ជាតិ
សេដ្ឋកិច្ច
​​លោក នាក់ ភា៖សហគមន៍មានលទ្ធភាពផ្គត់ផ្គង់«គល់ស្លឹកគ្រៃ»លើទីផ្សារ ជំនួស​ការនាំចូលបាន
10, Oct 2021 , 10:06 am        
រូបភាព
លោក នាក់ ភា ប្រធានសហគមន៍កសិកម្មមានជ័យស្នួលទ្រេត
លោក នាក់ ភា ប្រធានសហគមន៍កសិកម្មមានជ័យស្នួលទ្រេត
ភ្នំពេញ៖ សហគមន៍កសិកម្មមានជ័យស្នួលទ្រេត នៅក្នុងខេត្តបន្ទាយមានជ័យ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្គត់ផ្គង់គល់ស្លឹកគ្រៃភ្លុកដំរី ប្រភេទសរីរាង្គ ឱ្យទីផ្សារក្នុងស្រុកបានពី៥០ ទៅ១០០តោន ក្នុងមួយថ្ងៃ។ នេះជាការលើកឡើងរបស់ លោក នាក់ ភា ជាប្រធានសហគមន៍កសិកម្មមានជ័យស្នួលទ្រេត ដោយបានបញ្ជាក់ថា លទ្ធភាពនៃការផ្គត់ផ្គង់គល់ស្លឹកគ្រៃ សរីរាង្គនេះ គឺអាចជំនួសនូវគល់ស្លឹកគ្រៃ ដែលនាំចូលពីបរទេសបាន។

 
ស្លឹកគ្រៃភ្លុកដំរី ដែលជាដំណាំ​ប្រភេទសរីរាង្គរបស់សហគមន៍មានជ័យស្នួលទ្រេត ខេត្តបន្ទាយមានជ័យ កំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារក្រៅស្រុក ដូចជា៖ នៅប្រទេសថៃ សិង្ហបុរី និងកូរ៉េខាងត្បូងជាដើម។ តែបើតាមលោក នាក់ ភា ដែលជាប្រធានសហគមន៍កសិកម្មមានជ័យស្នួលទ្រេត  ការផ្គត់ផ្គង់ស្លឹក និងគល់ស្លឹកគ្រៃនៅលើទីផ្សារបរទេសកន្លងមក គឺមែនមិនជាគោលដៅអាទិភាពរបស់សហគមន៍ឡើយ។ 


 
«តាមពិតទៅ យើងមានគោលបំណង​ផ្គត់ផ្គង់ស្លឹកគ្រៃសរីរាង្គយើង នៅលើទីផ្សារនៅក្នុងស្រុក ដែលជាអាទិភាពទីមួយ ហើយការនាំចេញទៅទីផ្សារបរទេស មិនមែនជាការងារអាទិភាពទីមួយរបស់យើងទេ​។​ យើងអាចមានសមត្ថភាពផ្គត់ផ្គង់គ្រប់តម្រូវការក្នុងស្រុក ជំនួសឱ្យការនាំចូលបាន ឱ្យតែមានការគាំពីអ្នកប្រើប្រាស់ក្នុងស្រុក។ អាចថាមួយថ្ងៃ៥០តោន ឬ១០០តោនអី ក៏យើងអាចផ្គត់ផ្គង់បានដែរ»។ លោក នាក់ ភា អះអាងដូច្នេះប្រាប់សារព័ត៌មានThmeyThmey ។


 
ដ្បិតថា សហគមន៍កសិកម្មមានជ័យស្នួលទ្រេត បច្ចុប្បន្នមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់គល់ស្លឹកគញរៃសរីរាង្គ ឱ្យទីផ្សារនៅក្នុងស្រុកក៏មិនមែន ប៉ុន្តែការប្រកួតប្រជែងតម្លៃជាមួយគល់ស្លឹកគ្រៃដែលនាំចូលពីប្រទេសវៀតណាម  នៅតែជាបញ្ហាចម្បងសម្រាប់សហគមន៍។  លោក នាក់ ភា បានលើកឡើងថា ៖ « ទីផ្សារបោះដុំគល់ស្លឹកគ្រៃក្នុងស្រុក ត្រូវបានគ្រប់គ្រងទាំងស្រុង ដោយគល់គ្រៃនាំចូល ហើយគល់ស្លឹកគ្រៃដែលនាំចូលពីបរទេសនោះ គឺមានតម្លៃទាបជាងរបស់យើងទៅទៀត»។ បើតាមប្រធានសហគមន៍កសិកម្មមានជ័យស្នួលទ្រេតរូបនេះ នៅក្នុងទីផ្សារបោះដុំ គល់ស្លឹកគ្រៃនាំចូលមានតម្លៃត្រឹម ១ ០០០រៀល ទៅ១ ២០០រៀល ក្នុងមួយគីឡូក្រាម ឬមានតម្លៃក្រោមនេះ ខណៈគល់ស្លឹកគ្រៃភ្លុកដំរី មានតម្លៃ ១ ៨០០រៀល ក្នុងមួយគីឡូក្រាម។ 


 
ទោះបី គល់ស្លឹកគ្រៃភ្លុកដំរី របស់​សហគមន៍កសិកម្មមានជ័យស្នួលទ្រេត មិនអាចប្រកួតប្រជែងតម្លៃបោះដុំ ជាមួយនឹងគល់ស្លឹកគ្រៃនាំចូលក៏ពិតមែន ប៉ុន្តែ លោក នាក់ ភា នៅបន្តឆន្ទៈក្នុងការផ្គត់ផ្គង់ទំនិញល្អ មានភាពគុណ និងប្រភពច្បាស់លាស់ ទៅឱ្យអ្នកប្រើប្រាស់ ឬអ្នកបរិភោគនៅក្នុងស្រុក។ បើតាមលោក នាក់ ភា សព្វថ្ងៃ សហគមន៍កំពុងរៀបចំកន្លែង ស្តុក ឬរក្សាទុកស្លឹកគ្រៃ ដើម្បីផ្គត់ផ្គង់ទីផ្សារ ឱ្យបាន២៥រាជធានី-ខេត្ត ជាពិសេសគឺផ្គត់ផ្គង់ច្រើននៅភ្នំពេញ ខេត្តសៀមរាប និងព្រះសីហនុ ដើម្បីចែកចាយដោយផ្ទាល់ដល់អ្នកប្រើប្រាស់ចុងក្រោយ។
 
«យើងមានផែនការលក់ស្លឹកគ្រៃ ជូនដល់អ្នកប្រើប្រាស់ចុងក្រោយនៅក្នុងស្រុកយើង ត្រឹមតម្លៃ២ ៥០០រៀលទេ ក្នុងមួយគីឡូក្រាម»។  លោក នាក់ ភា បានបញ្ជាក់ថា តម្លៃនេះ បើធៀបនឹងតម្លៃដែលអ្នកប្រើប្រាស់ទិញគល់ស្លឹកគ្រៃនាំចូល គឺទាបជាងពាក់កណ្តាល។ លោកបន្តនិយាយដូច្នេះ៖ «ទីផ្សារបោះដុំនៃគល់ស្លឹកគ្រៃនាំចូល មានតម្លៃគឺទាបជាងយើងក៏ពិតមែន តែសម្រាប់អ្នកប្រើប្រាស់ចុងក្រោយ នៅតែចំណាយខ្ពស់ដដែលក្នុងការទិញផលិតផលនេះ។  គល់ស្លឹកគ្រៃនាំចូល ដែលលក់រាយលើទីផ្សារទូទៅ មានតម្លៃយ៉ាងហោចណាស់ ៥ ០០០រៀល ក្នុងមួយគីឡូក្រាម ដោយសារឆ្លងកាត់ដំណាក់កាលនៃអាជីវករច្រើន​»។  


 
បច្ចុប្បន្ន សហគមន៍កសិកម្មមានជ័យស្នួលទ្រេត ក្រៅពីបើកចំហទីផ្សារ ជូនពលរដ្ឋក្នុងស្រុកហើយនោះ ក៏ត្រៀមធ្វើយុទ្ធនាការបន្ទាបការចំណាយ លើថ្លៃម្ហូបអាហានៃរសជាតិ ជូនដល់អ្នកប្រើប្រាស់ចុងក្រោយ ឱ្យបានពី៣០ ទៅ៥០ភាគរយដែរ។ យុទ្ធនាការនេះ គ្រោងអនុវត្តនៅអំឡុងខែធ្នូ ឆ្នាំ២០២១។ បើតាម លោក នាក់ ភា៕ 

Tag:
 កសិកម្ម
  គល់ស្លឹកគ្រៃ
  បន្ទាយមានជ័យ
  លោក នាក់ ភា
© រក្សាសិទ្ធិដោយ thmeythmey.com