ជាតិ
​កម្ពុជា ច្រានចោល​របាយការណ៍របស់អ្នក​រាយការណ៍ពិសេស និងអង្គការមួយចំនួន​នា​កិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
08, Oct 2021 , 8:59 pm        
រូបភាព
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(CHRC) ច្រានចោលការរិះគន់សិទ្ធិមនុស្សរបស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ(អ.ស.ប) និងអង្គការដទៃទៀតថា មិនបានមើលគ្រប់ជ្រុង ហើយលម្អៀង។ CHRC អះអាងថា កម្ពុជាអនុវត្តតាមច្បាប់ ដោយគ្មានការរំលោភបំពានសិទ្ធិមនុស្សឡើយ។

 
CHRC បានធ្វើបច្ចុប្បន្នភាពនៃស្ថានភាពសិទ្ធិមនុស្ស ដើម្បីឆ្លើយតបទៅនឹងអ្នករាយការណ៍ពិសេស អ.ស.ប និងសង្គមស៊ីវិលមួយថា ក្រុមទាំងនោះមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល និង​គ្មានមូលដ្ឋានច្បាស់លាស់។ 
 
សេចក្ដីប្រកាសព័ត៌មាន១៣ទំព័រ​របស់ CHRC ចេញកាលពី​ថ្ងៃទី៧តុលា បានច្រានចោលទាំងស្រុកទៅនឹងការរិះគន់ លើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ «របាយការណ៍ចោទប្រកាន់ ដោយលម្អៀងនិងគ្មានមូលដ្ឋានរបស់ក្រុម និងអង្គការស្ថាប័ន មួយចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល មិនឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែងនៅកម្ពុជានោះទេ ព្រោះថារបាយការណ៍នេះ គ្រាន់តែប្រមូលបូកសរុបនូវព្រឹត្តិការណ៍ និងធ្វើការសន្និដ្ឋានតែលើរូបភាពខងក្រៅប៉ុណ្ណោះ ពោលគឺមិនបានសិក្សាលើមូលហេតុលម្អិត…»។ នេះបើតាមការបកស្រាយរបស់ CHRC ដោយសង្កត់ធ្ងន់ថា ការចេញរបាយការណ៍បែបនេះ គឺមានគោលដៅវាយប្រហាររដ្ឋាភិបាល។ 


 លោក Vitit Muntabhorn អ្នករាយការណ៍ពិសេសរបស់ អ.ស.ប។ (រូបពី AFP)

ការឆ្លើយតបនេះ ធ្វើឡើងក្រោយអ្នករាយការណ៍ពិសេសរបស់ អ.ស.ប លោក Vitit Muntarbhorn បានចេញរបាយការណ៍លើកដំបូងរបស់ខ្លួនកម្រាស់២០ទំព័រ កាលពីថ្ងៃទី៦តុលា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិលើកទី៤៨។ អ្នករាយការណ៍រូបនោះ រិះគន់ពីបញ្ហាទប់ស្កាត់កូវីដ-១៩ រួមទាំងចាប់ខ្លួនសកម្មជនបរិស្ថាននិងអ្នកនយោបាយនៃបក្សប្រឆាំង។ 
លើសពីនេះ លោកមានកង្វល់នឹងការបោះឆ្នោតឃុំ-សង្កាត់និងការបោះឆ្នោតជាតិខាងមុខផងដែរ ព្រោះស្ថានភាពសិទ្ធិមនុស្សមិនមានភាពប្រសើរហើយក៏គ្មានវត្តមានបក្សប្រឆាំង។ 
 
យ៉ាងណាក៏ដោយ CHRC អះអាងថា​ កន្លងមកសមត្ថកិច្ចមិនដែលផ្ដោតលើក្រុមគោលដៅណាមួយឡើយ។ ការអនុវត្តច្បាប់កន្លងមក មិនថាអ្នកទាំងនោះជាសកម្មជនសិទ្ធិមនុស្ស សង្គមស៊ីវិល នយោបាយ ឬបរិស្ថាននោះទេ ឲ្យតែ​ប្រព្រឹត្តិល្មើសច្បាប់ គឺត្រូវទទួលខុសត្រូវតាមច្បាប់៕

Tag:
 សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com