COVID-19
ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីសុខាភិបាល អនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទ «ដែលតា» ព្យាបាលនៅផ្ទះ
06, Oct 2021 , 2:59 pm        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
 ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta) សម្រាកព្យាបាលនៅផ្ទះ។ លោក បានបញ្ជាក់ថា ការអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ប្រភេទដែលតា ព្យាបាលនៅផ្ទះនេះ គឺដើម្បីឆ្លើយតបនឹងការវិវត្តថ្មីនៃសភាពការណ៍នៃជំងឺកូវីដ-១៩ និងការរស់នៅក្នុងបរិបទថ្មី។



អ្នកជំងឺកូវីដ-១៩​ប្រភេទដែលតា ត្រូវបានរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង  អនុញ្ញាតឱ្យសម្រាកព្យាបាលនៅផ្ទះ ដោយមានការចូលរួមយ៉ាងសកម្មភាពពីអាជ្ញាធរមូលដ្ឋាន និងពង្រឹងវិធានការសុខាភិបាល វិធានការរដ្ឋបាល ឱ្យបានហ្មត់ចត់។ នេះបើយោងតាមលិខិតរបស់លោក ម៉ម ប៊ុនហេង  ផ្ញើទៅកាន់ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ថ្នាក់រាជធានី-ខេត្ត​ កាលពីថ្ងៃទី៥តុលា ឆ្នាំ២០២១។

ក្រៅពីអនុញ្ញាតឱ្យអ្នកជំងឺកូវីដ-១៩ប្រភេទដែលតា ព្យាបាលនៅផ្ទះ​ លោក ម៉ម ប៊ុនហេង  ក៏បានអនុញ្ញាតឱ្យអ្នកជំងឺប្រភេទនេះ នៅក្នុងមណ្ឌលឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ជាមួយគ្នានឹងអ្នកជំងឺកូវីដ-១៩ប្រភេទអាល់ហ្វា ​ដោយពុំចាំបាច់ញែកអ្នកជំងឺឡើយ។ លើសពីនេះ លោក ក៏បានអនុញ្ញាតឱ្យវិស័យសុខាភិបាលឯកជនស្របច្បាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ប្រភេទដែលតានេះផងដែរ។

បើតាម លោក​ ម៉ម ប៊ុនហេង  ការអនុញ្ញាតបែបនេះ គឺដើម្បីឆ្លើយតបនឹងការវិវត្តថ្មីនៃសភាពការណ៍នៃជំងឺកូវីដ-១៩ និងការរស់នៅក្នុងបរិបទថ្មី។ ប៉ុន្តែលោក បានបញ្ជាក់ថា ចំពោះអ្នកជំងឺកូវីដ-១៩ប្រភេទដែលតា ដែលកំពុងសម្រាកព្យាបាលនៅតាមមណ្ឌល ឬមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ លើសរយៈពេលកំណត់ក្នុងលក្ខខណ្ឌដែលបានចែង គឺត្រូវតេស្ត PCR និងទទួលបានលទ្ធផលតេស្តអវិជ្ជមាន មុននឹងអនុញ្ញាតឱ្យបញ្ចប់ការព្យាបាល៕


Tag:
 កូវីដ-១៩
  លោក ម៉ម ប៊ុនហេង
© រក្សាសិទ្ធិដោយ thmeythmey.com