ជាតិ
សង្គមជាតិ
ឈប់សម្រាកថ្ងៃទី១នៃបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរ​ជិត១៥ម៉ឺន​នាក់ ​​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នៅ​ទូទាំងប្រទេស​
06, Oct 2021 , 6:00 pm        
រូបភាព
ភ្ញៀវទេសចរ នាំគ្នាទៅកម្សន្តនៅខេត្តកែប ក្នុងថ្ងៃទីមួយនៃពិធីភ្ជុំបិណ្ឌ។ រូបថត៖ ក្រសួងទេសចរណ៍
ភ្ញៀវទេសចរ នាំគ្នាទៅកម្សន្តនៅខេត្តកែប ក្នុងថ្ងៃទីមួយនៃពិធីភ្ជុំបិណ្ឌ។ រូបថត៖ ក្រសួងទេសចរណ៍
 
ភ្នំពេញ៖ ថ្ងៃឈប់សម្រាកទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរក្នុងស្រុកជិត១៥ម៉ឺននាក់ ចេញដើរកម្សាន្ត តាមរមណីយដ្ឋាននានានៅទូទាំងប្រទស ដោយនៅក្នុងនោះ ខេត្តកំពតមានភ្ញៀវទេសចរចំនួន ៣០ ៤៥៥នាក់ បានទៅលេងកម្សាន្ត។


 
ថ្ងៃទី៥តុលា ឆ្នាំ២០២១ ដែលជាថ្ងៃឈប់សម្រាកទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរក្នុងស្រុកចំនួន  ១៤៩ ០១៣នាក់ (ជិត១៥ម៉ឺននាក់) បានដើរកម្សាន្តនៅទូទាំងប្រទេស។ ក្នុងចំណោមភ្ញៀវទេសចរទាំងនេះ គឺមាន១ ៤៦៩នាក់ ជាភ្ញៀវបរទេសផ្ទៃក្នុង។  នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ដោយបានបញ្ជាក់ថា តួលេខនេះ បានធ្លាក់ចុះជិត៤៥ភាគរយ ធៀបនឹងថ្ងៃទី១នៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ២០២០។
 
 
របាយការណ៍របស់ក្រសួងទេសចរណ៍ដដែលបានបង្ហាញពីគោលដៅទេសចរណ៍សំខាន់ៗនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលមានភ្ញៀវទេសចរទៅទស្សនាច្រើនជាងគេ ចំនួន៦ខេត្ត។  ក្នុងនោះមាន ខេត្តកំពត មានភ្ញៀវទេសចរទៅកម្សាន្ត រហូត ៣០ ៤៥៥នាក់ (ជាង៣ម៉ឺននាក់)   ខេត្តកែប ទទួលបានភ្ញៀវទេសចរ ២៦ ៨៩០នាក់ (ជាង២,៦ម៉ឺននាក់) ខេត្តព្រះសីហនុ ទទួលបានទេសចរ ១៨ ១៩៧នាក់ (ជាង១,៨ម៉ឺននាក់) ខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរទៅកម្សាន្ត ៨ ៧០៥នាក់ (ជាង៨,៧ពាន់)  ខេត្តមណ្ឌលគិរី មានភ្ញៀវទេសចរទៅមានកម្សន្ត ៧ ២៣៣នាក់ (ជាង៧ពាន់នាក់) និង សៀមរាប មានភ្ញៀវទេសចរទៅកម្សន្ត  ៦ ០៨៦ នាក់ (ជាង៦ពាន់នាក់)។
 
 
បើតាមក្រសួងទេសចរណ៍ ថ្ងៃឈប់សម្រាកទី១នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ មានពលរដ្ឋមួយចំនួនបានជ្រើសរើសដើរកម្សាន្តជារង្វង់ខ្សែទស្សនកិច្ច(សៀគ្វី) ដែលបានឆ្លងកាត់ខេត្តច្រើន។ ដូចជា នៅភាគភាគឦសាន (មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងក្រចេះ ឬអាចភ្ជាប់ទៅព្រះវិហារ និងសៀមរាបជាដើម) ព្រមជាមួយគោលដៅខេត្តតំបន់ឆ្នេរសមុទ្រទាំង៤។
 
ក្រសួងបានរៀបរាប់ដូច្នេះថា៖«បន្ទប់ស្នាក់នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដូចជាមណ្ឌលគិរី កំពត និងកែបជាដើម ត្រូវបានភ្ញៀវកក់ស្ទើរពេញទាំងស្រុងរហូតដល់ចុងសប្តាហ៍។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរមួយចំនួនបានងាកមកជ្រើសរើសកក់កន្លែងស្នាក់នៅដែលមានផ្ទះបាយ ឬកន្លែងចម្អិនអាហារភ្ជាប់ជាមួយ ដោយសារពួកគាត់ដើរកម្សាន្តជាក្រុមគ្រួសារ និងចង់កាត់បន្ថយការជួបជុំ និងប៉ះពាល់ជាមួយភ្ញៀវដទៃ»។
 
ក្រសួងទេសចរណ៍ បានបន្តអះអាង ថា គ្រប់គោលដៅទេសចរណ៍ សុទ្ធតែបានអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា(SOP) ក្រោមការចុះពិនិត្យ អប់រំ ណែនាំ និងសម្របសម្រួលពីរដ្ឋបាលរាជធានីខេត្ត មន្ទីរទេសចរណ៍ និងអង្គភាពពាក់ព័ន្ធ៕
 



Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com