ជាតិ
លេខាធិការដ្ឋានអាយ​ស៊ីស៊ី-អង្គរ និង​យូណេស្កូ ​ប្រើ​ពេល៣ថ្ងៃចុះពិនិត្យការដ្ឋានជួសជុល​នានានៅ​​​​តំ​​បន់អង្គរ
08, Oct 2021 , 7:59 pm        
រូបភាព
សៀមរាប៖ លេខាធិការដ្ឋាន អាយ​ស៊ីស៊ី-អង្គរ និងតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានចុះពិនិត្យតាមការដ្ឋានការងារមួយចំនួនក្នុងរមណីយដ្ឋានអង្គរ មុនកិច្ចប្រជុំពីចម្ងាយនៃគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ចាប់ផ្តើម។



តំណាងលេខាធិការដ្ឋានអាយស៊ីស៊ី-អង្គរ ដោយមានការចូលរួមពីតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចុះពិនិត្យការងារនៅតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ។ កិច្ចការងារនេះ ធ្វើឡើងជំនួសគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ដែលមិនបានចុះពិនិត្យដោយផ្ទាល់ ដោយសារការរាំងស្ទះវិបត្តិជំងឺកូវីដ-១៩។ 


 
​តាមរយៈទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ក្រុមការងារ​ នឹងចុះពិនិត្យការដ្ឋានមួយចំនួនរយៈពេល៣ថ្ងៃ គឺពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា នៅ​ប្រាសាទបន្ទាយស្រី ប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន្ត ខ្លោងទ្វារតាកាវ ព្រះលានជល់ដំរី ផ្លូវវាងប្រាសាទតាកែវ និងប្រាសាទមេបុណ្យខាងលិច។ល។


 
តាមអាជ្ញាធរជាតិអប្សរា​ ការងារនេះធ្វើឡើង ដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ព័ន្ធ ដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ដែលត្រូវជួសជុលបន្ទាន់ ដើម្បីធានាបាននូវស្ថិរភាព និងភាពរឹងមាំរបស់ប្រាសាទ៕



Tag:
 អាយស៊ីស៊ី-អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com