ជាតិ
ក្រុមជនរងគ្រោះត្រូវការយុត្តិធម៌និងសំណងពេលសាលាក្តីខ្មែរក្រហមអំពាវនាវឲ្យមានការចូលរួមគំនិតចម្រុះ
08, Oct 2021 , 10:59 pm        
រូបភាព
រូបឯកសារ៖ ស្ត្រីម្នាក់ឈរនៅមុខចេត្តិយដែលតម្កល់លលាដ៍និងឆ្អឹងរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហមនៅសារមន្ទីរជើងឯកនៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រទី១៧ ខែមេសា ឆ្នាំ២០១៥។ Photo AP
រូបឯកសារ៖ ស្ត្រីម្នាក់ឈរនៅមុខចេត្តិយដែលតម្កល់លលាដ៍និងឆ្អឹងរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហមនៅសារមន្ទីរជើងឯកនៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រទី១៧ ខែមេសា ឆ្នាំ២០១៥។ Photo AP
ដោយ: VOA
ក្រុមជនរងគ្រោះដែលពាក់ព័ន្ធផ្ទាល់ជាមួយសាលាក្តីខ្មែរក្រហមផ្តោតជាសំខាន់លើយុត្តិធម៌និងសំណងនៅពេលដែលសាលាក្តីកូនកាត់ចូលរួមដោយអង្គការសហប្រជាជាតិ (អ.ស.ប.) អំពាវនាវឲ្យជនរងគ្រោះនិងសាធារណជនចូលរួមចំណែកជាគំនិតលើមុខងារដែលនៅសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ឬសាលាក្តីខ្មែរក្រហមពាក់ព័ន្ធនឹងជនរងគ្រោះមុនពេលតុលាការនេះគ្រោងនឹងបញ្ចប់ដំណើរការនីតិវិធីរបស់ខ្លួននាពេលអនាគត។

 
លោក Bryant S. Ben ជនរងគ្រោះម្នាក់ពីទីក្រុង Long Beach សហរដ្ឋអាមេរិកមកពីខេត្តកំពង់ចាមដែលបានបាត់បង់គ្រួសារនិងសាច់ញាតិជាច្រើនក្នុងរបបខ្មែរក្រហមបានថ្លែងថា អ្វីដែលលោកចង់បានគឺយុត្តិធម៌និងសំណងសម្រាប់ជនរងគ្រោះនៅមុនពេលតុលាការបញ្ចប់ដំណើរការរបស់ខ្លួន។
 
លោកថ្លែងថា៖ «ក្នុងនាមជាជនភៀសខ្លួនម្នាក់ក្នុងចំណោមខ្មែររាប់លាននាក់ខ្ញុំយល់ថាការដែលតុលាការកាត់ទោសរបបខ្មែរក្រហមមិនទាន់ចប់សព្វគ្រប់ខ្ញុំយល់ថាសំខាន់ណាស់ត្រូវតែបន្តឲ្យចប់សព្វគ្រប់។ហើយតាមខ្ញុំដឹងវាមានសំណុំរឿង០០៣ និង ០០៤ ដែលមិនទាន់កាត់ក្តីដូច្នេះវាមានសារ:សំខាន់ណាស់សម្រាប់ជនរងគ្រោះ។ក្នុងន័យថាទោះជាកិច្ចការហ្នឹងវាទាក់ទងនឹងជនរងគ្រោះមានវ័យចំណាស់ក៏ដោយក៏ប៉ុន្តែការដែលបង្ហាញថានរណាប្រព្រឹត្តអំពើខុសការដែលនរណាប្រព្រឹត្តអំពើដែលប៉ះពាល់ដល់អាយុជីវិតមនុស្សជាតិត្រូវតែយកមកកាត់ទោសទៅតាមផ្លូវច្បាប់របស់ប្រទេសជាតិនីមួយៗ។ ខ្ញុំថាសំខាន់ណាស់ហើយស្អីដែលយើងចង់បាននោះគឺយើងចង់បានយុត្តិធម៌»។
 
លោកបានថ្លែងថាប្រសិនបើការកាត់ក្តីសំណុំរឿងសេសសល់អាចកើតមានហើយបើតុលាការសម្រេចសងសំណងសមូហភាពលោកប្រាថ្នាទាមទារឲ្យមានសួនឬបូជនីយស្ថាននៅលើដីដែលក្រុមរបស់លោកបានទទួលពីរដ្ឋនិងការដែលលោកចង់មានសារ:មន្ទីរមួយដើម្បីរំឭកវិញ្ញាណក្ខខន្ធជនរងគ្រោះដែលបានស្លាប់ក្នុងសម័យរបបខ្មែរក្រហមក្នុងទសវត្សរ៍១៩៧០នៅក្នុងទីក្រុង Long Beach រដ្ឋ California ជាទីកន្លែងរស់នៅដ៏ធំជាងគេមួយសម្រាប់សហគមន៍ខ្មែរដែលបានភៀសខ្លួនចេញពីរបបវាលពិឃាតខ្មែរក្រហមដ៏ឃោរឃៅធ្វើឲ្យស្លាប់មនុស្សជាង១លាន៧សែននាក់និងព្រាត់ប្រាស់ក្រុមគ្រួសារច្រើនរាប់មិនអស់នោះ។
 
លោកថ្លែងថា៖ «បើសិនជាតុលាការចប់ក្តីទៅហើយមានថវិកាណាសម្រាប់ជួយអាហ្នឹងខ្ញុំសូមថាសូមឲ្យយកអាហ្នឹង(ថវិកា) មកបង្កើត Museum (សារមន្ទីរ) មួយនៅក្នុងទីក្រុង Long Beach ដែលខ្ញុំរស់នៅក្នុងនេះជិត៤០ឆ្នាំហើយដើម្បីជាផលប្រយោជន៍របស់ខ្មែរ generations (ជំនាន់)ក្រោយៗហើយនិងសម្រាប់សាធារណជនទូទៅទាំងអស់អំពីបញ្ហាប្រល័យពូជសាសន៍ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាតែវាមានសារ:ប្រយោជន៍សំខាន់ណាស់នៅក្នុងពិភពលោកចៀសវាងរំឭកទាំងអស់គ្នាកុំឲ្យរឿងហ្នឹងកើតមានឡើងទៀត»។
  
កាលពីឆ្នាំ២០១៧ ក្រុមប្រឹក្សាទីក្រុង Long Beach បានអនុម័តជាឯកឆ្ឆ័នប្រគល់ដីមួយកន្លែងនៅជាប់វិថី Anaheim ដើម្បីឲ្យសហគមន៍ខ្មែរសាងសង់ «សួនរំឭកលានពិឃាត» (Killing Field Memorial Garden) ដល់ជនរងគ្រោះក្រោមរបបខ្មែរក្រហម។ ប៉ុន្តែមកទល់នឹងពេលនេះការសាងសង់មិនបានសម្រេចដោយសារសហគមន៍ខ្មែរកំពុងស្វែងរកថវិកាបន្ថែមទៀត។ នេះបើយោងតាមលោក Bryant S. Ben ដែលជាស្ថាបនិកនិង ជាអតីតនាយកនៃក្រុមសមាគម«សួនរំឭកលានពិឃាត» ហើយជាជនរងគ្រោះដាក់ពាក្យប្តឹងជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងតុលាការខ្មែរក្រហមផងនោះ។
 
ដើមបណ្តឹងរដ្ឋប្បវេណីក្នុងតុលាការខ្មែរក្រហមម្នាក់ទៀត គឺលោក ស៊ុំ រិទ្ធីជនរងគ្រោះដែលរួចពីការសម្លាប់នៅក្នុងគុកខ្មែរក្រហមខេត្តសៀមរាបទឹកដីអង្គរ និងបានសរសេរសៀវភៅមួយដោយដាក់ចំណងជើងថា «Sum Rithy: Surviving The Genocide in the Land of Angkor»។ លោកបានថ្លែងថាលោកទាមទារយុត្តិធម៌ដល់រូបលោកនិងជនរងគ្រោះជាច្រើនដោយមិនខ្លាចការសងសឹកនោះទេតាមរយ:ការដាក់ពាក្យបណ្តឹងទៅសាលាក្តីចាប់តាំងពីឆ្នាំ២០០៦មក។
 
លោកបន្ថែមថាអ្វីដែលលោកចង់បានគឺកន្លែងស្តូបសម្រាប់គោរពនិងរំឭកវិញ្ញាណខន្ធជនរងគ្រោះនៅគ្រប់ខេត្តទាំងអស់ដែលមានឆ្អឹងសពជនរងគ្រោះនៅឡើយក្រៅពីចង់ឃើញថាកម្ពុជាយកថ្ងៃមួយដែលជាថ្ងៃឈប់សម្រាកដើម្បីឲ្យជនរង គ្រោះរំឭកវិញ្ញាណខន្ធបាន។
 
លោកថ្លែងថា៖ «ទីមួយចង់បានស្តូបហើយទី២ទាមទារសំណងផ្ទាល់ខ្លួនហ្នឹងក្រែងលោគ្រាន់បានដោះស្រាយជីវភាពម្នាក់ៗដែលខំតាំងពីឆ្នាំ២០០៦រហូតមកទល់បច្ចុប្បន្ននេះវាជាង១០ឆ្នាំហើយណាគ្រាន់គ្នាបានដោះស្រាយជីវភាពហើយឥឡូវមកប៉ះកូវីដទៀតគ្នារកអីបាន»។
 
សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិបានចំណាយថវិកា៣០០លានដុល្លារសម្រាប់ដំណើរការកន្លងមក។ ប៉ុន្តែតាំងពីដើមមក តុលាការនេះមិនបានផ្តល់សំណងផ្ទាល់ខ្លួននោះទេអាស្រ័យដោយការអះអាងថាគ្មានថវិកាគ្រប់គ្រាន់តែបានផ្តល់សំណងសមូហភាពជាជំនួសវិញរហូតដល់ពេលមានការអំពាវនាវឲ្យមានការចូលរួមជាគំនិតយោបល់មុនពេលបញ្ចប់ដំណើរការនីតិវិធី។
 
ជនរងគ្រោះនិងអង្គការចំនួនត្រូវគេរាយការណ៍មកថាមិនបានដឹងពីដំណើរការសុំផ្តល់គំនិតយោបល់ពីតុលាការខ្មែរក្រហមដូចជាក្រុមអង្គការនិងអ្នកស្រាវជ្រាវមួយចំនួនដែរក្នុងពេលដែលមានជំងឺកូវីដរាតត្បាត។ ជនរងគ្រោះខ្លះថាពួកគេមានពាក្យបណ្តឹងរួចហើយពីការចង់បានរបស់ជនរងគ្រោះហើយមិនទាន់ដឹងច្បាស់ថាពួកគេនឹងចូលរួមយ៉ាងណាចាប់ផ្តើមពីចំណុចណាចំពោះការអំពាវនាវចុងក្រោយរបស់សាលាក្តី។ មន្ត្រីសាលាក្តីខ្មែរក្រហមមួយចំនួនមិនបានឆ្លើយនឹងសំណួរវីអូអេថា តើមានជនរងគ្រោះ និង មានអង្គការ អ្នកស្រាវជ្រាវណាខ្លះចូលរួមក្នុងការផ្តល់មតិយោបល់នេះដែរចាប់តាំងពីការប្រកាសឲ្យចូលរួមក្នុងរយ:ពេល៦សប្តាហ៍ចាប់តាំងពីដើមខែកញ្ញាមក។
 
បើតាមការអំពាវនាវលើគេហទំព័រសាលាក្តីកាលពីថ្ងៃទី២ខែកញ្ញាឆ្នាំ២០២១បានឲ្យដឹងថាការអំពាវនាវនេះគឺដើម្បីប្រមូលគំនិតផ្សេងៗគ្នាយ៉ាងទូលំទូលាយតាមដែលអាចធ្វើទៅបាននិងសូមអញ្ជើញអ្នកពាក់ព័ន្ធជាមួយ អ.វ.ត.ក.ឬសាលាក្តីខ្មែរក្រហមទាំងអស់ដាក់ជូនជាលាយលក្ខណ៍អក្សរនូវគំនិតសម្រាប់ការផ្តួចផ្តើមពាក់ព័ន្ធនឹងជនរងគ្រោះដែលអ.វ.ត.ក.អាចអនុវត្តបានតាមលក្ខខណ្ឌនៃសេចក្តីព្រាងកិច្ចព្រមព្រៀងបន្ថែម។
 
សេចក្តីអំពាវនាវដដែលហាក់បានបញ្ជាក់ថាសាលាក្តីជួបឧបសគ្គក្នុងការរៀបចំសិក្ខាសាលាដែលមានការចូលរួមដោយផ្ទាល់និងការចែករំលែកគំនិតទៅវិញទៅមកដោយសារស្ថានភាពជំងឺឆ្លងកូវីដ១៩ដែលកំពុងរាតត្បាត ហើយស្នើសុំឲ្យមានការចូលរួមចំណែកតាមទម្រង់រួមទូលាយ ជារបាយការណ៍មិនលើសពីពីរទំព័រជាភាសាអង់គ្លេសនិង/ឬបីទំព័រជាភាសាខ្មែរដោយពន្យល់ថាតើគំនិតផ្តួចផ្តើមដែលស្នើឡើងមានអត្ថន័យ និងជាជំនួយរយៈពេលវែងដោយរបៀបណា ចំពោះដើមបណ្តឹងរដ្ឋប្បវេណី ជនរងគ្រោះនៃរបបខ្មែរក្រហមនិងសាធារណជនទូទៅ។
 
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានអះអាងថាលោកមិនទាន់បានទទួលរបាយការណ៍ពីការចូលរួមប៉ុណ្ណាពីសាធារណជនឬជនរងគ្រោះទេ តែលោកថាអ្នកចូលនឹងរួមមានទាំងផ្នែកអ្នកស្រាវជ្រាវផ្នែកអង្គការក្រៅរដ្ឋាភិបាលម្ចាស់ជំនួយ អ្នកពាក់ព័ន្ធផ្សេងទៀតពាក់ព័ន្ធនឹងជនរងគ្រោះដែលសាលាក្តីខ្មែរក្រហមអាចអនុវត្តបានតាមលក្ខខណ្ឌមាត្រា២ នៃសេចក្តីព្រាងនៃកិច្ចព្រមព្រៀងបន្ថែម។
 
លោកបញ្ជាក់ថា៖ «នេះគឺជាការចូលរួមនៃការផ្តល់គំនិតហើយក៏ជាការប្រមូលនូវគំនិតទស្សន:ផ្សេងៗដើម្បីអាចថាវាមានគំនិតមានយោបល់ទូលំទូលាយទៅលើបញ្ហាទាំងអស់ហ្នឹង»។
 
នៅពេលសួរបញ្ជាក់ថាតើនឹងមានការសម្រេចយ៉ាងណាពេលមានគំនិតផ្សេងៗគ្នាក្នុងពេលអ្នកចូលរួមផ្តល់ជាគំនិតចម្រុះនោះលោកបានបន្តថា៖ «យោងតាមការជូនដំណឹងរបស់ចៅក្រមរបាយការណ៍គឺគំនិតដែលបានប្រមូលផ្តុំដែលទទួលបានពីភាគីពាក់ព័ន្ធផ្សេងៗវាជាផ្នែកនៃការស្វែងយល់ក្រៅផ្លូវការហើយនិងត្រូវពិចារណានិងដាក់បង្ហាញនៅក្នុងរបាយការណ៍របស់ចៅក្រមរបាយការណ៍ដែលជាទស្សន:មួយហើយនិងការផ្តល់ជាអនុសាសន៍ទៅកាន់ការិយាល័យរដ្ឋបាលនៃសាលាក្តីខ្មែរក្រហម»។
 
លោកភីធឺ ម៉ាខ្វៃអឺ (Peter Marguire) សាស្ត្រាចារ្យផ្នែកច្បាប់នៃសាកលវិទ្យាល័យសហរដ្ឋអាមេរិកនិងជាអ្នកនិពន្ធសៀវភៅ Facing Death in Cambodia ឬការប្រឈមនឹងសេចក្តីស្លាប់នៅកម្ពុជាបានថ្លែងថា គំនិតផ្តួចផ្តើមនេះជារឿងល្អ ប្រសិនជាមានដំណើរការត្រឹមត្រូវ។ លោកថា មជ្ឈមណ្ឌលឯកសារកម្ពុជាដែលជាស្ថាប័នតែមួយគត់ដែលបានដំណើរការរឿងស្រាវជ្រាវស្វែងរកការពិត ការផ្សះផ្សារខ្លាំងជាង កិច្ចការក្រុមសិទ្ធិមនុស្សទៀតហើយលោកថាមជ្ឈមណ្ឌលនេះបានធ្វើកិច្ចការតាំងពីមុនពេលតុលាការខ្មែរក្រហមបង្កើតឡើងម្ល៉េះ។ លោកបន្ថែមតាមការរិះគន់ក្នុងន័យធៀបទៅលើភាគីអង្គការសហប្រជាជាតិថាមជ្ឈមណ្ឌលឯកសារកម្ពុជានេះនឹងធ្វើកិច្ចការជាច្រើននៅពេលតុលាការបញ្ចប់ហើយមន្ត្រីអង្គការសហប្រជាជាតិចប់កិច្ចការសាលាក្តីរួចចាកចេញពីកម្ពុជា។
 
លោកបញ្ជាក់ថា៖ «នៅពេលឆាប់ៗខាងមុខនេះអ.ស.ប.នឹងវេចខ្ចប់តង់ដែលថ្លៃនៅតុលាការខ្មែរក្រហមហើយនៅពេលដែលក្រុមសៀកដ៏ថ្លៃនេះចាកចេញពីរាជធានីភ្នំពេញមជ្ឈមណ្ឌលឯកសារកម្ពុជានឹងនៅបន្តដំណើរការសម្រាប់មនុស្សជំនាន់ក្រោយៗទៀត»។
 
សាលាក្តីនេះនៅមានសំណុំរឿង០០២របស់លោក ខៀវ សំផនប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហមនិងសំណុំរឿង០០៣ របស់លោកមាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហមនិង សំណុំរឿង០០៤ របស់លោកយឹម ទិត្យ ជាកម្មាភិបាលថ្នាក់តំបន់ចាប់តាំងពីមានដំណើរការជំនុំជម្រះក្តីដំបូងកាលពីឆ្នាំ២០០៦មកទល់ពេលនេះ។
 
សាលាក្តីនេះគ្រោងនឹងបញ្ចប់ដំណើរការនីតិវិធីកាត់ទោសសំណុំរឿង០០២នៅត្រីមាសទី៤ឆ្នាំ២០២២ក្នុងពេលដែលនៅមានសំណុំរឿង០០៣ និង០០៤ ប្រកបដោយភាពចម្រូងចម្រាសនៃដំណើរការនីតិវិធីដែលគេមិនដឹងថានឹងត្រូវតម្កល់ឬបញ្ជូនទៅជំនុំជម្រះទោស។ ចៅក្រមជាតិនិងអន្តរជាតិខ្វែងគំនិតគ្នាលើយុត្តាធិការនិងការកំណត់អត្តសញ្ញាណនៃកម្មាភិបាលខ្មែរក្រហម២រូបចុងក្រោយគឺលោកមាស មុតនិង លោក យឹម ទិត្យជាជនទទួលខុសត្រូវខ្ពស់បំផុតឬមិនមែននោះខណ:ដែលកម្មាភិបាលទាំងពីរមិនមែនជាមេដឹកនាំជាន់ខ្ពស់បំផុតនោះ៕
 
អត្ថបទ៖ សុខ ខេមរា
 

Tag:
 ជាតិ
  ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com