អន្តរជាតិ
សមាជិកព្រឹទ្ធសភាអាមេរិកព្រមព្រៀងពង្រីកសិទ្ធិរបស់រដ្ឋាភិបាលដើម្បីខ្ចីប្រាក់
10, Oct 2021 , 11:29 pm        
រូបភាព
វិមានរដ្ឋសភាសហរដ្ឋអាមេរិកនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ពេលសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋព្រមព្រៀងគ្នាលើដំណោះស្រាយវិបត្តិបំណុល។ (REUTERS Joshua Roberts)
វិមានរដ្ឋសភាសហរដ្ឋអាមេរិកនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ពេលសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋព្រមព្រៀងគ្នាលើដំណោះស្រាយវិបត្តិបំណុល។ (REUTERS Joshua Roberts)
ដោយ: VOA
ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានបោះឆ្នោតសំឡេង៥០ទល់នឹង៤៨កាលពីយប់ថ្ងៃព្រហស្បតិ៍អនុម័តកិច្ចព្រមព្រៀងពង្រីកសិទ្ធិរបស់រដ្ឋាភិបាលដើម្បីខ្ចីប្រាក់រហូតដល់ដើមខែធ្នូដើម្បីបញ្ចៀសស្ថានភាពដំបូងបង្អស់ដែលប្រទេសអាមេរិកនេះមិនអាចសងបំណុលខ្លួន (គ្មានប្រាក់ចំណាយ)។

 
មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភាស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យលោក Chuck Schumer បានប្រកាសកិច្ចព្រមព្រៀងនេះនៅសម័យប្រជុំព្រឹទ្ធសភាបន្ទាប់ពីការចរចាជាមួយមេដឹកនាំខាងគណបក្សសាធារណរដ្ឋនៅព្រឹទ្ធសភាស.រ.អា.លោក Mitch McConnell។ លោកបានសើ្នទៅពួកគណបក្សប្រជាធិបតេយ្យកាលពីថ្ងៃពុធឱ្យពង្រីកប្រាក់កម្ចីចំនួន៤៨០ពាន់លានដុល្លារពីលើបំណុលសរុបរយៈពេលយូរបច្ចុប្បន្នចំនួន២៨,៤លានលានដុល្លារសម្រាប់ការចំណាយរបស់រដ្ឋាភិបាលរហូតដល់ខែធ្នូ ដោយនៅពេលនោះបញ្ហានេះនឹងត្រូវដោះស្រាយម្តងទៀត។
 
បន្ទាប់ពីការបោះឆ្នោត លោក Schumer បានមានប្រសាសន៍ថា «ពួកគណបក្សសាធារណរដ្ឋបានលេងល្បែងគ្រោះថ្នាក់ និងប្រថុយប្រថាន ហើយខ្ញុំរីករាយដែលផែនការរបស់ពួកគេមិនបានសម្រេច»។ 
 
សេចក្តីព្រាងច្បាប់ឥឡូវនេះត្រូវបញ្ជូនទៅរដ្ឋសភា។ បន្ទាប់ពីមានការអនុម័តនៅទីនោះ វានឹងត្រូវបញ្ជូនទៅលោកប្រធានាធិបតីដើម្បីចុះហត្ថលេខា។
 
ប្រាក់ខែចូលនិវត្តិន៍របស់ពលរដ្ឋអាមេរិកាំងចាស់ៗ ប្រាក់ចំណាយសម្រាប់បុគ្គលិករដ្ឋាភិបាល និងអ្នកធ្វើការតាមកិច្ចសន្យាឲ្យរដ្ឋាភិបាលអាចត្រូវពន្យារពេល។  ក៏ប៉ុន្តែការភ័យខ្លាចធំបំផុតគឺគ្មានលុយនាំឱ្យប៉ះពាល់សេដ្ឋកិច្ចសហរដ្ឋអាមេរិក ដែលជាសេដ្ឋកិច្ចធំជាងគេបំផុតនៅក្នុងពិភពលោក ហើយនឹងធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចសាកលលោក។
 
លោក Bernie Sanders សមាជិកព្រឹទ្ធសភាឯករាជ្យ ដែលបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ បានទទួលស្វាគមន៍ចំណាត់ការរបស់លោក McConnell កាលពីថ្ងៃពុធដើម្បីសម្រួលការជាប់គាំងនៃបំណុលអតិបរមា។ 
 
លោក McConnell បាននិយាយថា គណបក្សប្រជាធិបតេយ្យដែលគ្រប់គ្រងព្រឹទ្ធសភាគួរតែប្រើការផ្សះផ្សាដោះស្រាយដែនកំហិតបំណុល៕
 

© រក្សាសិទ្ធិដោយ thmeythmey.com