ជាតិ
សហគមន៍ព្រៃឈើ«អូរបុស្សលាវ»នៅខេត្តកំពង់ធំ ត្រូវបានចុះបញ្ជីដីរដ្ឋជាផ្លូវការដំបូងគេនៅកម្ពុជា
09, Oct 2021 , 9:59 pm        
រូបភាព
ភ្នំពេញ៖ សហគមន៍ព្រៃឈើអូរបុស្សលាវ ដែលមានផ្ទៃដីប្រមាណ ១ ៣០០ហិកតា ស្ថិតនៅក្នុងខេត្តកំពង់ធំ ត្រូវបានចុះបញ្ជីដីរដ្ឋជាលក្ខណៈដាច់ដោយដុំ ជាផ្លូវការដំបូងគេបង្អស់នៅកម្ពុជា ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី។ ការសម្រេចបាននូវសម្ធិផលនេះ គឺមានគាំទ្រពីគម្រោងរេដបូកទំរីង ដែលអនុវត្ដរួមគ្នាដោយរដ្ឋបាលព្រៃឈើ(FA) និងសេវាកម្មព្រៃឈើកូរ៉េ (KFS)។

 
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ សម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាផ្លូវការជូនដល់សហគមន៍ព្រៃឈើអូរបុស្សលាវ។ បើតាមលោក ឈុន ឌឺលុច ដែលជាប្រធានគម្រោងរេដបូកទំរីង សហគមន៍ព្រៃឈើដែលមានផ្ទៃដីសរុប ១ ៣៤៦,៨៥ហិកតានេះ គឺត្រូវបានចុះបញ្ជីដីរដ្ឋជាផ្លូវការក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២១។ លោកបានបញ្ជាក់ថា សហគមន៍ព្រៃឈើអូរបុស្សលាវនេះ  គឺសហគមន៍ព្រៃឈើទីមួយ ដែលត្រូវបានចុះបញ្ជីដីរដ្ឋ ខណៈបច្ចុប្បន្នកម្ពុជាមានសហគមន៍ព្រៃឈើជាង៦០០កន្លែងទៀត មិនទាន់បានចុះបញ្ជីដីរដ្ឋនៅឡើយ។ 
 




លោក ឌឺលុច បាននិយាយប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទនាព្រឹកថ្ងៃទី៩តុលាដូច្នេះ៖ «ផលប្រយោជន៍ដ៏ធំដែលសហគមន៍ព្រៃឈើអូរបុស្សលាវទទួលបានពីការនៃការចុះបញ្ជីដីរដ្ឋនេះ គឺជាការការពារដោយច្បាប់យ៉ាងត្រឹមត្រូវ»។ 
 
ប្រធានគម្រោងរេដបូកទំរីងរូបនេះ បន្តរៀបរាប់ថា៖ «ក្នុងករណីដែលជនណាមករំលោភបំពាន ឬបំផ្លិចបំផ្លាញសម្បត្តិធនធានធម្មជាតិនៅក្នុងសហគមន៍ នោះសមាគមន៍មានសិទ្ធិប្តឹងជនល្មើសទៅតុលាការ ដើម្បីការពារទ្រព្យសម្បត្តិទាំងឡាយរបស់សហគមន៍»។ 
 
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហគមន៍ព្រៃឈើអូរបុស្សលាវ  សហគមន៍ព្រៃឈើនេះ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លោក កែវ អូម៉ាលីស្ស ដែលជាប្រធានរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ ថា ផ្ទៃដីទាំងអស់របស់សហគមន៍ព្រៃឈើអូរបុស្សលាវដែលបានចុះបញ្ជីដីរដ្ឋបានជាផ្លូវការនេះ គឺជាភាពជោគជ័យនិងជាយុទ្ធសាស្ត្រអភិរក្សរយៈពេលវែង ដោយសារតែដីព្រៃសហគមន៍ត្រូវបានធានា និងការពារដោយច្បាប់ពាក់ព័ន្ធនិងគ្មាននរណាម្នាក់អាចឈូសឆាយ ឬរំលោភយកដីព្រៃសហគមន៍នេះបានឡើយ។ 
 
លោកបានបញ្ជាក់ដូច្នេះ៖«ក្នុងពេលជាមួយគ្នានេះ ការកាប់បំផ្លាញព្រៃឈើ និងការរិចរឹលព្រៃឈើអាចត្រូវបានកាត់បន្ថយ ដោយសារដីព្រៃសហគមន៍បានចុះបញ្ជីស្របច្បាប់ហើយ»។ 
 


លោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ

បើតាម លោក កែវ អូម៉ាលីស្ស ព្រៃដែលអភិរក្សនេះ អាចបង្កើតឥណទានកាបូន និងបង្កើនជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានឲ្យកាន់តែប្រសើរឡើង។ រដ្ឋបាលព្រៃឈើនឹងប្រើប្រាស់ភាពជោគជ័យនេះ ជាគំរូសំរាប់ការចុះបញ្ជីសហគមន៍ព្រៃឈើនៅទូទាំងប្រទេស ជាជំហានបន្ដបន្ទាប់ៗនាពេលអនាគត។ នេះជាការអះអាងរបស់លោក អូម៉ាលីស្ស ដោយលោកបានបន្ថែមថា៖ «ភាពជោគជ័យនេះអាចត្រូវបានចែករំលែកជាបទពិសោធន៍ទៅដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេស សម្រាប់ត្រៀមលក្ខណៈទាំងផ្លូវច្បាប់ ឯកសារពាក់ព័ន្ធ ដើម្បីរៀបចំផែនការចុះបញ្ជីដីធ្លីសហគមន៍ព្រៃឈើដ៏ទៃទៀតជាលក្ខណៈដាច់ដោយដុំឲ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស»។ 
 
បច្ចុប្បន្នគម្រោងរេដបូកទំរីងកំពុងបន្ដ និងជំរុញការចុះបញ្ជីដីរដ្ឋជាលក្ខណៈដាច់ដោយដុំ លើសហគមន៍ព្រៃឈើដែលនៅសេសសល់ទាំងអស់ ក្នុងតំបន់អនុវត្ដគម្រោង និងបន្ដការខិតខំប្រឹងប្រែង ដើម្បីចូលរួមចំណែកដល់ការ គ្រប់គ្រងព្រៃឈើប្រកដដោយចីរភាព និងការពារការកាប់រាន់ ទន្រ្ទាន និងហ៊ុមព័ទ្ធដីព្រៃរដ្ឋធ្វើជាកម្មសិទ្ធ។   បើតាម លោក ឈុន ឌឺលុច គម្រោងរេដបូកទំរីង បានគ្របដណ្តប់សហគមន៍ព្រៃឈើចំនួន១៤នៅក្នុងខេត្តកំពង់ធំ។ តាមផែនការរបស់គម្រោងរេដបូកទំរីង សហគមន៍ព្រៃឈើទាំង១៤នេះ ដែលមានទំហំផ្ទៃដីប្រមាណ ១២ ៥០០ហិកតា នឹងអាចចុះបញ្ជីដីរដ្ឋជាផ្លូវការ នៅក្នុងអំឡុងឆ្នាំ២០២៤។ 
 
សូមជម្រាបថា សហគមន៍ព្រៃឈើអូរបុស្សលាវ មានទីតាំងស្ថិតនៅក្នុងភូមិបីផ្សេងគ្នា គឺភូមិត្រពាំងត្រឡាច ភូមិអូរពក និងភូមិរន្ទះ នៃឃុំមានរឹទ្ធិ និងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ៕ 
 

Tag:
 ព្រៃឈើ
  កំពង់ធំ
  សហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com