ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី៖«បើខ្ញុំ ត្រូវលាលែងពីសញ្ជាតិបារាំង ខ្ញុំ លាលែងមួយរំពេច»
09, Oct 2021 , 3:38 pm        
រូបភាព
លោក សម រង្ស៊ី ស្ថិតនៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ពេលចេញពីប្រទេសបារាំង។ ចេញពីបារាំង លោក បន្តជិះយន្តហោះពីប្រទេសមួយ ទៅប្រទេសមួយ ដោយគោលដៅចុងក្រោយ គឺចូលកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមការគ្រោងទុក តែត្រូវបរាជ័យ។ រូបពី AFP
លោក សម រង្ស៊ី ស្ថិតនៅព្រលានយន្តហោះប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ពេលចេញពីប្រទេសបារាំង។ ចេញពីបារាំង លោក បន្តជិះយន្តហោះពីប្រទេសមួយ ទៅប្រទេសមួយ ដោយគោលដៅចុងក្រោយ គឺចូលកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមការគ្រោងទុក តែត្រូវបរាជ័យ។ រូបពី AFP
មន្រ្តីរដ្ឋាភិបាលខ្លះ ចំអកចំៗថា ទ្វារទៅកាន់តំណែងនាយករដ្ឋមន្រ្តី ដែលលោក សម រង្ស៊ី ប្រាថ្នា នឹងត្រូវបិទជារៀងរហូត នៅពេលខ្លឹមសារស្តីពីការកំណត់ឲ្យមេដឹកនាំ មានសញ្ជាតិខ្មែរតែមួយ ចូលក្នុងរដ្ឋធម្មនុញ្ញ។ ប៉ុន្តែ លោក សម រង្ស៊ី ខ្លួនឯង ហាក់មិនខ្វល់ខ្វាយ ឬព្រួយបារម្ភអ្វីបន្តិចឡើយ ចំពោះការកំណត់ច្បាប់បែបនេះ។



ក្នុងកម្មវិធីផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ខ្លួន នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១នេះ លោក សម រង្ស៊ី ប្រធានក្រុមប្រឆាំងនៅក្រៅប្រទេស បង្ហាញពីភាពមិនស្តាយស្រណោះនឹងសញ្ជាតិបារាំង ជាសញ្ជាតិទី២របស់លោក ហើយលោក អាចបោះបង់ចោលពេលណាក៏បាន បើចាំបាច់។ លោក ថ្លែងថា៖«បើខ្ញុំ ត្រូវលាលែងពីសញ្ជាតិបារាំង ខ្ញុំ លាលែងមួយរំពេច ពីព្រោះមិនមែនសញ្ជាតិបារាំងហ្នឹង ជាអាយុជីវិតខ្ញុំទេ។ អាយុជីវិតរបស់ខ្ញុំ និងអ្វី ដែលខ្ញុំ ចាត់ទុកថាសំខាន់បំផុត គឺប្រទេសជាតិមាតុភូមិកំណើតរបស់ខ្ញុំ»។  
 
មេដឹកនាំក្រុមប្រឆាំងរូបនេះ បន្តថា៖«...បើគេឲ្យសិទ្ធិយើង ស្មើនឹងប្រជាពលរដ្ឋ [របស់គេ] យើង យកទៅ [សញ្ជាតិហ្នឹង]។ សញ្ជាតិហ្នឹង គ្រាន់តែជាសញ្ជាតិលើក្រដាសទេ តែបេះដូងយើង ព្រលឹងយើង នៅតែជាខ្មែរ។ យើង ស្រឡាញ់ប្រទេសកំណើតរបស់យើងតែមួយគត់ ដែលយើង ចាត់ទុកថាជាមាតុភូមិ ព្រោះយើង កើតលើទឹកដីប្រទេសកម្ពុជា។ យើង អត់ភ្លេចទឹកដីកំណើតរបស់យើងទេ»។
 
សេចក្តីព្រាងស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ឲ្យប្រធានស្ថានប័នជាតិកំពូលទាំង៤  គឺប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង ប្រធានអង្គនីតិប្រតិបត្តិ (នាយករដ្ឋមន្រ្តី) មានសញ្ជាតិខ្មែរតែមួយ បានឆ្លងកាត់ការអនុម័តយល់ព្រមពីគណៈរដ្ឋមន្រ្តីរួចហើយ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ គឺជាគំនិតផ្តួចផ្តើមរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពីសារព័ត៌មានបរទេសផ្សាយ ហើយក្រុមអ្នកប្រឆាំង នាំគ្នាផ្សាយបន្តថា សម្តេច មានសញ្ជាតិ និងលិខិតឆ្លងដែនប្រទេសស៊ីប។ 
 
សម្រាប់ការផ្តើមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ សម្តេច ហ៊ុន សែន ហាក់ចង់បញ្ជាក់ថា សម្តេច ពិតជាគ្មានសញ្ជាតិបរទេសមែន។ សម្តេច ក៏បានប្រាប់ទៅអ្នកមានសញ្ជាតិ២ដែរ ថា ទ្វារសម្រាប់តំណែងនាយករដ្ឋមន្រ្តីរបស់ពួកគេ ត្រូវបានបិទរហូតហើយ។
 
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ចេញមតិទៅកាន់ក្រុមអ្នកកាសែត ក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កំណត់ឲ្យមេដឹកនាំកំពូលទាំង៤រូប មានសញ្ជាតិខ្មែរតែមួយ គឺបញ្ជាក់ពីភាពក្លាហានរបស់សម្តេច ហ៊ុន សែន ដែលជាប្រធានប្រធានគណបក្ស ហើយសម្តេច មានសញ្ជាតិខ្មែរតែមួយគត់។ 
 
បន្ថែមពីនេះ អ្នកនាំពាក្យគណបក្សដឹកនាំរដ្ឋាភិបាលរូបនេះ ចាត់ទុកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ថាជាការបញ្ចប់ជីវិតនយោបាយរបស់អ្នកនយោបាយប្រឆាំងមានសញ្ជាតិបរទេស ដែលប៉ងយកតំណែងនាយករដ្ឋមន្រ្តី។ លោក មានប្រសាសន៍ថា៖«ការមានច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងកំពូល គឺជាការរុញទណ្ឌិតក្រៅច្បាប់ឲ្យទល់ជញ្ជាំង»។
 
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលផ្តើមចេញពីគំនិតរបស់សម្តេចនាយករដ្ឋមន្រ្តី នាំឲ្យមានការគាំទ្រយ៉ាងគគ្រឹកគគ្រេងពីមន្រ្តីរដ្ឋាភិបាលទាំងថ្នាក់លើទាំងថ្នាក់ក្រោម។ យ៉ាងណា នៅតែមានការទាស់ចិត្តពីមជ្ឈដ្ឋានខ្លះ ពិសេសក្រុមអ្នកប្រឆាំង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ។
 
តាមរយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក លោក សម រង្ស៊ី រិះគន់ថា ការចែងច្បាប់ កំណត់ឲ្យមេដឹកនាំទាំង៤រូប មានសញ្ជាតិខ្មែរតែមួយ គឺអត់ប្រយោជន៍។ ច្បាប់ ដែលលោក យល់ថា មានប្រយោជន៍ខ្លាំង ហើយកម្ពុជា គួរតែបង្កើតឡើងជាបន្ទាន់នោះ គឺច្បាប់កំណត់អាយុឲ្យចូលនិវត្ត និងច្បាប់កំណត់អាណត្តិនាយករដ្ឋមន្រ្តី។ 
 
លោក អធិប្បាយថា មិនមែនតែថ្នាក់ដឹកនាំកំពូលៗរបស់ជាតិនោះទេ បូករួមទាំងមន្រ្តីរដ្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវចូលនិវត្តនៅត្រឹមអាយុ៧០ឆ្នាំ ដើម្បីទុកឱកាសឲ្យក្មេងៗជំនាន់ក្រោយ។ ចំពោះការកំណត់អណត្តិនាយករដ្ឋមន្រ្តី លោក បកស្រាយថា នៅកម្ពុជា គួរកំណត់ឲ្យបុគ្គលម្នាក់ កាន់តំណែងនាយករដ្ឋមន្រ្តីត្រឹម២អាណត្តិបានហើយ ដោយ១អាណត្តិមានរយៈពេល៥ឆ្នាំ។ សម្រាប់លោក ការកំណត់អាណត្តិនាយករដ្ឋមន្រ្តី គឺដើម្បីបញ្ចៀសការបង្កើតបក្សពួកនិយម និងកុំឲ្យមនុស្សមួយក្រុមតូច យកប្រទេសជាតិ ធ្វើជាកម្មសិទ្ធិរបស់ពួកគេ៕
 

Tag:
 សម រង្ស៊ី
  ហ៊ុន សែន
  វិសោធនកម្មរដ្ឋធម្មនុញ្ញ
  សញ្ជាតិខ្មែរតែមួយ
© រក្សាសិទ្ធិដោយ thmeythmey.com