ជាតិ
សេដ្ឋកិច្ច
ជប៉ុន បន្តផ្តល់ជំនួយឥតសំណង និងកម្ចីដល់កម្ពុជា​ ជាង៧២លានដុល្លារទៀត
08, Oct 2021 , 2:46 pm        
រូបភាព
ជារូបតំណាងដែល លោកមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចុះហត្ថលេខា ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កាលពីថ្ងៃទី២៦កក្កដា ឆ្នាំ២០២១។
ជារូបតំណាងដែល លោកមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចុះហត្ថលេខា ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស កាលពីថ្ងៃទី២៦កក្កដា ឆ្នាំ២០២១។
ភ្នំពេញ៖ ជប៉ុន សម្រេចផ្តល់ហិរញ្ញប្បទាន ប្រមាណ៧២លានដុល្លារអាម៉េរិក ដល់កម្ពុជាបន្ថែមទៀត។  ក្នុងចំណោមថវិកាដែលជប៉ុនផ្តល់ឱ្យកម្ពុជានោះ មានជាង៥៨លានដុល្លារជាកម្ចី និងជាង១៤លានដុល្លារ គឺជាជំនួយឥតសំណង។

 
រដ្ឋាភិបាលប្រទេសជប៉ុន នឹងផ្តល់ថវិកាសរុប ៧ ៩៣៦លានយ៉េន ឬស្មើនឹងប្រមាណ ៧២,៧២លានដុល្លារអាម៉េរិកទៀត ដល់កម្ពុជា ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយបានបញ្ជាក់ថា ពិធីចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្នុងទំហំថវិកាជាង៧២លានដុល្លារនេះ នឹងធ្វើឡើងនៅថ្ងៃទី១១តុលា ឆ្នាំ២០២១ ក្រោមវត្តមានលោក ប្រាក់ សុខុន រដ្ឋមន្រីក្រសួងបរទេសកម្ពុជា ជាមួយ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ ​
 
ក្រសួងការបរទេស បានសរសេររៀបរាប់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ក្នុងចំណោមហិរញ្ញប្បទានខាងលើ គឺមាន៥៨,២១លានដុល្លារ​ ជាប្រាក់កម្ចីដែលជប៉ុនផ្តល់ឱ្យកម្ពុជា សម្រាប់អនុវត្តគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប ក្នុងដំណាក់ទី២។ 
 
ដោយឡែក ថវិកាចំនួន១៤,៥១លានដុល្លារទៀត គឺជាជំនួយឥតសំណង​ ដែលជប៉ុនផ្តល់ឱ្យសម្រាប់អនុវត្តគម្រោងចំនួន៥នៅកម្ពុជា។ ក្នុងនោះ មានថវិកា១,៨លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្រនៃដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាពលើផ្ទៃដីបោសសម្អាតមីន។ ទឹកប្រាក់២,២៧លានដុល្លារ សម្រាប់អនុវត្តគម្រោងសម្ភារបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ និងថវិកា ២,២៧លានដុល្លារទៀត ជាសម្ភារបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្រ្តៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ។​
 
ចំពោះ ថវិកាឥតសំណង ៣,៦៣លានដុល្លារ ដែលជប៉ុនផ្តល់ឱ្យកម្ពុជាដែរនោះ គឺសម្រាប់អនុវត្តគម្រោងបំពាក់ឧបករណ៍សម្ភារ និងបរិក្ខាបច្ចេកទេស សម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងថវិកា ចំនួន៤,៥៤លានដុល្លារទៀត សម្រាប់គម្រោងបំពាក់សម្ភារបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិក និងមេកានិក នៅក្នុងសាកលវិទ្យាភូមិន្ទភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់​ក្រសួងការបរទេស៕

Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com