ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជា ស្នើឲ្យស៊ើបអង្កេត ក្រោយមានការផ្សាយថា សម្តេច ហ៊ុន សែន ទិញលិខិតឆ្លងដែន ឬសញ្ជាតិស៊ីប
06, Oct 2021 , 5:20 pm        
រូបភាព
លោក កើត រិទ្ធ ថ្លែងក្នុងពិធីដែលលោក ឡើងធ្វើជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង)
លោក កើត រិទ្ធ ថ្លែងក្នុងពិធីដែលលោក ឡើងធ្វើជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ កាលពីខែមេសា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច ស ខេង)
ដោយ: ថ្មីៗ
ធ្វើជាសេនាធិការឲ្យរដ្ឋាភិបាលកម្ពុជា លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្ញើលិខិតជូនទៅអ្នកស្រី ស្ទេហ្វ៊ី ដ្រាកូស (Stephie Dracos) រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងសណ្ឋាប់ធ្នាប់នៃសាធារណរដ្ឋស៊ីប (Cyprus) ដើម្បីសុំឲ្យស្រាវជ្រាវពីព័ត៌មានបរទេស ដែលផ្សាយថា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានលិខិតឆ្លងដែននៃប្រទេសស៊ីប ឬមានសញ្ជាតិស៊ីប។



ក្នុងលិខិតធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ លោក កើត រិទ្ធ ចាត់ទុកការផ្សាយពីសម្តេច ហ៊ុន សែន មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប ឬមានសញ្ជាតិស៊ីប ថាជាការបំផ្លើសការពិត ហើយធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់សម្តេច។ លោក ជម្រាបទៅអ្នកស្រី ស្ទេហ៊្វី ដ្រាកូស ថា សម្តេច ហ៊ុន សែន «មានសញ្ញាតិខ្មែរតែមួយគត់» និងធ្លាប់ប្រកាសជាសាធារណៈថា ដាច់ខាតមិនរត់ចោលប្រជាជនកម្ពុជាឡើយ ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។

កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ សារព័ត៌មាន The Gudian របស់អង់គ្លេស បានចុះផ្សាយថា សម្តេច ហ៊ុន សែន ទទួលបានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីប។ សារព័ត៌មាននេះ ចុះផ្សាយតាមរបាយការណ៍មួយ ដែលបញ្ចេញដោយក្រុមស៊ើបអង្កេតអន្តរជាតិ ហៅថា The Pandora Papers Investigation។

ការផ្សាយរបស់សារព័ត៌មាន The Guardian ត្រូវបានក្រុមប្រឆាំង ចែករំលែកយ៉ាងផុសផុស។ លោក សម រង្ស៊ី មេដឹកនាំកំពូលនៃក្រុមប្រឆាំងនៅក្រៅប្រទេស មិនត្រឹមតែផ្សាយបន្តពីសារព័ត៌មាន The Guardian ថា សម្តេច ហ៊ុន សែន មានលិខិតឆ្លងដែននៃសាធារណរដ្ឋស៊ីបនោះទេ តែលោក ថែមទាំងអះអាងថា សម្តេច បានទិញសញ្ជាតិស៊ីបផងដែរ។ តាមរយៈទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ លោក សម រង្ស៊ី ប្រកាសប្រាប់ប្រជាជនថា រដ្ឋាភិបាលរបស់សម្តេច ហ៊ុន សែន ជិតដល់ទីបញ្ចប់ហើយ ទើបសម្តេច ទិញលិខិតឆ្លងដែន និងសញ្ជាតិស៊ីប ដោយប្រុងនាំគ្រួសាររត់ចេញពីប្រទេសកម្ពុជា។

រំលងបានតែ១ថ្ងៃ ក្រោយការបំផុសបំផុលព័ត៌មានពីសំណាក់លោក សម រង្ស៊ី សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១នេះ ក៏ប្រកាសលើទំព័រហ្វេសប៊ុកវិញ ពីការសម្រេចចិត្តរបស់សម្តេច ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យមេដឹកនាំកំពូល៤រូបរបស់កម្ពុជា រួមមាន ប្រធានក្រុមក្រុមប្រឹក្សាធម្មនុញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង ប្រធានអង្គនីតិប្រតិបត្តិ (នាយករដ្ឋមន្រ្តី) មានសញ្ជាតិខ្មែរតែមួយ ដោយមិនត្រូវមានសញ្ញាតិផ្សេងឡើយ។ កិច្ចការពិភាក្សាពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ សម្តេច បានប្រគល់ទៅឲ្យលោក កើត រិទ្ធ។ 

«បើលេងកុំខឹង បើខឹងកុំលេង ព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយ សម្រាប់ពួកសញ្ជាតិ២ ដែលប៉ុនប៉ងកាន់តំណែងកំពូលនេះ ពិសេសតំណែងនាយករដ្ឋមន្ត្រី ព្រោះថាវិសោធនកម្មរដ្ឋធម្មនុញ្ញក្តី ឬច្បាប់អង្គការក្តីត្រូវការសំឡេង២ភាគ៣ ទើបអាចអនុម័តបាន»។ នេះជាសាររបស់សម្តេច ហ៊ុន សែន ដែលមិនសំដៅចំឈ្មោះបុគ្គលណាម្នាក់។ យ៉ាងណា សារនេះ ហាក់ចង់សំដៅទៅក្រុមប្រឆាំង ពិសេសលោក សម រង្ស៊ី ដែលមានបំណងចង់ដឹកនាំប្រទេសក្នុងតំណែងជានាយករដ្ឋមន្រ្តី ខណៈលោក មានសញ្ញាតិបារាំង។

កូនប្រុសទាំង៣រូបរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត លោក ហ៊ុន ម៉ានិត និង លោក ហ៊ុន ម៉ានី បូករួមទាំងមន្រ្តីតាមស្ថាប័ននានា ចេញមកជាបន្តបន្ទាប់មក ប្រកាសគាំគំនិតផ្តួចផ្តើមរបស់សម្តេច ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កុំឲ្យមេដឹកនាំកំពូលទាំង៤រូបរបស់កម្ពុជា មានសញ្ញាតិ២៕

Tag:
 កម្ពុជា-ស៊ីប
  ហ៊ុន សែន
  កើត រិទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com