អន្តរជាតិ
លោក Biden ថា ការបង្កើនកម្រិតបំណុលអតិបរមារបស់អាម៉េរិកគឺ«ពិតជាអាចទៅរួច»
07, Oct 2021 , 11:29 pm        
រូបភាព
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែងសុន្ទរកថា​អំពី​កម្រិត​បំណុល​អតិបរមា​របស់​អាមេរិក​នៅ​ក្នុង​សេតវិមាន​កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។ (Reuters)
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ថ្លែងសុន្ទរកថា​អំពី​កម្រិត​បំណុល​អតិបរមា​របស់​អាមេរិក​នៅ​ក្នុង​សេតវិមាន​កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។ (Reuters)
ដោយ: VOA
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបង្ហាញកាលពីថ្ងៃអង្គារថា សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យរបស់លោកអាចរំលងផុតក្បួនច្បាប់នៃការបោះឆ្នោតយកសំឡេងភាគច្រើនលើសលុបដើម្បីបង្កើនកម្រិតបំណុលអតិបរមារបស់សហរដ្ឋអាមេរិក ដោយមិនចាំបាច់មានសំឡេងឆ្នោតពីគណបក្សសាធារណរដ្ឋ។

 
លោក Biden បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានថា៖ «វាពិតជាអាចទៅរួច»។
 
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកអ្នកស្រី Janet Yellen បាននិយាយថា កម្រិតបំណុលអតិបរមារបស់សហរដ្ឋអាមេរិកនឹងឈានដល់ចំណុចកំពូលនៅត្រឹមថ្ងៃទី ១៨ ខែតុលាខាងមុខ ប្រសិនបើសភាមិនធ្វើសកម្មភាពណាមួយ។
 
បំណុលដែលកើនឡើងជិតដល់កម្រិតកំណត់អតិបរមាមានគ្រោះអាក្រក់របស់វា។ វិវាទបំណុលកាលពីឆ្នាំ ២០១១ ដែលសភាបានដោះស្រាយរួចក្នុងពេលពីរថ្ងៃមុនពេលបំណុលឈានដល់កម្រិតកំណត់អតិបរមា បានធ្វើឲ្យតម្លៃភាគហ៊ុនធ្លាក់ចុះ និងបានទម្លាក់ចំណាត់ថ្នាក់ឥណទានជាលើកដំបូងសម្រាប់បំណុលរបស់សហរដ្ឋអាមេរិក។
 
តាមច្បាប់ព្រឹទ្ធសភា សំឡេងគាំទ្រចំនួន ៦០ សំឡេង គឺត្រូវការដើម្បីអនុម័តច្បាប់ [បង្កើនកម្រិតបំណុលអតិបរមា]ជាជាងការបោះឆ្នោតយកសំឡេងភាគច្រើនដូចធម្មតា។ ព្រឹទ្ធសភាសហរដ្ឋអាមេរិកមានសមាជិកស្មើគ្នារវាងក្រុមគណបក្សប្រជាធិបតេយ្យនិងក្រុមគណបក្សសាធារណរដ្ឋ ហើយគណបក្សសាធារណរដ្ឋបានរារាំងកិច្ចប្រឹងប្រែងបង្កើនកម្រិតបំណុលអតិបរមានេះពីរដងរួចមកហើយកាលពីសប្ដាហ៍មុន។
 
ប៉ុន្តែ មានករណីលើកលែងចំពោះច្បាប់យកសំឡេងភាគច្រើនលើសលុបខាងលើ ដោយសមាជិក ព្រឹទ្ធសភាខាងក្រុមគណបក្សប្រជាធិបតេយ្យអាចរំលងផុតការប្រឆាំងរបស់សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋបាន ប្រសិនបើសមាជិកព្រឹទ្ធសភាខាងក្រុមគណបក្សប្រជាធិបតេយ្យទាំង ៥០រូប រួបរួមគ្នាជាធ្លុងមួយ៕
 
(ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press និងទីភ្នាក់ងារព័ត៌មាន Reuters)
 
អានព័ត៌មានផ្ទាល់នៅ VOA 
 

© រក្សាសិទ្ធិដោយ thmeythmey.com