ជាតិ
ព្រះមហា ពិន សែម ជាវដើមប្រង់ដែលជារុក្ខជាតិកម្ររាប់សិបដើមដាំបរិវេណវត្តរាជបូណ៌
09, Oct 2021 , 8:59 am        
រូបភាព
សៀមរាប៖ ដោយព្រះទ័យស្រឡាញ់ធម្មជាតិ ពិសេសចង់ថែរក្សារុក្ខជាតិកម្រមិនឱ្យបាត់បង់ និងចង់ឱ្យអ្នកជំនាន់ក្រោយបានឃើញនិងស្គាល់ ព្រះមហាវិមលធម្ម ពិន សែម ព្រះចៅអធិការវត្តរាជបូណ៌ បានផ្តួចផ្តើមជាវរុក្ខជាតិឈ្មោះ ដើមប្រង់ ពីតំបន់ឆ្ងាយៗមកដាំក្នុងបរិវេណវត្ត។

 
មានសង្ឃដីការប្រាប់សារព័ត៌មានថ្មីៗនាពេលកន្លងមក ព្រះមហាវិលមធម្ម ពិន សែម ប្រាប់ថា ដើមប្រង់ជារុក្ខជាតិម្យ៉ាងដែលសម្បូរនៅតំបន់ភ្នំ និងមិនសូវមានគេស្គាល់ច្រើនទេ។ តាមវិទ្យាសាស្រ្ដ ដើមប្រង់នេះជារុក្ខជាតិកើតមុនមនុស្ស និងមានអាយុដំណាលទៅនឹងសត្វដាយណូស័រ។ នេះជាសង្ឃដីការបន្ថែមរបស់ព្រះមហា ពិន សែម។


 
បច្ចុប្បន្ន ដើមប្រង់ ដែលព្រះមហាបានទិញពីតំបន់ភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងតំបន់ខ្លះទៀតក្នុងប្រទេស កំពុងចាប់ផ្តើមលូតលាស់ ខ្លះមានផ្កា គួរជាទីទស្សនា។ ព្រះមហា ពិន សែម បានជាវដើមប្រង់ទាំងនោះប្រមាណជិត១០០ដើម ដើម្បីមកដាំក្នុងបរិវេណវត្តរាជបូណ៌ ក្រុងសៀមរាប ដើម្បីឱ្យពុទ្ធិបរិស័ទស្គាល់រុក្ខជាតិនេះ។ ដោយសារព្រះទ័យស្រឡាញ់រុក្ខជាតិទាំងនេះ ព្រះមហា បានចំណាយធនធានផ្ទាល់របស់ព្រះអង្គ រាប់ពាន់ដុល្លារដើម្បីទិញដើមប្រង់ ដែលមួយដើមតម្លៃខ្ទង់ ១៥០ដុល្លារ។


 
ក្រៅពីដើមប្រង់ ព្រះមហា ពិន សែម បានដាំរុក្ខជាតិជាច្រើនក្នុងបរិវេណវត្តរាជបូណ៌ ក្នុងបំណងដើម្បីឱ្យពុទ្ធិបរិស័ទចូលក្នុងបរិវេណវត្ត មានអារម្មណ៍ស្រស់ថ្លា បំបាត់ទុក្ខព្រួយនានា និងបង្កើតជាសួនធម្មជាតិមួយក្នុងវត្តផងដែរ៕







Tag:
 ដើមប្រង់
  វត្តរាជបូណ៌
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com