អន្តរជាតិ
អាម៉េរិកគ្រោងពិភាក្សាដោយ«ចំហ»ជាមួយចិនអំពីពាណិជ្ជកម្ម
07, Oct 2021 , 9:29 am        
រូបភាព
រូបឯកសារ៖ គណៈកម្មការ​ហិរញ្ញវត្ថុ​ព្រឹទ្ធសភា​អាមេរិក​បើក​សវនាការ​អំពី​ការ​តែង​តាំង​អ្នកស្រី Katherine Tai ធ្វើជា​អ្នកតំណាងពាណិជ្ជកម្ម​អាមេរិក។ (Reuters)
រូបឯកសារ៖ គណៈកម្មការ​ហិរញ្ញវត្ថុ​ព្រឹទ្ធសភា​អាមេរិក​បើក​សវនាការ​អំពី​ការ​តែង​តាំង​អ្នកស្រី Katherine Tai ធ្វើជា​អ្នកតំណាងពាណិជ្ជកម្ម​អាមេរិក។ (Reuters)
ដោយ: VOA
មន្ត្រីកំពូលរបស់សហរដ្ឋអាម៉េរិកផ្នែកចរចាពាណិជ្ជកម្មបាននិយាយថាប្រទេសចិនមិនបានធ្វើតាមការប្តេជ្ញាចិត្តផ្នែកពាណិជ្ជកម្មរបស់ខ្លួនកាលពីឆ្នាំមុន ហើយថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងធ្វើការសន្ទនាដោយចំហជាមួយរដ្ឋាភិបាលក្រុងប៉េកាំងក្នុងពេលឆាប់ៗនេះ។

 
នៅក្នុងសុន្ទរកថាកាលពីថ្ងៃច័ន្ទនៅរដ្ឋធានីវ៉ាស៊ីនតោនអ្នកស្រី Katherine Tai អ្នកតំណាងវិស័យពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថា៖ «ប្រទេសចិនបានប្តេជ្ញាចិត្តក្នុងគោលបំណងផ្តល់ផលប្រយោជន៍ខ្លះដល់ឧស្សាហកម្មអាមេរិក រួមទាំងវិស័យកសិកម្ម ដែលយើងត្រូវតែពង្រឹង»។
 
ប្រទេសចិនបានប្តេជ្ញាបន្ថែមទឹកប្រាក់ចំនួន ២០០ពាន់លានដុល្លារទិញទំនិញនាំចេញរបស់សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី១ ដែលបានចរចាក្នុងអំឡុងរដ្ឋបាលលោកអតីតប្រធានាធិបតី Donald Trump។
 
អ្នកស្រី Tai បាននិយាយថា ប្រទេសចិនបានទិញមិនគ្រប់តាមការសន្យាហើយអ្នកស្រីបាននិយាយថា អ្នកស្រីនឹងស្វែងរកកិច្ចប្រជុំជាមួយសមភាគីចិន គឺលោកឧបនាយករដ្ឋមន្ត្រី Liu He  ដើម្បីពិនិត្យមើលបញ្ហានេះ។
 
នៅក្នុងពិធីកាលពីថ្ងៃច័ន្ទ រៀបចំដោយមជ្ឈមណ្ឌលដើម្បីការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) អ្នកស្រី Tai បានថ្លែងថា៖ «សំខាន់ជាងគេបំផុតនោះ គឺយើងត្រូវតែការពារផលប្រយោជន៍សេដ្ឋកិច្ចរបស់យើងឲ្យខាងតែបាន»។

បន្តយុទ្ធសាស្ត្ររបស់លោក Trump
 
លោក William Adams  អនុប្រធានជាន់ខ្ពស់ និងជាសេដ្ឋវិទូជាន់ខ្ពស់របស់ឧបសម្ព័ន្ធសេវាកម្មហិរញ្ញវត្ថុ PNC បានចាត់ទុកសារទាំងមូលនៃសុន្ទរកថារបស់អ្នកស្រី Tai ថា ជា«ការបន្តយុទ្ធសាស្ត្ររបស់រដ្ឋបាលលោក Trump ចំពោះទំនាក់ទំនងពាណិជ្ជកម្មអាមេរិក-ចិន»។
 
ប្រធានាធិបតីអាមេរិកលោក Joe Biden បានរក្សាពន្ធគយកំណត់ដោយលោក Trump  ខណៈអ្នកស្រី  Tai បានធ្វើការត្រួតពិនិត្យរយៈពេលមួយខែពេញលើគោលនយោបាយពាណិជ្ជកម្មសហរដ្ឋអាមេរិកជាមួយប្រទេសចិន។
 
អ្នកស្រី Tai បាននិយាយកាលពីថ្ងៃច័ន្ទថា តទៅមុខ រដ្ឋបាលរបស់លោក Biden នឹងដកពន្ធគយខ្លះចេញពីទំនិញនាំចូលរបស់ចិនមួយចំនួនដែលកំណត់ដោយរដ្ឋបាលលោក Trump ។ ការលើកលែងពន្ធគយពីមុនភាគច្រើនបានផុតកំណត់នៅចុងឆ្នាំមុន៕
 
(Yinan Wang, Lin Yang និង Forest Cong វីអូអេភាសាចិនកុកងឺ (Mandarin) រួមចំណែកក្នុងសេចក្តីរាយការណ៍នេះ)

អានព័ត៌មានផ្ទាល់លើ VOA
 

© រក្សាសិទ្ធិដោយ thmeythmey.com