ជាតិ
អ្នកនៅតំបន់ក្បែរអង្គរមួយចំនួន មិនបានដើរលេងពេលភ្ជុំឡើយ ដើម្បីបង្ការកូវីដ និងបញ្ហាសេដ្ឋកិច្ច
07, Oct 2021 , 9:59 pm        
រូបភាព
អ្នកស្រី ព្រះ សូ កំពុងស្ងោរអន្សមនៅមុខផ្ទះនាភូមិគោកដូង សង្កាត់គោកចក។
អ្នកស្រី ព្រះ សូ កំពុងស្ងោរអន្សមនៅមុខផ្ទះនាភូមិគោកដូង សង្កាត់គោកចក។
សៀមរាប៖ ស្របពេលដែលជំងឺកូវីដ-១៩ មិនទាន់ស្រាកស្រាន្តនៅឡើយ ប្រជាពលរដ្ឋមួយចំនួនបានជ្រើសការស្នាក់នៅក្នុងផ្ទះ ដើម្បីសុវត្ថិភាព។ ក្នុងនោះ ក៏មានពលរដ្ឋមួយចំនួនដែលនៅក្បែរប្រាសាទ ក៏សម្រេចចិត្តមិនដើរកម្សាន្តដូចរាល់ឆ្នាំដែរ គួបផ្សំដើម្បីបង្ការជំងឺឆ្លង និងបញ្ហាសេដ្ឋកិច្ចក្នុងគ្រួសារផង។

 
អ្នកស្រី សង សាវ័ន ពលរដ្ឋរស់នៅភូមិត្រពាំងសេះ ដែលនៅខាងជើងច្រាំងកសិន្ធុអង្គរវត្តបន្ដិចនោះ បានរៀបរាប់ថា រដូវបុណ្យបិណ្ឌឆ្នាំនេះ គ្រួសារអ្នកស្រីទើបយកចង្ហាន់ទៅប្រគេនព្រះសង្ឃបានតែមួយវត្តប៉ុណ្ណោះ គឺនៅបិណ្ឌទី១៣។ ចំណែកថ្ងៃភ្ជុំធំ អ្នកស្រីមិនបានទៅណាទេ រីឯកូនៗក៏អ្នកស្រីបង្គាប់មិនឱ្យដើរលេងទៅណាដែរ ដោយបារម្ភពីជំងឺកូវីដ-១៩។
 
រីឯគ្រួសារអ្នកស្រី ម៉ៅ ប៉ុ ដែលនៅភូមិត្រពាំងសេះ សង្កាត់គោកចក ដែរនោះ ក៏មិនបានទៅច្រើនវត្តដែរក្នុងរដូវបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ គ្រួសារនេះ បានយកចង្កាន់ប្រគេនព្រះសង្ឃបានមួយវត្តប៉ុណ្ណោះ នៅថ្ងៃបិណ្ឌទី៣។ អ្នកស្រី ប៉ុ បន្តថា បានចាប់មាន់ខ្លួនឯង ធ្វើម្ហូបទៅវត្ត និងបានចំណាយថវិកាប្រហែល៥ម៉ឺនរៀលទៀតដើម្បីទិញរបស់របរផ្សេងៗ រៀបចំចង្ហាន់ទៅវត្ត។ អ្នកស្រីបន្តទៀតថា ដោយសារជីវភាពខ្វះខាត រកអ្វីពុំសូវបាន ណាមួយបារម្ភពីជំងឺកូវីដ-១៩ ផងនោះ ទើបឆ្នាំនេះមានការរៀបចំបន្ដិចបន្ដួចប៉ុណ្ណោះ។


 អ្នកស្រី ម៉ៅ ប៉ុ កំពុងបាចអង្ករឲ្យមាន់ស៊ី។

ងាកទៅគ្រួសារអ្នកស្រី ព្រះ សូ នៅភូមិគោកដូង សង្កាត់គោកចក វិញនោះ មិនបានរៀបចំចង្ហាន់អ្វីសម្រាប់ការដាក់បិណ្ឌទេ គឺរង់ចាំថ្ងៃភ្ជុំធំតែម្ដង។ កំពុងអង្គុយស្ងោរនំអន្សមមុខផ្ទះ អ្នកស្រីរៀបរាប់ថា កង្វះថវិកាធ្វើឱ្យការធ្វើបុណ្យទាននៅឆ្នាំនេះមិនបានល្អប្រសើរ ពិសេសនោះគឺអ្នកស្រីខ្លាចជំងឺឆ្លង។ យ៉ាណា អ្នកស្រីបានលៃលកវេចនំអន្សម និងរៀបចំបាយសម្លខ្លះ ទៅវត្តព្រះអង្គកងជុំ នៅថ្ងៃភ្ជុំធំ។ 
 
ខុសពីឆ្នាំមុនៗ ពលរដ្ឋបានដើរកម្សាន្តយ៉ាងសប្បាយរីករាយ ទោះមិនបានទៅណាឆ្ងាយក៏ដោយ។ មុនមានជំងឺកូវីដ-១៩ ផ្ទុះឡើង គ្រួសារអ្នកស្រី សង សាវ័ន បានទៅលេងផ្ទះឪពុកក្មេកនៅស្រុកក្រឡាញ់ ឬអាចទៅលេងផ្ទះម្ដាយមីងនៅខេត្តកំពង់ធំ ឬក៏ទៅដើរផ្ទះបងប្អូន និងហូបអាហារជុំគ្នាយ៉ាងសប្បាយរីករាយពេញមួយថ្ងៃ។ ឆ្នាំនេះ អ្នកស្រី សាវ័ន មិនហ៊ានទៅណាទេ។
 
ចំណែកអ្នកស្រី ម៉ៅ ប៉ុ វិញ ក៏ដូចគ្នាដែរ ថ្ងៃភ្ជុំធំអ្នកស្រីមិនបានទៅវត្តទេ ដោយបារម្ភមនុស្សម្នាច្រើន ដោយទៅត្រឹមផ្ទះម្ដាយនៅស្រះស្រង់តែប៉ុណ្ណោះ៕
 
 

Tag:
 ភ្ជុំបិណ្ឌ
  អ្នកភូមិអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com