ជាតិ
សេដ្ឋកិច្ច
ADB ផ្តល់ថវិកា៣០លានដុល្លារដល់កម្ពុជា ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលឆ្លើយតបនឹងជំងឺកូវីដ-១៩
08, Oct 2021 , 6:59 pm        
រូបភាព
រូបតំណាង៖ ក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ខែសីហា ឆ្នាំ២០២១។
រូបតំណាង៖ ក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ខែសីហា ឆ្នាំ២០២១។
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ថវិកាចំនួន៣០លានដុល្លារ ដល់កម្ពុជា ដើម្បីជួយពង្រឹងប្រព័ន្ធសុខាភិបាល ក្នុងការឆ្លើយតបនឹងការីករាលនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍។ ADB បានបញ្ជាក់ថា ក្នុងចំណោមថវិកា៣០លានដុល្លារនេះ គឺមាន២៥លានដុល្លារ ជាកម្ចីដែលផ្តល់ឱ្យកម្ពុជា។

 
ថ្ងៃទី៨តុលានេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានសម្រេចផ្តល់ហិរញ្ញប្បទានឱ្យកម្ពុជា ចំនួន៣០លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបនឹងការីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ដែលកំពុងកើនឡើងជាលំដាប់។ សេចក្តីប្រកាសព័ត៌មានរបស់ADB បានបញ្ជាក់ថា ក្នុងចំណោមថវិកាទាំងនេះ មាន២៥លានដុល្លារ ជាប្រាក់កម្ចីដែលផ្តល់ឱ្យកម្ពុជាបន្ថែម សម្រាប់គម្រោងសន្តិសុខសុខភាពមហាអនុតំបន់មេគង្គ (GMS)។
 
បើតាម ADB ប្រាក់កម្ចី២៥លានដុល្លារ ដែលសម្រេចផ្តល់ឱ្យកម្ពុជានេះ នឹងជំរុញលើសេវាកម្មមន្ទីរពិសោធន៍ និងការត្រួតពិនិត្យ ការការពារការឆ្លងមេរោគនៅមន្ទីរពេទ្យបង្អែកខេត្តនិងស្រុកចំនួន៨១ នៅទូទាំងប្រទេស។ លើសពីនេះ វានឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធឃ្លាំមើល និងឆ្លើយតបជំងឺ ការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងការតាមប្រភពចម្លងជំងឺ នៅតាមភ្នាក់ងារសុខាភិបាលមជ្ឈិម ខេត្ត និងស្រុក។
 
ដោយឡែក ថវិកា៥លានដុល្លារទៀត គឺជាជំនួយឥតសំណង ដែលADBផ្តល់ឱ្យកម្ពុជា ដើម្បីកែលម្អ សេវាថែទាំបន្ទាន់នៅមន្ទីរពេទ្យខេត្តចំនួន១៤។ ជំនួយឥតសំណងនេះ គឺមានការរួមបញ្ចូលទាំងការផ្តល់ឧបករណ៍ថ្មីដូចជា៖ រថយន្តសង្គ្រោះបន្ទាន់ បំពង់ផលិតអុកស៊ីសែន និងឧបករណ៍ព្យាបាលដោយប្រើអុកស៊ីសែន ព្រមទាំងការបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល ក្នុងការថែទាំព្យាបាលជំងឺកូវីដ-១៩។ ADB បានបញ្ជាក់ថា ជំនួយឥតសំណងដែលផ្តល់ឱ្យកម្ពុជានេះ គឺបានពីមូលនិធិជប៉ុនសម្រាប់ការកាត់បន្ថយភាពក្រីក្រ (Japan Fund for Poverty Reduction) របស់រដ្ឋាភិបាលជប៉ុន។
 
លោក Rikard Elfving  អ្នកឯកទេសជាន់ខ្ពស់ផ្នែកសង្គមរបស់ ADB បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាននេះថា ជំងឺរាតត្បាតកូវីដ-១៩ កំពុងដាក់សម្ពាធយ៉ាងខ្លាំង មកលើសេដ្ឋកិច្ចកម្ពុជា និងគំរាមកំហែងកិច្ចខិតខំប្រឹងប្រែង ក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍមនុស្ស។  លោក Rikard Elfving បានបន្តថា ការផ្តល់ហិរញ្ញាប្បទាន៣០លានដុល្លារបន្ថែមដល់កម្ពុជានេះ នឹងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ ដើម្បីការពារ កំណត់មុខសញ្ញានិងឆ្លើយតបទៅនឹងកូវីដ-១៩ ក៏ដូចជាការគំរាមកំហែងសុខភាពសាធារណៈផ្សេងៗ ដែលកំពុងកើតមាន កាត់បន្ថយផលប៉ះពាល់លើសុខភាពនិងសង្គម និងរួមចំណែកដោយប្រយោល ក្នុងការកាត់បន្ថយភាពក្រីក្រ។
 
គម្រោងនេះ នឹងដោះស្រាយបញ្ហាសង្គម ដែលបណ្តាលមកពីការរីករាលដាល នៃជំងឺរាតត្បាត ដូចជាការបណ្តុះបណ្តាលបុគ្គលិកមន្ទីរពេទ្យ ដើម្បីកំណត់អត្តសញ្ញាណ និងគាំទ្រដល់ពលរដ្ឋ ដែលរងផលប៉ះពាល់ដោយអំពើហិង្សាយេនឌ័រ និងបញ្ហាសុខភាពផ្លូវចិត្ត។
 
កម្ពុជា អាចគ្រប់គ្រងករណីឆ្លងជំងឺកូវីដ-១៩ ឱ្យនៅកម្រិតទាបក្នុងឆ្នាំ២០២០ ប៉ុន្តែស្ថានការណ៍ មានសភាពធ្ងន់ធ្ងរ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១មក។ គិតត្រឹមថ្ងៃទី៦តុលា កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប១១៤ ១៤៨នាក់ ដោយនៅក្នុងនោះ មាន១០៦ ២៩២នាក់ បានជាសះស្បើយ និងមាន២ ៤៤១នាក់បានស្លាប់ ខណៈអ្នកជំងឺកូវីដ-១៩  ជាង៥ ០០០នាក់ទៀត កំពុងសម្រាកព្យាបាល៕ 

Tag:
 ADB
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com