ហន ពុំអាចរកចំណូលបានពីការលក់នំបុ័ងទៀតឡើយ ព្រោះមិនមានអ្នកទិញ ដោយនៅបន្តការងារលាងចាននៅហាងគុយទាវ ក្នុងមួយថ្ងៃទទួលបានប្រាក់កម្រៃ៣ម៉ឺនរៀល។ បន្ថែមពីនោះ អ្នកស្រីក៏ចាប់មុខរបរបន្ទាប់បន្សំមួយចំនួនទៀតដែរ។
ក្រោយពីជំងឺកូវីដ-១៩ រាតត្បាតខ្លាំង គឺប្រហែលជាងមួយឆ្នាំចុងក្រោយនេះ អ្នកស្រីក៏បានឈប់ពីការងារលាងចានគុយទាវ ព្រោះសុខភាពកាន់តែខ្សោយ។ ដោយសារតែបាត់បង់សមត្ថភាពធ្វើការងារ ញាតិជិតខាងរបស់អ្នកស្រី បានជួយជាម្ហូបអាហារខ្លះៗ ក៏មានអង្គការ និងអាជ្ញារធរភូមិឃុំ បានឧបត្ថម្ភជាអង្ករ ដល់អ្នកស្រីខ្លះផងដែរ។ អ្នកស្រី ខឹម ហន នឹងលោក ពេជ្រ សុខា មានកូនប្រុស៦នាក់ ប៉ុន្តែនៅមានជីវិតតែ២នាក់ប៉ុណ្ណោះ។

អ្នកស្រី ហន ដែលមានមាឌធាត់ សម្បុរសសក់ខ្មៅកាត់ខ្លី បញ្ជាក់បន្ថែម៖«ពេលអត់ខ្លាំងអ្នកជិតខាងផ្ដល់អាហារឱ្យខ្លះ ខ្ញុំដាំខ្លួនឯងខ្លះ។ មានអង្គការជួយខ្លះ ហើយអាជ្ញាធរភូមិឃុំក៏គាត់ជួយខ្លះដែរ។ ជួនគេឱ្យអង្ករ១០គីឡូក្រាម។ ខ្ញុំសំណូមពរដល់អង្គការនិងសប្បុរសជន មេត្តាផ្ដល់ជំនួយដល់គ្រួសាររបស់ខ្ញុំផង»។
ចំណែកអ្នកស្រី លឹម សេត ដែលត្រូវជាក្មួយបង្កើតរបស់លោក ពេជ្រ សុខា អះអាងថា ជីវិតរបស់អ្នកស្រី ខឹម ហន កម្សត់តាំងពីបាត់បង់ស្វាមីមក។ បើតាមអ្នកស្រី សេត ជីវភាពរបស់មីងសាច់ថ្លៃរូបនេះ មានស្ថានភាពប្រសើរជាងនេះ អំឡុងពេលលោក ពេជ្រ សុខា នៅមានជីវិត។
ស្ត្រីវ័យ៦៣ឆ្នាំ សម្បុរខ្មៅស្រអាប់រូបនេះ បន្យល់បន្ថែម៖«ជីវភាពគាត់ខុសគ្នាឆ្ងាយណាស់ បើប្រៀបជាមួយកាលគាត់នៅជាមួយពូ(លោក ពេជ្រ សុខា)។ គាត់តស៊ូណាស់ គាត់ខំធ្វើការ និងលក់នេះលក់នោះគ្រប់តែមុខ ឱ្យតែបានប្រាក់ចិញ្ចឹមកូន»។

លោក ពេជ្រ សុខា កើតក្នុងឆ្នាំ១៩៤៩ នៅភូមិតាជោ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។ លោកបានទទួលមរណភាពនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១០ ក្នុងអាយុ៦១ឆ្នាំ នៅវេលាម៉ោង៤ទៀបភ្លឺ ដោយសារគ្រោះថ្នាក់ដួលបោកក្បាល ពេលលោកកំពុងដើរហាត់ប្រាណ។ លោក ពេជ្រ សុខា មានជំនាញច្រៀងភ្លេងការ ចាប៉ី និងអាយ៉ៃជាដើម។ ស្នាដៃចុងក្រោយរបស់លោក គឺការនិពន្ធបទ«ទំនួញប្រេត» ដែលមានភាពល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស។ ប្រជាជនខ្មែររាប់តាំងពីកុមារ រហូតដល់មនុស្សចាស់ មិនត្រឹមតែធ្លាប់ឮទំនួញប្រេតទេ ប៉ុន្តែពួកគេភាគច្រើន ថែមទាំងចេះស្មូតទៀតផង។ ទំនួញប្រេតនេះទៀតសោត ក៏បានទាក់ចិត្តជនបរទេស ឱ្យរៀនស្មូតតាមផងដែរ៕






Tag:
 ជីវភាព
  សង្គម
  ភ្ជុំ
  ទំនួញប្រេត
  ពេជ្រ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com