ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ានី គាំទ្រឪពុកចំពោះការរៀបចំឱ្យមេដឹកនាំជាតិមានសញ្ជាតិតែមួយ
06, Oct 2021 , 2:13 pm        
រូបភាព
លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្តេច ហ៊ុន សែន
លោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្តេច ហ៊ុន សែន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជ្រើសរើសយកថ្ងៃបុណ្យភ្ជុំឆ្នាំនេះ ដើម្បីប្រកាសឱ្យមានការរៀបចំ វិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីតម្រូវឱ្យមេដឹកនាំកំពូលរបស់ប្រទេសមានសញ្ជាតិតែមួយ។ លោក ហ៊ុន ម៉ានី បានបង្ហាញការគាំទ្រចំពោះការផ្តួចផ្ដើមនេះ។


លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសពៅរបស់សម្តេច ហ៊ុន សែន បានបង្ហាញការគាំទ្រភ្លាមៗ ក្រោយពីសម្តេច ហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុកថា សម្តេចបានផ្តួចផ្តើមឱ្យរដ្ឋមន្ត្រីយុត្តិធម៌រៀបចំសេចក្តីព្រាងឧបករណ៍ច្បាប់មួយដែលតម្រូវឱ្យមេដឹកនាំស្ថាប័នកំពូលថ្នាក់ជាតិមានសញ្ជាតិតែមួយ។ ប្រធានបទនេះធ្លាប់ត្រូវបានលើកឡើងម្តងម្កាលរួចមកហើយក្នុងនីតិកាលកន្លងមកដែលមេដឹកនាំគណបក្សនយោបាយនានាដែលមានសំឡេងនៅក្នុងរដ្ឋសភា មានសញ្ជាតិ២។

លោក ហ៊ុន ម៉ានី ដែលជាអ្នកនយោបាយជំនាន់ក្រោយមួយរូប បានសរសេរនៅទំព័រហ្វេសប៊ុករបស់ខ្លួនដែលអាចធ្វើឱ្យសាធារណជនយល់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាមិនមានបំណងដាច់ខាតត្រូវស្នើគំនិតផ្តួចផ្តើមកំណត់សញ្ជាតិសម្រាប់មេដឹកនាំកំពូលរបស់ជាតិនោះទេ។ លោក ហ៊ុន ម៉ានី បានសរសេរថា ឪពុករបស់លោកមានតែចិត្តយោគយល់ចំពោះអ្នកនយោបាយខ្មែរដែលធ្លាប់និរទេសខ្លួនទៅរស់នៅបរទេស ហើយដែលមានបំណងត្រឡប់មកចូលរួមបម្រើ និងអភិវឌ្ឍជាតិវិញ។

ប៉ុន្តែលើកនេះ ពេលវេលាបានមកដល់ហើយ? លោក ហ៊ុន ម៉ានី បានសរសេរយ៉ាងដូច្នេះ៖«ម្តងនេះ ល្អដែរ ដែលចរន្តនយោបាយបានរុញច្រានយើង ឲ្យឈានទៅដល់ការយកលក្ខខណ្ឌសញ្ជាតិនេះ មកកំណត់ចំពោះការកាន់តួនាទីកំពូលនៃស្ថាប័នជាតិនានា។ ម្យ៉ាងអ្នកដែលចង់ចូលរួមក្នុងការអភិវឌ្ឍជាតិ ហើយសំឡឹងមើលតួនាទីកំពូលប្រហែលជាអស់ ហើយម្យ៉ាងទៀត នេះក៏ជាការបង្ហាញនូវភាពស្មោះត្រង់ចំពោះជាតិ និងប្រជាជនផងដែរ។»។

សេចក្តីប្រកាសរបស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានកើតឡើង ក្រោយពេលដែល​លោក សម រង្ស៊ី បានផ្សាយបន្តនូវ​ដំណឹងមួយពីក្រុមស៊ើបអង្កេត The Padora Paper ដែលថាសម្តេច ហ៊ុន សែន បានទិញសញ្ជាតិ សាយប្រឹស។ 

នៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅលើទំព័រហ្វេសប៊ុកថា សម្តេចបានស្នើឱ្យលោករដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធិ រៀបចំនីតិវិធីធ្វើយ៉ាងណាដើម្បីឈានទៅកំណត់សញ្ជាតិតែមួយសម្រាប់បេក្ខភាពប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងបេក្ខភាពនាយករដ្ឋមន្ត្រី។ សម្តេច ហ៊ុន សែន ពន្យល់ថា ការសម្រេចយ៉ាងនេះ ក៏ដើម្បីចៀសផុតពីការជ្រៀតជ្រែករបស់បរទេសចូលក្នុងកិច្ចការដឹកនាំប្រទេសដែរ។
សម្តេច ហ៊ុន សែនក៏មានឆ្លៀតផ្ញើនយោបាយមួយដែរ ដោយមានប្រសាសន៍ដូច្នេះថា៖«បើលេងកុំខឹងបើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិពីរដែលប៉ុនប៉ងកាន់តំណែងកំពូលទាំងនេះ ពិសេសតំណែងនាយករដ្ឋមន្ត្រី។»។

បើទោះជាគំនិតផ្តួចផ្តើមនេះមានអត្ថន័យចំហទូលាយក៏ពិតមែន ប៉ុន្តែសាធារណមតិអាចយល់បានថា នីតិវិធីមួយនេះនឹងច្បាស់ជារារាំងដល់មេចលនានយោបាយប្រឆាំង គឺលោក សម រង្ស៊ី និងថ្នាក់ដឹកនាំមួយចំនួនទៀតដែលមានសញ្ជាតិ២ ហើយដែលតែងតែស្វែងរកការគាំទ្រពីបរទេស ឱ្យដាក់សម្ពាធលើរដ្ឋាភិបាលភ្នំពេញ ដែលដឹកនាំដោយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ទាក់ទងនឹងបញ្ហាសញ្ជាតិនេះ លោក ហ៊ុន ម៉ានី ក៏បានបញ្ជាក់ផងដែរថា លោកពុំដែលបានឮថា ឪពុករបស់លោកចង់បានសញ្ជាតិទីពីរ លើសពីសញ្ជាតិដែលត្រូវបានផ្តល់ឱ្យដោយធម្មជាតិពីឪពុកម្តាយខ្មែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com